Wednesday, 27 December 2017
ប្រទេសជប៉ុនព្រួយបារម្ភអំពីការរម្លាយបក្សប្រឆាំងនិងស្ថានភាពនយោបាយកម្ពុជា
ដោយ មួង ណារ៉េត
2017-12-26
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ២៨លាន ៨សែនដុល្លារអាមេរិក ដើម្បីសាងសង់អគារវិទ្យាស្ថានគរុកោសល្យថ្មី២កន្លែង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
Photo courtesy of MFA.IC
ប្រទេសជប៉ុនសម្ដែងការព្រួយបារម្ភ អំពីការរម្លាយបក្សប្រឆាំង និងស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា។ តាមរយៈបទសម្ភាសន៍មួយ ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា (Horinouchi Hidehisa) បញ្ជាក់ថា ប្រទេសជប៉ុន ព្រួយបារម្ភដោយសារគណបក្សសង្គ្រោះជាតិ ដែលបានរម្លាយនោះ ជាគណបក្សប្រឆាំងមួយ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីពលរដ្ឋខ្មែរម្ចាស់ឆ្នោត កាលពីបោះឆ្នោតនាពេលកន្លងមក។ លោកឯកអគ្គរាជទូតជប៉ុនរូបនេះ បន្តថា រដ្ឋាភិបាលជប៉ុន បានសម្ដែងការព្រួយបារម្ភនេះ ដោយផ្ទាល់តាមរយៈជំនួបរវាងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីខែតុលា កន្លងទៅ។ រដ្ឋាភិបាលជប៉ុនជំរុញឲ្យអ្នកនយោបាយខ្មែរ ប្រឹងប្រែងរកដំណោះស្រាយ ក្នុងរង្វង់ខ្មែរគ្នាឯង និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបង្កបរិយាកាស ឲ្យការបោះឆ្នោតជាតិខាងមុខ មានភាពសមស្របមួយ ដើម្បីអាចឲ្យពលរដ្ឋខ្មែរ អាចបញ្ចេញឆន្ទៈពិតប្រាកដរបស់ពួកគាត់បាន។
លោកឯកអគ្គរាជទូតជប៉ុន ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា សង្កត់ធ្ងន់ថា ដើម្បីឲ្យការបោះឆ្នោតមួយ ប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺទាល់តែមានការបើកទូលាយ ឲ្យមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ រួមមានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ រដ្ឋាភិបាលជប៉ុន នឹងនៅតែបន្តតាមដាន ស្ថានការណ៍នយោបាយនេះយ៉ាងយកចិត្តទុកដាក់ និងបន្តផ្ដល់ការលើកទឹកចិត្តដល់ភាគីដែលពាក់ព័ន្ធ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅឡើយទេនៅថ្ងៃនេះ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។
ប្រទេសជប៉ុន ជាប្រទេសផ្ដល់ជំនួយ ដ៏ធំមួយដល់កម្ពុជា។ ជំនួយផ្នែកអភិវឌ្ឍរបស់ប្រទេសជប៉ុន រួមមានផ្នែកទឹកស្អាត សុខភាពមាតានិងទារក វិស័យអប់រំ ដឹកជញ្ជូន កសិកម្ម ការបោសសម្អាតគ្រាប់មីន ការពង្រឹងផ្នែកការវិនិយោគ ការពង្រឹងផ្នែកប្រព័ន្ធច្បាប់ ការកែទម្រង់ផ្នែកបោះឆ្នោត អភិវឌ្ឍធនធានមនុស្ស និងសាលាក្ដីខ្មែរក្រហម។
សហគមន៍អន្តរជាតិ ដែលជាប្រទេសចូលរួមយ៉ាងច្រើន ដល់ការអភិវឌ្ឍនៅកម្ពុជា សុទ្ធតែបានសម្ដែងការព្រួយបារម្ភ អំពីស្ថានការណ៍ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងដំណើរប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប សុទ្ធតែបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនព្រមស្តារស្ថានការណ៍បច្ចុប្បន្ន ឲ្យមានភាពល្អប្រសើរឡើងវិញនោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment