Thursday, 21 December 2017
លោក ហ៊ុន សែន សន្យាលែងជ្រលក់មាត់រឿងបក្សប្រឆាំងនិងអះអាងថាការបោះឆ្នោតនឹងសេរីត្រឹមត្រូវ
ដោយ មួង ណារ៉េត
2017-12-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page
លោក ហ៊ុន សែន ប្រកាសដាច់ណាត់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ នឹងនៅតែអាចទៅមុខដូចការគ្រោងទុក បើទោះជាបក្សប្រឆាំងមិនចូលរួមការបោះឆ្នោតក្ដី។ គណបក្សប្រឆាំងយល់ឃើញថា ការបោះឆ្នោតដែលសហគមន៍អន្តរជាតិ អាចទទួលយកបាន លុះត្រាមានការចូលរួមយ៉ាងពេញលេញពីគណបក្សប្រឆាំង។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហាក់មិនប្រាកដនៅឡើយទេ អំពីជំហរដែលត្រូវបោះបង់សិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អាណត្តិទី៦ ខាងមុខនេះ។
ការថ្លែងដូចនេះរបស់លោក សុន ឆ័យ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន ប្រតិកម្មជាថ្មីទៀតរឿងតួនាទីគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតដ៏សំខាន់ខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះឲ្យដឹងថា ការសម្រេចថាត្រូវបន្តដំណើរទៅមុខ ឬផ្អាកសិនត្រូវរង់ចាំមើលភ្លើងខៀវពីមន្ត្រីគណបក្សមួយចំនួនដែលកំពុងស្វះស្វែងរកការគាំទ្រពីអន្តរជាតិ។ បើទោះជាយ៉ាងនេះក្តី លោក សុន ឆ័យ បញ្ជាក់ថា ជាចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ តួនាទីបក្សប្រឆាំងគឺជាធាតុផ្សំដែលមិនអាចខ្វះបានឡើយ។ លើសពីនេះទៅទៀត លោកមានជំនឿថា បើមានការផ្សះផ្សាវិបត្តិនយោបាយឲ្យបានឆាប់ នោះកម្ពុជា នឹងមិនត្រូវប្រឈមនូវភាពកាន់តែអាម៉ាស់បែបនេះនៅលើឆាកអន្តរជាតិតទៅទៀតនោះដែរ៖ «ខ្ញុំមិនដឹងថា គួរធ្វើយ៉ាងម៉េចទេ។ សមាជិកថ្នាក់ដឹកនាំនៅខាងក្រៅមានតួនាទីក្នុងការសម្រេចចិត្តថាគួរធ្វើយ៉ាងណា។ ការបោះឆ្នោតគ្មានវត្តមានគណបក្សសង្គ្រោះជាតិ នឹងគ្មានន័យអ្វីនោះទេ»។
បើទោះជាយ៉ាងក៏ដោយ លោក ហ៊ុន សែន នៅតែប្រកាន់ជំហរដាច់ណាត់ថា វត្តមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ឬមិនចូលរួមនោះ វាលែងមានន័យខ្លឹមសារអ្វីទៀតហើយ។ លើកណាក៏ដូចលើកណាដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអះអាងថា អត់គណបក្សសង្គ្រោះជាតិ មួយនៅមានបក្សនយោបាយច្រើនណាស់ដែលបង្ហាញថា កម្ពុជា ក្រោមការដឹកនាំរបស់លោក គឺនៅតែគោរពបានតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដដែល។
លោក ហ៊ុន សែន ដែលរងការរិះគន់ថា ជាមេដឹកនាំក្រាញអំណាច និងជាមេដឹកនាំដែលកាន់តំណែងយូរជាងគេនៅក្នុងតំបន់អាស៊ីនេះ អួតអាងថា លោកមិនខ្វល់ពីជីវិតនយោបាយបក្សប្រឆាំងតទៅទៀតឡើយ ទោះចូលរួម ឬមិនចូលរួមក៏ដោយ៖ «អស់លោកអ្នកកុំទាញគេឲ្យទទួលកំហុសជាមួយ។ កុំ! មិនចាំបាច់ជ្រលក់មាត់ទេ។ ឯងមិនបង្កើតបក្សថ្មីទេ មុខដូចម៉ែអញ! យើងមិនបានដេញអ្នកឯងទេ អ្នកឯងចេញទៅក្រៅស្រុកខ្លួនឯងតើ!»។
ស្របពេលដែលលោករម្លាយគណបក្សសង្គ្រោះជាតិ បានសម្រេច ហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨រូប មិនឲ្យចូលរួមក្នុងជីវភាពនយោបាយ ធ្វើទុក្ខបុកម្នេញមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងគ្រប់រូបភាព រហូតមានមន្ត្រីជាច្រើនមិនហ៊ាននៅស្រុក ដោយសារបញ្ហាសុវត្ថិភាព និងការយាយីនេះ លោក ហ៊ុន សែន សម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅនឹងគណបក្សសង្គ្រោះជាតិ ដែលមិនព្រមយល់ពីបំណងល្អរបស់លោកក្នុងការផ្ដល់យោបល់ឲ្យបង្កើតបក្សថ្មី៖ «ជួនកាលយើងមានបំណងល្អ តែគេបែរជាយល់ថា យើងបង្ខំឲ្យធ្វើតាម។ មិនបាច់ធ្វើតាម ហ៊ុន សែន ទេ មិនបាច់ធ្វើទេ ទៅងាប់ឯណាងាប់ចុះ! និយាយស្រួលអានេះថាយើងទន់»។
មិនតែប៉ុណ្ណោះ លើកនេះក៏ដូចលើកមុនៗទៀតដែរ បើទោះបីជាសព្វថ្ងៃគឺមានតែគណបក្សកាន់អំណាចរបស់លោកតែមួយគត់ដែលមានសិទ្ធិឃោសនារកសំឡេងឆ្នោត និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងរបស់រដ្ឋ និងឯកជនយ៉ាងសម្បូរបែប លោកមិនភ្លេចឆ្លៀតឱកាសនេះ ឃោសនារកសំឡេងឆ្នោតខុសរដូវកាល និងបន្តអំពាវនាវឲ្យកម្មករ-កម្មការិនីរោងចក្រ បោះឆ្នោតឲ្យគាត់ដើម្បីអាចបន្តកាន់អំណាចបានយូរបន្ថែមជាងមួយទសវត្សទៅមុខទៀត៖ «ពូសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនិងក្រុមគ្រួសារ ព្រមទាំងជីដូនជីតា និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តទៅទៀត។ ពូបានប្រកាសរួចហើយ នឹងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ឆ្នាំទៅមុខទៀត»។
ក្នុងពេលដែលប្រធានគណបក្សប្រជាជនកម្ពុជា អះអាងពីឥទ្ធិពល និងភាពស្របច្បាប់នៃដំណើរការបោះឆ្នោតថា នឹងនៅតែល្អប្រសើរដូចមុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកវិញបានប្រើប្រាស់ទណ្ឌកម្មរបស់ខ្លួនជាបណ្ដើរៗហើយដែរ។
សហភាពអឺរ៉ុបសម្រេចព្យួរជំនួយ និងផ្នែកបច្ចេកទេសលើការបោះឆ្នោត។ ការព្រមានទាំងនេះស្របពេលសម្ពាធពីអន្តរជាតិ កំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងលោក ហ៊ុន សែន ប្រសិនបើមិនដោះលែងលោក កឹម សុខា និងរៀបចំឲ្យបានល្អប្រសើរនូវដំណើរការប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាទេ។ អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ឃើញថា កម្ពុជាអាចនឹងត្រូវបាត់បង់កិត្យានុភាពនៅឆាកអន្តរជាតិ និងក្លាយជារដ្ឋដែលឯកោ ប្រសិនបើនៅតែបន្តមានៈដូចនៅពេលនេះទៀត៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Chrounh Hun Sen Chit Dol Peul Ngorp Tai Horng Heuy !!
Post a Comment