Thursday, 28 December 2017

រដ្ឋាភិបាល​លោក​ហ៊ុន សែន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​សិក្សា​និង​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា


27 ធ្នូ 2017
ហ៊ុល រស្មី
voa

រូប​ឯកសារ៖ សៀវភៅស្តីពីរដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​​ផ្សព្វផ្សាយ​ដោយ​មូលនិធិ​ខុនរ៉ាត ត្រូវ​បាន​គេ​លើកឡើង​ថា​ជាសៀវភៅ​ដែល​​​ជួយ​ឲ្យការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង នៅ​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA) 


មន្ត្រី​គណបក្ស​ប្រឆាំង​​បាន​ហៅ​​ផែនការ​ធ្វើ​វិសោធនកម្ម​នេះ​ថា​ ​ជា​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។


ភ្នំពេញ —

រដ្ឋាភិបាល​រាជធានីភ្នំពេញ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន សែន​ បាន​សម្រេច​បង្កើត​«ក្រុម​ការងារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»​ ​ដែល​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការ​ចាំបាច់​ ​ស្រប​តាម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ នេះ​បើ​យោង​តាម​លិខិត​នៃ​សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​ស្តីទី ដែល​ ​VOA​ បាន​ទទួល​នៅ​ថ្ងៃ​ពុធ​នេះ។​



ការ​សម្រេច​បង្កើត​ក្រុម​ការងារ​នេះ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពីលោក​ ហ៊ុន សែន​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​រាយការណ៍​ថា​ លោក​បាន​ប្រាប់​ក្រុម​មន្ត្រី​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​លោក​គ្រោង​ស្នើ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​មាន​លទ្ធភាព​តែងតាំងមន្ត្រី​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​ដោយ​ផ្ទាល់​ដោយ​មិនបាន​ចាំ​បាច់​រង់​ចាំ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពីអង្គ​សភា។​

លិខិត​របស់​លោក​ ស ខេង​ នាយករដ្ឋមន្ត្រី​ស្តី​ទី​ ​ចុះ​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ពី​សមាសភាព​ក្រុម​មន្ត្រី​១២​រូប​ ដែល​ក្នុង​នោះ​មាន​លោក​ អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ជា​ប្រធាន​នៃ​ក្រុម​ការងារ​នោះ។

លិខិត​នោះ​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ជា​សេនាធិការ​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​តាម​ការ​បាច់​ ស្រប​តាម​មាត្រា​១៥១​ថ្មី​ មាត្រា​១៥២​ថ្មី​ និង​មាត្រា​១៥៣​ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

យោង​តាម​លិខិត​ដដែល​នោះ​ ​ក្រុម​ការងារ​នេះ​នឹង​មាន​កិច្ច​ការ​ងារ​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​សាស្ត្រាចារ្យ​ជំនាញ​ តាម​ការ​ចាំបាច់​ ​អាច​បង្កើត​ក្រុម​លេខាធិការ​ ដើម្បី​ជួយ​កិច្ច​ការ​របស់​ខ្លួន​តាម​ការ​ចាំបាច់។ ក្រុម​ការងារ​នេះ​ ក៏​ត្រូវ​ស្នើសុំ​យោបល់​ដឹកនាំ​ ណែនាំ​ដោយ​ផ្ទាល់​ពី​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​លោក​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​ ចំណែក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​សុំ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​ហេតុ​ថា​ ​កិច្ចការ​ងារ​នេះ​ ​ហួសពី​ដែន​សមត្ថកិច្ច​របស់​លោក។​

«ខ្ញុំ​គិត​ថា​ ប្រហែល​ជា​ អ៊ុំ​មិនៗ​ត្រូវជា​អ្នក​ដែល​ឆ្លើយ​រឿង​ហ្នឹង​ទេ​ ព្រោះ​កិច្ចការ​ងារ​ហ្នឹង​ធំ​ណាស់​ ​មិន​មែន​របស់​ក្រសួង​មហា​ផ្ទៃ​ទេ​ ​ណា៎​ប្អូន​ណា៎»។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ កាសែត​«ខ្មែរ​ថាមស៍» (Khmer Times) ​ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ ដក​ស្រង់​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ពេល​ចេញ​ពី​អង្គប្រជុំ​គណៈរដ្ឋ​មន្ត្រី។ ​លោក​ ​ហ៊ុន សែន​ ​បាន​ឲ្យ​ដឹង​អំពី​សេចក្តី​ស្នើ​វិសោធនកម្ម​ ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​តែងតាំង​មុខ​តំណែង​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជ​ក្រឹត្យ​ ពោល​គឺ​មិន​ចាំបាច់​ទទួល​បាន​ការយល់​ព្រម​ពី​សភាជាតិ​នោះ​ទេ។​

ក៏ប៉ុន្តែ​ ការ​បង្កើត​ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​នេះ​បាន​កើត​ឡើង​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ និង​នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន​ បាន​បង្ហើប​ឲ្យដឹង​ពី​តម្រុយ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​២នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​លោក​ សម រង្ស៊ី​ អតីតមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​អ្នក​កាសែត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​បញ្ជាក់​ប្រាប់​រូប​លោក​ថា​ ​មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​មាន​លក្ខណៈ​រឹត​ត្បិត​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ផែន​ទី​ច្បាស់​លាស់​មួយ​សម្រាប់​ការ​កំណត់​ខណ្ឌ​សីមា​របស់​ប្រទេស​កម្ពុជា។​

កាលពី​ខែ​សីហា​ដដែល​នោះ​ នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យធ្វើ​ឡើង​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​លោក​ ​ហ៊ុន សែន​បាន​បញ្ជាក់​ពី​ភាព​ខុស​គ្នា​នៃ​ការ​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត​ផ្សេងៗ​គ្នា​ ដែល​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​កែប្រែ​ខ្នាត​ផែនទី​ ដូច​មាន​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា៖​

«បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែន​ទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៣-១៩៦៩»។​

ក្នុង​ការ​បក​ស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កន្លងមក​ ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​សម្រេច​ដល់​គោល​ដៅ​របស់​ខ្លួនជារឿយៗ​ ដោយសារ​តែ​គណបក្ស​នេះមាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ ព្រឹទ្ធសភា​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

កាល​ពី​ឆ្នាំ​២០០៤​ ការ​បោះ​ឆ្នោត​ជា​កញ្ចប់​បាន​កើតឡើង​តាម​ការ​បង្កើត​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​ដ៏​ចម្រូងចម្រាស។​ អ្នក​ច្បាប់​ខ្លះ​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នោះ​ខុស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

លោក​ អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​អំណាច​តុលាការ​កំពូល​ បាន​ប្រាប់​ ​VOA​ ​តាម​ការ​ឆ្លើយឆ្លង​តាម​សារ​អេឡិចត្រូនិក​របស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ ​ ​ការ​បង្កើតក្រុម​ការងារដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​«ជា​គម្រោង​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​ តាម​មហិច្ឆតា​ដែល​ខ្លួន​ចង់​បាន​ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

យ៉ាងណា​ក៏ដោយ​ លោក​ ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​បាន​ថ្លែង​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តែង​តាំង​រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ថា​ នឹង​ធ្វើឡើង​តាម​ព្រះរាជក្រឹត្យ​ ដែល​នឹង​មិន​ស្ថិត​នៅ​ក្នុង​កញ្ចប់គណៈរដ្ឋមន្រ្តី​ក្នុង​ការ​ស្នើ​សុំការ​អនុម័ត​ពី​រដ្ឋសភា​នោះ​ទេ៕

1 comment:

Anonymous said...

Would ah SOK TOUCH be a good candidate for that?