Sunday, 31 December 2017

សហគមន៍​នេសាទ​ខែត្រ​ស្ទឹងត្រែង​ថា​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​នៅ​តែ​កើត​មាន​ច្រើន


ដោយ វ៉ែន សុមេធ
2017-12-31 

ទូក​នេសាទ​របស់​អ្នក​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ ទល់​មុខ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦
ទូក​នេសាទ​របស់​អ្នក​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ ទល់​មុខ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦
 RFA/Men Sothyr



ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ សង្កាត់​សាមគ្គី ខែត្រ​ស្ទឹងត្រែង បារម្ភ​អំពី​ការ​កើន​ឡើង​បទល្មើស​នេសាទ នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​តាម​ដង​ទន្លេ​មេគង្គ ដែល​ពុំ​ឃើញ​មានការ​បង្ក្រាប។ ពួកគេ​អះអាង​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ នៅ​ពុំ​ទាន់​សហការ​ល្អ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។



ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ផ្នែក​អភិរក្ស​បរិស្ថាន​ធម្មជាតិ នៅ​ថ្ងៃ​ទី ៣០ ធ្នូ អំពាវនាវ​ឲ្យ​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​ឆ្មាំ​អភិរក្ស​នៃ​ក្រសួងបរិស្ថាន សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​ការ​អនុវត្ត​ផែនការ​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់​រ៉ាំសា នៃ​ទន្លេ​មេគង្គ ឲ្យ​បាន​ហ្មត់ចត់។ តំបន់​នេះ ឋិត​នៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ ការ​អំពាវនាវ​នេះ ធ្វើឡើង​​ខណៈ​ដែល​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​នេសាទ រវាង​សហគមន៍ អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ និង​ឆ្មាំ​អភិរក្ស​នៅ​រអាក់រអួល​នៅ​ឡើយ ហើយ​នាំ​ឲ្យ​បទល្មើស​នេសាទ​កើតមាន​កាន់​តែ​ច្រើន។

ប្រធាន​អន្លង់​អភិរក្ស​បង្គោល​លេខ៤១ សង្កាត់ នៃ​ទន្លេ​មេគង្គ លោក ផែន សុជាតិ ឲ្យ​ដឹង​ថា ក្រុម​ជនល្មើស​ច្រើន​ក្រុម ប្រើ​ឧបករណ៍​នេសាទ​ក្ដៅ​-​ត្រជាក់ និង​ថ្នាំពុល នៅ​ពេល​យប់ លួច​ឆក់​ត្រី​នៅ​អន្លង់​អភិរក្ស​ជម្រុះ​ចម្រុះ​ក្នុង​ទន្លេ​មេគង្គ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ត្រី​មេ​ពូជ​ធំៗ ក្នុង​តំបន់​ឲ។ ចំណែក​សហគមន៍​គ្មាន​លទ្ធភាព បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ត្បិត​សហគមន៍​ខ្វះខាត​ថវិកា និង​សម្ភារៈ​ល្បាត។ លោក​ថា ឧបករណ៍​នេសាទ ដែល​ក្រុម​ជនល្មើស​ប្រើ មានលទ្ធភាព​ចាប់​ត្រី​បាន​ច្រើន​គីឡូក្រាម ប៉ុន្តែ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ត្រី​មេ​ពូជ និង​ត្រី​កម្រ​មួយ​ក្នុង​តំបន់៖ «ពួកវា​ទំនើប​ជាង​វា​ចុះ ១០ ទៅ ២០​កាណូត​ជាង កម្លាំង​យើង​តិច ៣​កាណូត និង ៤​កាណូត​អ៊ីចឹង យើង​ញញើត​វា​ដែរ។ សម្ភារៈ​វា និង​ទូក​វា​សុទ្ធ​តែ​ទំនើប​លឿន។ ជូន​កាល​យើង​ឃើញ​បទល្មើស​ទាក់ទង​ទៅ​គាត់ គាត់​យឺត​ដែរ បទល្មើស​ទៅ​ឆ្ងាយ​បាន​កម្លាំង​មកដល់»។

ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា ការ​កើន​ឡើង​បទល្មើស​នេសាទ គឺជា​សញ្ញា​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​ការ​សហការ​គ្នា រវាង​សហគមន៍ អាជ្ញាធរ​ដែនដី និង​ឆ្មាំ​អភិរក្ស​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​នេសាទ​។ លោក​ក៏​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​បទល្មើស​នេសាទ​កើតឡើង អាជ្ញាធរ​ពាក់ព័ន្ធ សហគមន៍ និង​ឆ្មាំ​អភិរក្ស ច្រើន​ទម្លាក់​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក៖ «ច្រើន​ហ្នឹងហើយ ពួក​អា​ត្រជាក់​អូស​បាន​ច្រើន​ក្នុង​ដែន​អភិរក្ស​របស់​យើង​។ ត្រី​មេ​ពូជ​របស់​យើង បើ​វា​អូស​ចំ​កម្លាំង​យើង​ទៅ​មិនទាន់​ត្រី​មេ​ពូជ​មួយ​ភ្លែត​វា​អាច​រក​បាន ៥០ ទៅ ៦០​គីឡូក្រាម​ដែរ»។

តំបន់​រ៉ាំសា ឬ​ហៅថា តំបន់​ដី​សើម ឋិត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ផ្ទៃដី​ជាង ៤​ម៉ឺន ៤​ពាន់​ហិកតារ​(៤៤.៦០០) ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ឡាយព្រះហស្តលេខា កាលពី​ឆ្នាំ​១៩៩៣ ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា កិច្ច​គាំពារ​បរិស្ថាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ហើយ​បច្ចុប្បន្ន ក្រសួងបរិស្ថាន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស ១៥​នាក់ ទៅ​គ្រប់​គ្រង​នៅ​តំបន់​នោះ។

ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ស្ទឹងត្រែង លោក អេង ភីរុង ធ្លាប់​បញ្ជាក់​ថា មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន ជាពិសេស​ឆ្មាំ​អភិរក្ស​បាន​ចុះ​ល្បាត​ជាប្រចាំ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច និង​សហគមន៍​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ និង​អប់រំ​ណែនាំ​សហគមន៍​ឲ្យ​ទាញ​ប្រយោជន៍​ពី​ទន្លេ​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ មើល​ឃើញ​ថា ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​បទល្មើស​នេសាទ និង​ការ​មិន​ចុះសម្រុង​គ្នា ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ឃ្លាំមើល​បទល្មើស​នេសាទ​នៅ​មូលដ្ឋាន គឺជា​ដើមចម​បង្ក​ឲ្យ​បទល្មើស​ងាយ​កើតឡើង។ លោក​សង្កត់​ធ្ងន់​ថា ឆ្មាំ​អភិរក្ស​ក្រសួងបរិស្ថាន គួរតែ​បន្ថែម​ល្បឿន​អភិរក្ស​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដោយ​ពង្រឹង​កិច្ចសហការ​ជាមួយ​សហគមន៍ អាជ្ញាធរ​ដែនដី រូ​ម​គ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ៖ «សហគមន៍​នីមួយៗ​ត្រូវ​យកចិត្តទុកដាក់ ឲ្យ​អ្នកភូមិ​ក្តី និង​កសិករ​ក្តី​ឲ្យ​តាមដាន​ឃ្លាំមើល ជាពិសេស​ក្នុងចំណោម​អ្នក​នេសាទ ឲ្យ​តាមដាន​ឃ្លាំមើល​អីចឹង​ទៅ»។

តំបន់​រ៉ាំសា ឬ​ហៅថា​តំបន់​ការពារ​ជីវចម្រុះ សម្បូរ​កោះ​ច្រើន និង​មាន​រុក្ខជាតិ​ដុះ​ចេញពី​ផ្ទៃ​ទឹក​បញ្ចេញ​ឫស ព្រមទាំង​មាន​ព្រៃ​លិច​ទឹក​ផង គឺជា​ទីតាំង​ជ្រក​របស់​សត្វ​បក្សី សត្វ​ស្វា​ព្រៃ និង​ជម្រក​របស់​ត្រី​សម្រាប់​ពង​កូន។ ពលរដ្ឋ​រស់នៅ​ភូមិ​ខេ បាន​នាំគ្នា​អភិវឌ្ឍ​តំបន់​នោះ​មួយ​ផ្នែក បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួមគ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍៕

No comments: