Monday, 18 December 2017
មន្ត្រីបក្សប្រឆាំងនៅខេត្តមួយចំនួនមិនគាំទ្រការបង្កើតបក្សថ្មីដើម្បីប្រកួតបោះឆ្នោតឆ្នាំ២០១៨
ដោយ សេក បណ្ឌិត
2017-12-17
rfa
ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សជួបប្រជុំគ្នា ពង្រឹងគណបក្សនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
Photo Provided
មន្ត្រីគណបក្សសង្រ្គោះជាតិនៅតាមខេត្តមួយចំនួន លើកឡើងស្រដៀងគ្នាថា គ្មានទេការបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ហើយពួកគេក៏មិនគាំទ្រឲ្យបង្កើតបក្សថ្មីដែរ។ ការលើកឡើងនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅក្នុងគេហទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន ដោយផ្ដល់ជាយោបល់ឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតខាងមុខ។
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅតាមបណ្ដាខេត្តមួយចំនួនលើកឡើងថា ការផ្ដល់យោបល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឲ្យមន្ត្រីគណបក្សប្រឆាំងមួយនេះ បង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតខាងមុខ គឺមិនមែនជាការផ្សះផ្សាជាតិទេ ប៉ុន្តែធ្វើឱ្យសង្គមជាតិរឹតតែបែកបាក់ថែមទៀត។
ប្រធានគណបក្សសង្រ្គោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល ឲ្យដឹងនៅថ្ងៃទី១៧ ធ្នូ ថា លោកមិនគាំទ្រឡើយ ចំពោះការផ្ដល់យោបល់ឲ្យបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ព្រោះលោកយល់ថា បើបង្កើតឡើង គឺគង់តែលោក ហ៊ុន សែន រំលាយចោលវិញដដែល។ បន្ថែមពីនេះ លោកមិនគាំទ្រទាល់តែសោះចំពោះគោលនយោបាយដែល លោក ហ៊ុន សែន គូសវាសឲ្យដើរ ពីព្រោះមិនអាចឲ្យខ្មែររួបរួមគ្នាដោះស្រាយបញ្ហាជាតិ បញ្ហាទឹកដីបាននោះទេ៖ «ប៉ុន្តែគាត់មិនក្រឡេកមើល ខ្មែរយ៉ាងម៉េចហើយ។ រាល់ថ្ងៃគាត់ឈ្លោះបានតែខ្មែរគ្នាឯងទេ គាត់ធ្វើបាបបានតែខ្មែរទេ ខ្មែរស្នេហាជាតិ ហើយបើខ្មែរអោបករ ខ្មែររណបគាត់គឺគាត់ឱ្យសុខហើយ»។
នៅលើគេហទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៧ ធ្នូ បានលើកឡើងថា ដោយសារមានការខ្សឹបខ្សៀវ និងប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្ដាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ គឺគណបក្សសង្រ្គោះជាតិដោយសាលដីកាតុលាការកំពូល គឺចប់ជាស្ថាពរហើយ។ លោកបញ្ជាក់ថាឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ ប៉ុន្តែលោកសូមអោយយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំអោយខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា អ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងជាការពិត ពីព្រោះគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយហើយគឺជាការអនុវត្តទៅតាមគោលការណ៍ច្បាប់ ដូច្នេះមិនអាចរស់ឡើងវិញបានទេ។ លោកបន្តថាបើទោះបីជា មន្ត្រីគណបក្សប្រឆាំងខិតខំរកកិច្ចអន្តរាគមន៍ពីខាងណាមកក៏ដោយ ក៏មិនអាចត្រឡប់ក្រោយបានដែរ ពីព្រោះជាសាលដីកាសម្រេច និងបិទផ្លូវតវ៉ា៖ «អីចឹងខ្ញុំយល់ថា អាស្រ័យលើឆន្ទៈរបស់បងប្អូនទេ។ បងប្អូនចង់បង្កើតគណបក្សច្បាប់គេស្វាគមន៍តើ ព្រោះសិទ្ធិពលរដ្ឋយើងមាន។អីចឹងទេ យើងបង្កើតគណបក្សនយោបាយសិទ្ធិធំៗយើងមាន។ បើថាមិនបង្កើតទេរង់ចាំឲ្យគណបក្សប្រឆាំងដែលត្រូវបានរំលាយហើយរស់ឡើងវិញ ក៏រង់ចាំទៅ»។
ទោះបីយ៉ាងនេះក្ដី ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម លោក សាន សឿង អះអាងថា គណបក្សប្រឆាំងមួយនេះ ជាគណបក្សដែលបង្កើតឡើងស្របច្បាប់ជាតិ និងអន្តរជាតិ ហើយមានប្រជាពលរដ្ឋកន្លះនគរ បានបោះឆ្នោតជូន ប៉ុន្តែអ្នកដែលរំលាយគណបក្សសង្គ្រោះជាតិវិញទេ ដែលធ្វើឡើងដោយបំពានច្បាប់ និងរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតរាប់លាននាក់។ លោកមិនទាមទារឲ្យបង្កើតគណបក្សថ្មីទៀតទេ ប៉ុន្តែលោកទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ៖ «គាត់មិនចាំបាច់រំលាយគណបក្ស ហើយទៅប្រកាសឱ្យគេបង្កើតគណបក្សថ្មី ដែលធ្វើដូចជាគាត់ហ្នឹងចង់ផ្សះផ្សារួបរួមជាតិ។ ខ្ញុំជឿថា អ្វីដែលគាត់និយាយហ្នឹងគឺសម្រាប់តែខ្លួនគាត់ទេ សម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសហ្នឹងគេស្គាល់ហើយពីចរិតនយោបាយរបស់គាត់»។
ស្រដៀងគ្នានេះដែរ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងគណបក្សសង្រ្គោះជាតិ លោក ឌឹម សារឿន មិនចង់ឲ្យបង្កើតគណបក្សថ្មីតាមការចង្អុលបង្ហាញរបស់លោក ហ៊ុន សែន ទេ គឺចង់ឲ្យរក្សាគណបក្សសង្រ្គោះជាតិនៅដដែល និងមិនចង់ឲ្យគណបក្សនេះបែកបាក់គ្នាឡើយ ទោះបីក្នុងកាលទេសៈណាក៏ដោយ៖ «ពីព្រោះប្រជាពលរដ្ឋខ្មែរគាត់ស្គាល់សង្គ្រោះជាតិជាង ព្រោះគណបក្សពីរចូលរួមគ្នាក្លាយជាសង្រ្គោះជាតិ។ កាលណាក្លាយជាគណបក្សសង្រ្គោះជាតិយើងឈ្នះ លើគណបក្សរដ្ឋាភិបាលលោកហ៊ុន សែន»។
អ្នកវិភាគនយោបាយជើងចាស់លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ជាការឆ្លើយតបទៅនឹងសម្ពាធនយោបាយពីសំណាក់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ប្រជាពលរដ្ឋ ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីស្នើឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងលុបចោលសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សមួយនេះ។ បន្ថែមពីនេះ លុបចោលបម្រាមមិនឱ្យមន្ត្រីគណបក្សប្រឆាំងធ្វើនយោបាយ និងវិលមករកគន្លងប្រជាធិបតេយ្យវិញ ដោយត្រូវរៀបចំការបោះឆ្នោតមួយត្រឹមត្រូវយុត្តិធម៌ ពិសេសមានការចូលរួមពីគណបក្សសង្រ្គោះជាតិ។ លោកថា ការបញ្ចេញសារនយោបាយនេះ ជាតម្រុយវិជ្ជមានមួយ៖ «នេះ ជាតម្រុយមួយល្អខ្លះ ដោយសារប្រហែលជាគាត់មានតម្រុយ ថាគាត់ឆ្លើយតបទៅនឹងសម្ពាធ ហើយសម្របសម្រួលទៅតាមសម្ពាធរបស់ប្រទេសហ្នឹង»។
អ្នកវិភាគដដែល មើលឃើញថា ប្រសិនបើមន្ត្រីគណបក្សសង្រ្គោះជាតិប្រកាន់ជំហរមិនបង្កើតគណបក្សថ្មី និងចង់បានគណបក្សចាស់របស់ខ្លួនមកវិញ គឺមិនមានអ្វីខុសច្បាប់ទេ ប្រសិនបើរាជរដ្ឋាភិបាលអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ។ លោកផ្ដល់អនុសាសន៍ថា ដើម្បីស្ដារស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា អ្នកនយោបាយ ពិសេសប្រមុខរដ្ឋាភិបាលត្រូវវិលត្រឡប់មកគន្លងដើមវិញ ពីព្រោះច្បាប់ទាំងប៉ុន្មានដែលបង្កើត ហើយយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំងគឺ អធម្មនុញ្ញភាព អសីលធម៌ និងអយុត្តិធម៌៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment