Sunday, 31 December 2017
សែស្រឡាយរាជវង្សមួយអង្គគ្រោងប្ដឹងរំលាយគណបក្សហ៊្វុនស៊ិនប៉ិច
ដោយ វ៉ែន សុមេធ
2017-12-31
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលក្នុងពិធីសំណេះសំណាលជាមួយសកម្មជន និងបូកសរុបការងារឆ្នាំ២០១៥ នារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៦។
RFA/Brach Chev
សែស្រឡាយព្រះរាជវង្សមួយព្រះអង្គ គឺទ្រង់ ស៊ីសុវត្ថិ ចក្រីនុពល បានប្រកាសដឹកនាំមហាជនធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំក្រុងភ្នំពេញ ដើម្បីប្រឆាំងប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្រសិនបើចិនពិតជាបានឧបត្ថម្ភជំនួយតាមសំណើរបស់ទ្រង់ នរោត្តម រណឫទ្ធិ ពិតមែន។ ការប្រកាសនេះ ក្រោយពេលដែលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសសុំជំនួយពីចិន និងអះអាងថា ចិនតែងតែបានផ្ដល់ជំនួយជានិច្ចដល់គណបក្សហ៊្វុនស៊ិនប៉ិច។
ក្រៅពីព្រមានចេញព្រះភ័ក្ត្រដឹកនាំមហាជនធ្វើបាតុកម្ម ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ក៏បានសរសេរបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ព្រះអង្គថា ទ្រង់នឹងប្ដឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សហ៊្វុនស៊ិនប៉ិច ដូចដែលគណបក្សនេះ ធ្លាប់បានប្ដឹងរំលាយគណបក្សសង្គ្រោះជាតិកន្លងមកនោះដែរ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺទ្រង់ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២៥ ធ្នូ បានដាក់សំណើទៅកាន់ លោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋប្រជាមានិតចិនឲ្យជួយដល់គណបក្សហ៊្វុនស៊ិនប៉ិច ដោយសារតែទ្រង់អះអាងថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សធំទី២ ហើយជាគណបក្សក្រគ្មានអ្វីសោះ។ ទ្រង់អះអាងទៀតថា ភាគីចិនបានសន្យាយកសំណើរបស់ព្រះអង្គ ទៅរាយការណ៍ជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
បើទោះជាទ្រង់ រណឫទ្ធិ បានប្រកាសនៅក្នុងសន្និសីទកាសែតថា ចិនបានជួយគណបក្ស ហ៊្វុនស៊ិនប៉ិច តាំងពីយូរមកហើយ នឹងនៅតែបន្តជួយជាបន្តទៀតយ៉ាងណាក្ដី ក៏២ថ្ងៃក្រោយមក គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលព័ត៌មានថា ទ្រង់ រណឫទ្ធិ សុំជំនួយហិរញ្ញវត្ថុពីគណក្សកុម្មុយនិស្តចិន។ សេចក្ដីថ្លែងការណ៍ គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា គណបក្សកុម្មុយនិស្តចិន ធ្លាប់ផ្ដល់ជំនួយជាម៉ាស៊ីនជីកអណ្ដូង ម៉ាស៊ីនបូមទឹក គ្រឿងម៉ាស៊ីនកសិកម្ម ដែលត្រូវបានខូចខាតអស់ហើយ និងឧបករណ៍ផ្សេងៗ ទៀតតាមរយៈគណបក្សហ៊្វុនស៊ិនប៉ិច កាលពីនៅក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ ម្ល៉េះ។
អ្នកនយោបាយសែរាជរង្ស ដែលឡើងអង្គុយកៅអីតំណាងរាស្ត្រដោយសារការលើកបន្តុបពីគណបក្សប្រជាជនកម្ពុជាអង្គនេះ បន្តថា ទ្រង់បានស្នើសុំឲ្យចិនជួយគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០១៨។ «»
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រឆាំងដាច់ខាត ចំពោះគណបក្សណា ដែលទទួលជំនួយ ឬហិរញ្ញវត្ថុពីបរទេស។ លោក ហ៊ុន សែន ហៅការទទួលយកជំនួយទាំងនោះថា ជាការលក់ក្បាលបម្រើឲ្យបរទេស។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រី បានបង្កើតច្បាប់ដើម្បីប្រឆាំងការទទួលជំនួយពីបរទេស សម្រាប់គ្រប់គណបក្សនយោបាយ។ ច្បាប់នោះហើយ ដែលបានបើកផ្លូវឲ្យទ្រង់ នរោត្តម រណឫទ្ធិ ឆ្លៀតឱកាសប្រមូលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទាំងនៅរដ្ឋសភា និងនៅថ្នាក់ក្រោមជាតិ។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ឲ្យមានស្តង់ដារតែមួយ គឺក្រសួងមហាផ្ទៃមិនចាំបាច់ស៊ើបអង្កេតនោះទេ អាចដាក់ពាក្យប្ដឹងទៅតុលាការកំពូលបាន ក្នុងករណីគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជំនួយពីប្រទេសចិន។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៣១ ធ្នូ ជុំវិញចំណាត់ការផ្នែកច្បាប់លើគណបក្សហ៊្វុនស៊ិនប៉ិច ដោយសារមិនអាចទូរស័ព្ទទាក់ទងបាន។ ប៉ុន្តែ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថា បើករណីដែលទ្រង់រណឫទ្ធិ ជាប្រធានគណបក្សបានចេញព្រះភ័ក្ត្រប្រកាសរួចហើយ ក្រសួងគួរតែបានដឹងហើយ ចំណែកវិធានការយ៉ាងណានោះ លោកក៏រង់ចាំមើលចំណាត់ការផ្នែកច្បាប់របស់ក្រសួងមហាផ្ទៃ។ «»
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ មាត្រា ២៩ថ្មី បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះជារូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្កការ ដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើសច្បាប់ មាត្រា ៣៨ថ្មី ចែងអំពីទោសទណ្ឌថា ក្រសួងមហាផ្ទៃអាចព្រមាន មានវិធានការផ្អាកសកម្មភាពគណបក្សនយោបាយបណ្ដោះអាសន្ន ឬករណីធ្ងន់ធ្ងរអាចប្ដឹងសុំរំលាយគណបក្សនយោបាយ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ ធ្នូ បានចុះផ្សាយថា ចិននៅតែបន្តផ្ដល់ជំនួយដល់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះជាបន្តបន្ទាប់ទៀត។
បញ្ហាដដែលនេះ ត្រូវបានលោកបណ្ឌិត មាស នី ធ្លាប់វិភាគថា ប្រសិនបើរដ្ឋាភិបាលអនុវត្តច្បាប់មានស្តង់ដារពីរ ទោះជាមានរឿងអ្វីក៏ដោយ ក៏គណបក្សហ៊្វុនស៊ិនប៉ិច អាចធ្វើសកម្មភាពនយោបាយ ដូចគ្មានរឿងអ្វីកើតឡើងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment