Thursday, 21 December 2017

សង្គម​ស៊ីវិល​ស្នើ​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​​ឈប់​បង្កើន​កម្ដៅ​នយោបាយ


ដោយ តាំង សារ៉ាដា
2017-12-19 

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៥។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៥។

Photo: RFA



អង្គការ​ឃ្លាំមើល​ការងារ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ចាត់​ទុក​ការ​ប្ដឹង​មក​លើ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​គ្មាន​មូលដ្ឋាន​ច្បាប់ និង​កាន់​តែ​ធ្វើ​អោយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។



ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស សង់ត្រាល់ (Central) លោក មឿន តុលា មាន​ប្រសាសន៍​ថា សហជីព​ទាំង​ឡាយ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គួរ​នាំ​គ្នា​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​វិញ ជា​ជាង​ការ​បង្កើន​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់​ការ​លើ​ក្រុម​អ្នក​រិះគន់​នោះ។

​លោក​បន្ត​ថា ប្រសិនបើ​តុលាការ​ចាត់​ការ​ទៅ​លើ​លោក ជា មុនី ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នេះ​មែន នោះ​កម្ពុជា កាន់​តែ​បន្ថែម​បន្ទុក​របស់​ខ្លួន​ទៀត​អំពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ៖ «»។

​ការ​អះអាង​របស់​លោក មឿន តុលា ធ្វើ​ឡើង​ក្រោយ​ពី​មាន​សហជីព​ចំនួន ១២០ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​ប្ដឹង​លោក ជា មុនី អតីត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ពី​បទ​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា។ ក្រុម​សហជីព​ទាំង​នេះ​បាន​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី ទៅ​តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក មឿន តុលា អះអាង​ថា លោក ជា មុនី គ្មាន​ឥទ្ធិពល​ណា​ដែល​អាច​ឲ្យ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា នោះ​ទេ។ លោក​អះអាង​ថា ប្រសិនបើ​ក្រុម​ប្រទេស​លោក​សេរី​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀក​បំពាក់​របស់​កម្ពុជា មិន​អោយ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​មែន គឺ​ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ប៉ុណ្ណោះ៖ «»។

ក្រុម​សហជីព​ខ្លះ​ធ្លាប់​ព្រមាន​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា មែន អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​នោះ គឺ​កម្មករ​ជាង ១​លាន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រហែល​ជាង ២​លាន​នាក់​ផ្សេង​ទៀត។ បញ្ហា​ទាំង​នេះ​នឹង​នាំ​អោយ​កម្ពុជា មាន​ហានិភ័យ​ស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ។

​លោក ជា មុនី គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ដោយសារ​បុព្វហេតុ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍ និង​សិទ្ធិ​របស់​កម្មករ។

​លោក ជា មុនី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៃ​កម្ពុជា អះអាង​ថា ការ​ប្តឹង​របស់​សហជីព​ទាំង​នេះ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ ហើយ​ថា លោក​គ្មាន​ឥទ្ធិពល​អ្វី​ដែល​ធ្វើ​អោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ធ្វើ​តាម​លោក​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​កម្ពុជា នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​គ្មាន​អ្វី​ដែល​នឹង​ត្រូវ​ខ្លាច​ការ​ប្តឹង​នេះ​ទេ ដោយសារ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស។

​ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ក្រុម​សហជីព​ទាំង ១២០​រូប​នោះ​គួរ​នាំ​គ្នា​ប្ដឹង​លោក ហ៊ុន សែន ពីព្រោះ​លោក ហ៊ុន សែន តែង​ឌឺដង និង​ជំរុញ​អោយ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា​នោះ ហើយ​លោក​ក៏​ធ្លាប់​អះអាង​ទៀត​ថា លោក​មិន​ខ្លាច​ទណ្ឌកម្ម​ណា​មួយ​មក​លើ​រដ្ឋាភិបាល​របស់​លោក​នោះ​ឡើយ៖ «»។

​កាល​ពី​ឆ្នាំ​២០០៣ លោក ហ៊ុន សែន ក៏​ធ្លាប់​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បញ្ឆេះ​ឲ្យ​មាន​កំហឹង​មហាជន​ដុត​កម្ទេច​ស្ថានទូត​ថៃ ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​លោក​បាន​ខឹង​នឹង​តារា​ភាពយន្ត​ថៃ ម្នាក់​បាន​និយាយ​ថា ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ។

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិនបើ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង នោះ​ក៏​នឹង​មាន​បាតុកម្ម​តបត​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែរ។

​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បាតុកម្ម​មួយ​បាន​ផ្ទុះ​ឡើង​ដូច​ពាក្យ​លោក​និយាយ​មែន ហើយ​បាន​បណ្ដាល​ឲ្យ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ពី​ក្រុម​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន៕

No comments: