Wednesday, 27 December 2017
មន្ត្រីបក្សសង្គ្រោះជាតិខេត្តប៉ៃលិនទទូចឲ្យតុលាការពន្លឿនដោះស្រាយសំណុំរឿងក្រុមប្រឹក្សាឃុំ
ដោយ ជាតិ ចំណាន
2017-12-26
សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន នៃគណបក្សសង្គ្រោះជាតិ លោក ឈុន សិទ្ធី។
Photo provided
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន លើកឡើងថា សំណុំរឿងក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងម្នាក់ នៅស្រុកសាលាក្រៅ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះ គឺហាក់ត្រូវបានតុលាការបង្កកទុក។ មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ការអូសបន្លាយសំណុំរឿងនេះទំនងដោយសារជនត្រូវចោទមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តប៉ៃលិន។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ទទូចឲ្យតុលាការទម្លាក់ការចោទប្រកាន់ ហើយដោះលែងសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ គឺលោក ឈុន សិទ្ធី ឲ្យមានសេរីភាពវិញ ដើម្បីលោកបានជួបជុំប្រពន្ធកូន ជួយរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
លោក ឃឹម ប៉ុន អនុប្រធានបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ឲ្យដឹងនៅថ្ងៃទី២៦ ធ្នូ ថា ចាប់តាំងពីតុលាការចោទប្រកាន់មកលើលោក ឈុន សិទ្ធី កាលពីថ្ងៃទី២៦ ខែតុលា មក តុលាការមិនបានបន្តនីតិវិធីលើសំណុំរឿងនេះទៅមុខទៀតឡើយ។ លោក អះអាងទៀតថា កន្លងមកមានមន្ត្រីគណបក្សកាន់អំណាចជាច្រើននាក់ បានប្រាប់ទៅប្រពន្ធជនត្រូវចោទថា ប្រសិនបើលោក ឈុន សិទ្ធី ចុះចូលគណបក្សប្រជាជនកម្ពុជា នោះ រូបលោកនឹងអាចរួចទោស ហើយបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗ៖ «ប៉ុន្តែគាត់ដាច់ខាតគឺមិនចុះចូលទេ ដូច្នេះហើយបានជាគេឃុំទុកគាត់ដោយមិនដោះស្រាយអ្វីសោះឡើយ និយាយរួមចាប់មនុស្សយកទៅឃុំខ្លួនចោលតែម្ដង។ ខ្ញុំគិតថា ពាក្យដែលនិយាយក្នុងហ្វេសប៊ុក មិនមានអីធ្ងន់ធ្ងរនោះទេ ប៉ុន្តែដល់ពេលដំណោះស្រាយមិនមានដែរ ខ្ញុំអត់យល់សោះ។ ខ្ញុំគិតថា ប្រហែលជាមិនមែនជារឿងផ្លូវទេ អាចជារឿងនយោបាយច្រើនជាង»។
លោក ឈុន សិទ្ធី ត្រូវចាប់ខ្លួនបន្ទាប់ពីលោកបានបង្ហោះសារជាវីដេអូថា លោកមិនចង់បានប្រាក់ខែ ៥៧ម៉ឺនរៀល (៥៧០.០០០) នោះទេ ហើយបើទោះបីជាប្រាក់ខែ ៥០ម៉ឺនដុល្លារទៀត ក៏លោកមិនលក់ឧត្ដមគតិដែរ។
លោក ឃឹម ប៉ុន អះអាងថា ការចាប់ខ្លួននេះ សមត្ថកិច្ចគ្មានដីកាពីតុលាការទេ ម្យ៉ាងទៀតក៏ពុំបានបញ្ជាក់ពីអំពីមូលហេតុនៃការចាប់ខ្លួននោះដែរ។
ចំណែកប្រពន្ធជនត្រូវចោទ អ្នកស្រី លុន សៅមុត អះអាងថា កាលពីស្វាមីអ្នកស្រីជាប់ពន្ធនាគារប្រមាណកន្លះខែ គឺពិតជាមានមន្ត្រីពន្ធនាគារបានប្រាប់អ្នកស្រីថា ប្រសិនបើស្វាមីរបស់ខ្លួនចុះចូលគណបក្សប្រជាជនកម្ពុជា គាត់នឹងត្រូវបានដោះលែងយ៉ាងយូរមួយសប្ដាហ៍៖ «អ្នកដែលខ្ញុំនិងគាត់គ្រាន់តែជាស្ពានតពីគេទេ ដែលមកប្រាប់គាត់ឲ្យទៅប្រាប់ប្ដីខ្ញុំតនោះ។ ខ្ញុំលំបាកណាស់ពេលអត់ពីប្ដីទៅ ព្រោះណាមួយត្រូវមើលកូនតូចអាយុ ១០ខែ ហើយកូនម្នាក់ទៀតអាយុទើបតែបាន ៤ឆ្នាំ ធ្វើឲ្យខ្ញុំពិបាកក្នុងការរកប្រាក់ចំណូល»។
អាស៊ីសេរី ពុំទាន់អាចរកប្រភពទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន និងប្រធានពន្ធនាគារខេត្តនេះ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែធ្នូ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា តុលាការមានសិទ្ធិក្នុងការពន្យារពេលសាកសួរជនត្រូវចោទបានទៅតាមការជាក់ស្ដែង។ ក៏ប៉ុន្តែ លោកអះអាងថា ប្រសិនបើតុលាការបង្កកសំណុំរឿងរបស់បុគ្គលណាម្នាក់ទុកចោល ដោយមិនចាត់ការតាមនីតិវិធីច្បាប់ គឺជាទង្វើខុសច្បាប់៖ «ចំណែកយកបញ្ហានយោបាយយកមកឡូកឡំថាបើអ្នកចុះចូលជាមួយខ្ញុំ ខ្ញុំនឹងអោយអ្នកឯងរួចខ្លួននោះ គឺជារឿងមួយក្រៅច្បាប់។ ដូច្នេះពាក់ព័ន្ធបញ្ហាបទល្មើសគឺចៅក្រមគាត់ត្រូវតែសម្រេចដោយផ្អែកទៅលើមូលដ្ឋាននៃច្បាប់ មិនអាចផ្អែកលើបញ្ហានយោបាយទេ»។
សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោក ឈុន សិទ្ធី ត្រូវបានប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន ចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៤ ខែតុលា ហើយត្រូវបានចៅក្រមស៊ើបសួរ នៃតុលាការខេត្តប៉ៃលិន ឃុំខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអ្នករាជការសាធារណៈ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment