Wednesday, 27 December 2017
"សំណុំរឿងឈ្មួញឈើស្ងប់ស្ងាត់ប៉ុន្តែបទល្មើសរត់ពន្ធឈើនៅតែកើតមានឥតឈប់ឈរ"
ដោយ តាំង សារ៉ាដា
2017-12-26
rfa
គំនរឈើប្រណីតដែលឈ្មួញបម្រុងដឹកចេញទៅលក់នៅប្រទេសវៀតណាម ហើយត្រូវរថយន្តក្រឡាប់នៅចំណុចភូមិជ្រៃឡើង ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០១៦។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធធនធានព្រៃឈើមើលឃើញថា រាជរដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តច្បាប់ទៅលើក្រុមឧក្រិដ្ឋជនធំៗ ជុំវិញករណីកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធ និងស្តុកទុកឈើខុសច្បាប់។ ការលើកឡើងនេះ ពីព្រោះជិត ២ឆ្នាំហើយ សំណុំរឿងក្តីឧក្រិដ្ឋកម្មព្រៃឈើដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបញ្ជូនទៅតុលាការគឺគ្មានដំណឹងសោះឡើយ ប៉ុន្តែបទល្មើសកាប់ និងនាំឈើចេញទៅក្រៅប្រទេសនៅតែកើតមានកាន់តែខ្លាំងឡើង។
មន្ត្រីសង្គមស៊ីវិលយល់ថា ការមិនអើពើចំពោះសំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើដែលបង្កឡើងដោយមន្ត្រី ឧកញ៉ាធំៗ គឺបណ្ដាលឱ្យពលរដ្ឋកាន់តែបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធតុលាការ។ បន្ថែមពីនេះ បង្ហាញថា ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ គឺគ្មានប្រសិទ្ធភាព។ ជាក់ស្ដែងសកម្មភាពរត់ពន្ធឈើដោយខុសច្បាប់ទាំងក្នុងប្រទេស និងចេញទៅក្រៅប្រទេសនៅតែកើតមានឥតឈប់ឈរ បើទោះពីជារាជរដ្ឋាភិបាលប្ដេជ្ញាទប់ស្កាត់មិនឱ្យមានយ៉ាងណាក៏ដោយ។
មន្ត្រីខាងផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា នៅពេលដែលរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង ប្រជាសហគមន៍ ព្រមទាំងសង្គមស៊ីវិលអបអរសាទរដោយសង្ឃឹមថា ឧក្រិដ្ឋជនជួញដូរឈើធំៗ នឹងត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកផ្ដន្ទាទោស។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ក្រុមឧកញ៉ា មន្ត្រីអាជ្ញាធរគ្រាក់ៗ មួយចំនួនដែលប្រមុខរាជរដ្ឋាភិបាលធ្លាប់លើកចំឈ្មោះ មិនត្រូវបានចាប់ខ្លួននោះឡើយ។ លោកថា ករណីនេះដែលបង្កើតជាវប្បធម៌និទ្ទណ្ឌភាពតែម្ដង៖ «បើយើងនិយាយទៅវាវប្បធម៌និទ្ទណ្ឌភាព មិនត្រឹមនិទ្ទណ្ឌភាពទេ ដែលយើងគិតថា ជាអំពើពុករលួយជាប្រព័ន្ធ។ វប្បធម៌និទ្ទណ្ឌភាពបូកនឹងអំពើពុករលួយជាប្រព័ន្ធ ដែលធ្វើឱ្យការចេញបញ្ជា ឬមួយការដាក់បញ្ជាទៅឱ្យមន្ត្រីនគរបាលយុត្តិធម៌បង្ក្រាបបទល្មើសអ្វីមួយហ្នឹងគឺគ្មានប្រសិទ្ធភាព»។
កាលពីខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង គឺដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ ការនាំឈើចេញទៅក្រៅប្រទេសដោយខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងៗទៀតនៅភាគឦសាន ប៉ុន្តែក្រោយមកបានពង្រីកវិសាលភាពការងាររបស់ខ្លួននៅទូទាំងប្រទេស។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិមួយនេះបានបញ្ជូនរបាយការណ៍របស់ខ្លួនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាក់ថា ចាប់បានឈើខុសច្បាប់ជាង ៧ម៉ឺនម៉ែត្រគូប និងប្ដឹងឈ្មួញរកស៊ីចំនួន ៥៧ករណីទៅតុលាការ។ លោក ហ៊ុន សែន ក៏ធ្លាប់បានលើកចំឈ្មោះឧកញ៉ាពីរនាក់ ដែលគេដឹងថា សកម្មក្នុងមុខរបរជួញដូរឈើប្រណិតនៅទឹកដៃភូមិភាគឦសាន ទៅប្រទេសវៀតណាម គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នឹងឧកញ៉ា សឹង សំអុល ដែលគេដឹងថា កន្លងមកពួកគេជាដៃជើងរបស់ឧកញ៉ា ទ្រី ភាព។ មិនតែប៉ុណ្ណោះ ក៏មានឧកញ៉ា និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនផ្សេងទៀតដែលមានឈ្មោះក្នុងពាក្យបណ្ដឹងរបស់គណៈកម្មាធិការជាតិមួយនេះ ប៉ុន្តែជិត ២ឆ្នាំមកហើយ សំណុំរឿងក្តីទាំងនោះស្ងាត់សូន្យ រីឯបទល្មើសរត់ពន្ធឈើចេញទៅក្រៅប្រទេសកាន់តែកើនឡើង ហើយឈ្មោះឧកញ៉ាទាំងនេះគឺនៅតែមានលើអត្ថបទកាសែតក្នុងស្រុកដដែល។
រថយន្តដឹកឈើ សេសាន ស្ទឹងត្រែង ៦២២
រថយន្តដឹងឈើដែលពលរដ្ឋនៅឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង ឃាត់ តែត្រូវអាជ្ញាធរដោះលែងប្រគល់ឲ្យឈ្មួញវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថតថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដោយ សហគមន៍ Photo provided
កន្លងមកអ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង លោក អេង ហ៊ី តែងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងប្ដេជ្ញាស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់។ លោកថែមទាំងបញ្ជាក់ថា រាល់សំណុំរឿងទាំងឡាយដែលខាងលោកប្រមូលបានគឺបញ្ជូនទៅតុលាការដើម្បីចាត់វិធានការបន្ត។ យ៉ាងនេះក្តី ស្ថាប័នតុលាការតាមបណ្ដាខេត្តមួយចំនួននៅភូមិភាគឦសាន ដែលវិទ្យុអាស៊ីសេរី ទាក់ទងកន្លងមកសុទ្ធតែមិនអាចបញ្ជាក់បានទេ ជុំវិញដំណើរសំណុំរឿងក្តីទាំងនោះ។
លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា បទល្មើសព្រៃឈើ និងការរត់ពន្ធឈើដោយខុសច្បាប់ចេញទៅប្រទេសវៀតណាម គឺមិនបានថយចុះឡើយ ប៉ុន្តែកើនឡើងទៅវិញ ហើយមិនយូរទេវាសនាព្រៃឈើ ពិសេសឈើធំៗ និងប្រភេទឈើប្រណិតនៅស្រុកខ្មែរនឹងលែងមានតែម្ដង៖ «ប្រសិនបើយើងផ្ដល់ឱ្យប្រជាពលរដ្ឋលោកយល់ដឹងថា លោកក៏មានអំណាចផ្លូវច្បាប់ក្នុងការដាក់បណ្ដឹងដែរ អ៊ីចឹងយើងធ្វើយុទ្ធនាការដាក់បណ្ដឹងឱ្យបានរាប់ពាន់ទៅ»។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិ ហៅកាត់ថា អ៊ី.អាយ.អេ (EIA) បានផ្សាយរបាយការណ៍ "ជនល្មើសមុខដដែល" ហើយក្រុមស៊ើបអង្កេតបានរកឃើញថា ឈើមូលប្រមាណ ៣០ម៉ឺនម៉ែត្រគូបត្រូវបានវៀតណាម នាំចូលពីប្រទេសកម្ពុជា ដែលគេកាប់ពីតំបន់ព្រៃអភិរក្សកម្ពុជា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧។ អង្គការដដែលនេះរកឃើញថា គ្រាន់តែពីខែមករា ឆ្នាំ២០១៦ ដល់ត្រឹមខែមីនា ឆ្នាំ២០១៧ មន្ត្រីគយវៀតណាម បានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើអំពីឈើចេញពីប្រទេសកម្ពុជា ទៅកាន់វៀតណាម មានទឹកប្រាក់រហូតជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ទីភ្នាក់ងារមួយនេះបានចោទមន្ត្រីអាជ្ញាធរនៃប្រទេសទាំងពីរថា បានយកលុយសំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីឈ្មួញឈើជាថ្នូរការបើកផ្លូវឲ្យកាប់ឈើ និងជួញដូរឈើខុសច្បាប់។
ជាងនេះទៀត អង្គការអន្តរជាតិមួយឈ្មោះ ហ្វ័រ៉េស ត្រេន (Forest Trend) ដែលទទួលបានទិន្នន័យពីគយវៀតណាម ស្តីពីការនាំឈើចេញពីប្រទេសកម្ពុជា បង្ហាញថា រយៈពេល ១ឆមាសដើមឆ្នាំ២០១៧ ឈើដែលនាំចូលពីប្រទេសកម្ពុជា គឺមានចំនួនជាង ៣សែនម៉ែត្រគូប (៣១៣.០០០) និងមានតម្លៃ ១០០លាន (១៤២) ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែរបាយការណ៍ទាំងនេះ ក្រសួងបរិស្ថានតែងបដិសេធជានិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បរាជ័យក្នុងការសច្ចាថា នឹងកាត់កខ្លួនឯងចោល ប្រសិនបើទប់ស្កាត់បទល្មើសព្រៃឈើមិនបាន ប៉ុន្តែបទល្មើសនៅតែកើតមានដដែល។ កាលពីខែសីហា ក្នុងវេទិកាជាតិលើកទី២ ស្ដីពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ លោក ហ៊ុន សែន លើកឡើងថា ការកាប់បំផ្លាញព្រៃឈើណាមួយគឺមិនខុសពីកាប់ក្បាលលោកនោះឡើយ ហើយលោកស្អប់បំផុតអ្នកដែលកាប់បំផ្លាញព្រៃឈើទាំងនោះទៀតផង។ លោកអះអាងថា រាល់កិច្ចប្រជុំគណបក្សម្តងៗ លោកតែងរំលឹកដល់មន្ត្រីរបស់ខ្លួនមិនត្រូវអត់ឱនចំពោះជនដែលប្រព្រឹត្តអំពើអនាធិបតេយ្យទាំងនេះបានឡើយ បើទោះបីជាអ្នកនោះមានឋានៈអ្វីក៏ដោយ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់ថា វិធានការរបស់រាជរដ្ឋាភិបាលជុំវិញការទប់ស្កាត់បទល្មើសព្រៃឈើ គឺមិនបានយូរអង្វែងទេ ហើយក៏មិនមានប្រសិទ្ធភាពនោះដែរ។ ចំណែកវិធានការផ្លូវច្បាប់វិញ គឺមានប្រសិទ្ធភាពចំពោះតែក្រុមជនល្មើសតូចតាច ប្រជាពលរដ្ឋទន់ខ្សោយ គ្មានខ្នង គ្មានបក្ខពួកធំៗតែប៉ុណ្ណោះ៖ «ផ្ទុយទៅវិញ បើយើងបែរមកមើលមតិមហាជន ជាពិសេសប្រជាពលរដ្ឋទូទៅ យើងឃើញថា ពួកគាត់ហាក់អស់ជំនឿទៅលើការចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមឧក្រិដ្ឋកម្មទាំងអស់នោះ»។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់រូបនេះ មើលឃើញថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះការទប់ស្កាត់បទល្មើសព្រៃឈើ គឺបរាជ័យ ហើយនឹងឈានទៅរកភាពបរាជ័យកាន់តែធ្ងន់ធ្ងរថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកមានអំណាច មន្ត្រី ឧកញ៉ាធំៗ ដែលពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់នោះទេ។ ការចាប់ខ្លួនឧក្រិដ្ឋជនព្រៃឈើធំៗទាំងនោះយកមកផ្ដន្ទាទោស គឺជាគំរូដល់ល្អក្នុងការអនុវត្តច្បាប់ និងអាចបន្ថយការបំផ្លិចបំផ្លាញព្រៃឈើបន្តទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment