Wednesday, 27 December 2017
អ្នកវិភាគថាបើរដ្ឋាភិបាលអនុវត្តច្បាប់មានស្តង់ដារមួយគឺអាចប្ដឹងរំលាយបក្សហ៊្វុនស៊ិនប៉ិច
ដោយ មាន ឫទ្ធិ
2017-12-26
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលក្នុងពិធីសំណេះសំណាលជាមួយសកម្មជន និងបូកសរុបការងារឆ្នាំ២០១៥ នារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៦។
RFA/Brach Chev
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល មើលឃើញថា សំណើរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានស្នើសុំឲ្យរដ្ឋាភិបាលចិន ផ្ដល់ជំនួយដល់គណបក្សហ៊្វុនស៊ិនប៉ិច មិនបានធ្វើឲ្យគណបក្សរាជានិយមមួយនេះ ចំណេញប្រជាប្រិយភាពនោះទេ។ ផ្ទុយទៅវិញ ពួកគាត់យល់ថា ការសុំជំនួយពីប្រទេសចិន នឹងធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រឈមនឹងការអនុវត្តផ្លូវច្បាប់ ដែលសំណើនេះ បានប្រឆាំងទៅនឹងច្បាប់គណបក្សនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដួចផ្ដើមគំនិតបង្កើតឡើង។
លោកបណ្ឌិត មាស នី វិភាគថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ឲ្យមានស្តង់ដារតែមួយ គឺក្រសួងមហាផ្ទៃមិនចាំបាច់ស៊ើបអង្កេតនោះទេ គឺអាចដាក់ពាក្យប្ដឹងទៅតុលាការកំពូលបាន ក្នុងករណីគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជំនួយពីប្រទេសចិន។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺទ្រង់ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២៥ ធ្នូ បានដាក់សំណើទៅកាន់ លោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋប្រជាមានិតចិនឲ្យជួយដល់គណបក្សហ៊្វុនស៊ិនប៉ិច ដោយសារតែទ្រង់អះអាងថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សធំទី២ ហើយជាគណបក្សក្រគ្មានអ្វីសោះ។ សម្ដេចក្រុមព្រះអះអាងថា ភាគីចិនបានសន្យាយកសំណើសុំរបស់ព្រះអង្គ ទៅរាយការណ៍ជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ សម្ដេចក្រុមព្រះឲ្យដឹងថា ចិនបានជួយគណបក្សហ៊្វុនស៊ិនប៉ិចយូរហើយ និងបន្តជួយជាបន្តទៀត៖ «»។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រឆាំងដាច់ខាត ចំពោះគណបក្សណា ដែលទទួលជំនួយ ឬហិរញ្ញវត្ថុពីបរទេស។ លោក ហ៊ុន សែន ហៅការទទួលយកជំនួយទាំងនោះ ជាការលក់ក្បាលបម្រើឲ្យបរទេស។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រី បានបង្កើតច្បាប់ដើម្បីប្រឆាំងការទទួលជំនួយពីបរទេស សម្រាប់គ្រប់គណបក្សនយោបាយ។ ច្បាប់នោះហើយ ដែលបានបើកផ្លូវឲ្យទ្រង់ នរោត្តម រណឫទ្ធិ ឆ្លៀតបានឱកាសប្រមូលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទាំងនៅរដ្ឋសភា និងនៅថ្នាក់ក្រោមជាតិ។
លោកបណ្ឌិត មាស នី បានប្រៀបធៀបវិធានការលើសម្ដេចក្រុមព្រះប្រកាសសុំជំនួយពីចិន និងបទចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលរដ្ឋាភិបាលចោទថា ទទួលយកជំនួយពីសហរដ្ឋអាមេរិកថា អាចជាអនុវត្តច្បាប់មានស្តង់ដារពីរ។ លោកបណ្ឌិត មាស នី ចង់ដឹងថា ហេតុអ្វីបានគណបក្សហ៊្វុនស៊ិនប៉ិច អាចទទួលជំនួយពីចិនបាន។
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ មាត្រា ២៩ថ្មី បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះជារូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្កការ ដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើសច្បាប់ មាត្រា ៣៨ថ្មី ចែងអំពីទោសទណ្ឌថា ក្រសួងមហាផ្ទៃអាចព្រមាន មានវិធានការ ផ្អាកសកម្មភាពគណបក្សនយោបាយបណ្ដោះអាសន្ន ឬករណីធ្ងន់ធ្ងរអាចប្ដឹងសុំរំលាយគណបក្សនយោបាយ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ ធ្នូ បានចុះផ្សាយថា សម្ដេច ក្រុមព្រះថា ចិននៅតែបន្តផ្ដល់ជំនួយដល់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចជាបន្តបន្ទាប់ទៀត។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថា បើករណីដែលសម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្សបានចេញព្រះភ័ក្ត្រប្រកាសរួចហើយ ក្រសួងគួរតែបានដឹងហើយ ចំណែកវិធានការយ៉ាងណានោះ លោកមិនអាចសន្និដ្ឋានបានទេ ដោយរង់ចាំមើលចំណាត់ការផ្នែកច្បាប់របស់ក្រសួងមហាផ្ទៃ៖ «»។
ចំពោះលោកបណ្ឌិត មាស នី វិញ មើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងគ្មានរឿងអ្វីកើតឡើងឡើយ ប្រសិនបើរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យមានស្តង់ដារពីរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment