Sunday, 31 December 2017
"សារជូនពររបស់លោក ហ៊ុន សែន មិនចេញពីចិត្តនិងផ្ទុយពីទង្វើ"
ដោយ វ៉ែន សុមេធ
2017-12-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា គឺអ្នកស្រី ប៊ុន រ៉ានី ទស្សនាពិធីបុណ្យអុំទូក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ព្រះសង្ឃ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា សារជូនពរដល់ជនរួមជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសឆ្លងឆ្នាំសកលនេះ គឺមិនបានកើតចេញពីចិត្ត និងផ្ទុយពីទង្វើជាក់ស្ដែង។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានសរសេរសារជូនពរបង្ហោះ លើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។
ដូចរាល់ឆ្នាំដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្ញើសារជូនពរប្រជាពលរដ្ឋគ្រប់ខ្មែររូប។ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នេះ លោកហ៊ុន សែន បានបង្ហោះរូប លោក និងភរិយា ហើយសរសេរសារជូនពរប្រជាពលរដ្ឋខ្មែរយ៉ាងខ្លីថា សូមជូនពរឲ្យជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្ដីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាងគ្រប់ៗគ្នា ព្រមទាំង ពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណ: សុខៈ ពល: និងបដិភាណៈកុំបីខាន។
ព្រះតេជព្រះគុណ លូន សុវ៉ាត ដែលជាសកម្មជនសង្គមមួយអង្គ មានថេរដីកាថា សារជូនពររបស់ លោក ហ៊ុន សែន នេះ គឺមិនបានផុសចេញពីបេះដូង និងផ្ទុយពីទង្វើជាក់ស្ដែងដែលកើតចេញពី កាយ វិចារ ចិត្ត។ «»
រីឯអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារជូនពររបស់លោក ហ៊ុន សែន នេះ គឺមិនខុសពីសារជូនពររបស់មេដឹកនាំប្រទេសផ្សេងៗនោះទេ ដែលចង់បង្ហាញពីទឹកចិត្តរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំប្រទេស។ ប៉ុន្តែការជូនពររបស់លោក ហ៊ុន សែន គឺនៅមិនទាន់ បង្ហាញពីកាយវិការច្បាស់លាស់ដែលនាំឲ្យមានភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនោះទេ។ «»
មុនថ្ងៃឆ្នាំថ្មីឆ្នាំសកល ចូលមកដល់ គេឃើញមានសារជូនពរឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ ត្រូវបានផ្ញើចេញពីមួយទៅមួយ ជាពិសេសពីមន្ត្រីថ្នាក់ក្រោម ទៅកាន់ចៅហ្វាយនាយរបស់ខ្លួន នៅតាមស្ថាប័នរដ្ឋនានា ឬពីតំណាងនៃស្ថាប័នកំពូលមួយទៅតំណាងស្ថាប័នកំពូលមួយផ្សេងទៀតជាដើម។
នៅក្នុងសារទាំងអស់នោះ មន្ត្រីថ្នាក់ក្រោមភាគច្រើនបានជូនពរចៅហ្វាយនាយរបស់ពួកគេ ទទួលបាននូវសេចក្ដីសុខក្នុងឆ្នាំខាងមុខ។ លោក ស៊ឹង សែនករុណា មើលឃើញថា ការជូនពររបស់មន្ត្រី ថ្នាក់ក្រោមទៅដល់ថ្នាក់លើនេះ គឺខ្វះភាពស្មោះត្រង់ និងគ្រាន់តែជាការយកចិត្តយកថ្លើមប៉ុណ្ណោះ។ លោកបន្ថែមថា មន្ត្រីគ្រប់ជាន់ថ្នាក់ គួរតែប្ដេជ្ញាចិត្តបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅក្នុងឆ្នាំថ្មី។
ក្តីសុខ និងក្តីប្រាថ្នាដែលប្រជាពលរដ្ឋចង់បាននោះ គឺការពារទឹកដីឲ្យបានគង់វង្ស បំបាត់អំពើពុក រលួយ ការពារព្រៃឈើ ផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រ ជាពិសេសអ្នករងគ្រោះ ដែលបាត់បង់ដីធ្លី ផ្ទះ សម្បែង ស្រែចម្ការ រងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។ លើសពីនេះ រដ្ឋាភិបាលត្រូវ ដោះស្រាយបញ្ហាគ្រប់វិស័យ ដូចជាបញ្ហាវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងដោះស្រាយ បញ្ហានយោបាយ និងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្មើភាពគ្នា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោកទទួលស្គាល់ថា កម្ពុជា មានការអភិវឌ្ឍគួរសមមកដល់បច្ចុប្បន្ននេះ ប៉ុន្តែស្ថានការណ៍នយោបាយចុងក្រោយនេះ នឹង នាំឲ្យកម្ពុជាវិលទៅក្រោយវិញ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រៅ តែពីការជូនពរនេះ លោកបណ្ឌិត មាស នី ចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើពលីកម្មជាក់ស្ដែងសម្រាប់វាសនាសង្គមជាតិរយៈពេលវែង ជាជាងធ្វើពលីកម្មដើម្បីអំណាចផ្ទាល់ខ្លួន និងគណបក្ស។ «»
មនខុសគ្នាប៉ុន្មានឡើយ ព្រះតេជព្រះគុណ លូន សុវ៉ាត មានថេរដីកាថា ដើម្បីឲ្យប្រជាពលរដ្ឋមានក្តី សុខកាយ សប្បាយចិត្តនោះ គឺត្រូវឲ្យពលរដ្ឋទទូលបាននូវសិទ្ធិសេរីភាព និងសុខដុមរមនាគ្រប់ និន្នាការនយោបាយស្មើៗគ្នា។ «»
អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប សុទ្ធតែមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ។ សហគមន៍អន្តរជាតិ ស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិត ហើយដោះស្រាយជាបន្ទាន់ បើពុំនោះទេ នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត។
ក្រុមអ្នកឃ្លាំងមើលបញ្ហាសង្គម លើកឡើងថា ឆ្នាំថ្មី២០១៨នេះ ជាឆ្នាំមួយដែលមានការលំបាកច្រើនដែលត្រូវពុះពារទៅមុខ និងត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះបញ្ហាស្មុគស្មាញជាច្រើនក្នុងឆ្នាំចាស់ ឆ្នាំ២០១៧ នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ពួកគេស្នើឲ្យមេដឹកនាំទាំងឡាយ ត្រូវគោរព និងឲ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំ ហើយត្រូវប្រើតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវក្តីសុខចម្រើនរុងរឿងពិតប្រាកដ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment