Monday, 18 December 2017
បក្សប្រឆាំងស្នើអ្នកគាំទ្រខ្លួននៅក្រៅប្រទេសបន្តតស៊ូសង្គ្រោះប្រទេសឲ្យផុតពីរបបផ្ដាច់ការ
ដោយ មាន ឫទ្ធិ
2017-12-17
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
គណបក្សសង្គ្រោះជាតិ ថា ការយកចិត្តទុកដាក់ខ្លាំងរបស់សហគមន៍អន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺដោយសារតែការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សនៅឯនាយសមុទ្រ ខណៈដែលពលរដ្ឋ និងសកម្មជនបក្សប្រឆាំង នៅក្នុងប្រទេស ត្រូវបានរបបលោក ហ៊ុន សែន បំបិទសិទ្ធិ សេរីភាព ក្នុងការតស៊ូមតិ និងទទួលរងនូវការគំរាមកំហែងតាមគ្រប់រូបភាព ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់។
គណបក្សនេះ ស្នើឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសទាំងអស់ បន្តធ្វើយុទ្ធនាការតស៊ូ ដើម្បីបុព្វហេតុសង្គ្រោះជាតិ ឲ្យរួចផុតពីគ្រោះមហន្តរាយនៃរបបផ្ដាច់ការរបស់លោក ហ៊ុន សែន។
ក្នុងសារលិខិតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ផ្ញើជូនក្រុមដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ ចេញផ្សាយកាលពីថ្ងៃទី១៧ ធ្នូ គណបក្សសង្គ្រោះជាតិ បានសម្ដែងការកោតសរសើរ ដល់ក្រុមដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់ខ្លួននៅឯនាយសមុទ្រទាំងអស់ ដែលបានខិតខំប្រឹងប្រែងតស៊ូ យ៉ាងស្វិតស្វាញ លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកានាពេលកន្លងមក។ គណបក្សនេះថា ការតស៊ូមតិតាមរូបភាពផ្សេងៗដោយអហិង្សានេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលសេចក្ដីសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ និងធ្វើការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ដើម្បីឲ្យប្រទេសកម្ពុជា ងាកមកដើរតាមគន្លងប្រជាធិបតេយ្យ ដោយគោរពគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការគោរពសិទ្ធិមនុស្សឡើងវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment