Monday 22 January 2018

អ្នក​វិភាគ​រិះគន់​បក្ស​ប្រជាជន​​ដែល​តែងតាំង​មន្ត្រី​រដ្ឋ​ជាង​១០០​នាក់​ជា​សមាជិក​ជាន់ខ្ពស់


ដោយ តាំង សារ៉ាដា
2018-01-21
rfa
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

Photo: RFA



អ្នកវិភាគ​នយោបាយ​ជើងចាស់​រិះគន់​ថា ការ​បញ្ចូល​សមាជិក​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​ចំនួន ៣៤២​នាក់ ដែល​ជា​មន្ត្រីរាជការ គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​របស់​គណបក្ស​នេះ ក្លាយ​ជា​គណបក្ស​កុម្មុយនិស្ត​ផ្ដាច់ការ​តែម្ដង។



ប៉ុន្តែ​អ្នកនាំពាក្យ គណបក្ស​កាន់​អំណាច​ឆ្លើយតប​ថា ការសម្រេច​បញ្ចូល​សមាជិក​ថ្មី​នេះ គឺជា​ការ​សម្រេច​នៃ​មហាសន្និបាត​ទាំងមូល​របស់​គណបក្ស។

លោក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា កា​របញ្ចូល​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​គណបក្ស​រឹងមាំ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​កាល​ណា​បក្ស និង​រដ្ឋ​មានតែ​មួយ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ប្រទេស​ងាក​ទៅ​រក​របប​ផ្ដាច់ការ។ «»

ការរិះគន់​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ស្រប​ពេល​ដែល​គណបក្សប្រជាជន​កម្ពុជា​ធ្វើ​មហាសន្និបាត​គណៈកម្មាធិការ​កណ្ដាល រយៈពេល បី​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ​គឺជា​ថ្ងៃ​ចុង ក្រោយ​នៃ​មហាសន្និបាត។

គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​បញ្ចូល​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្ដាល​ជាង ៣៤២​នាក់​ដែល​អ្នក​ទាំង​នោះ​ជា​មន្ត្រីរាជការ​មាន​ឋានៈ ជា​ឯកឧត្ដម និង​លោកជំទាវ។ រហូត​មក​ទល់​ពេល​នេះ គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អតីត​គណបក្ស​កុម្មុយនិស្ត​នេះ មាន​សមាជិក​ចំនួន ៨៦៥​នាក់។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា នេះ​ជា​ការ​សម្រេច​របស់​អង្គ​សន្និបាត។

គណបក្ស​ប្រជាជន​កម្ពុជា​រង​ការរិះគន់​ម្តង​រួច​មក​ហើយ កាល​ពី​មហាសន្និបាត​មុនៗ ព្រោះ​គណបក្ស​នេះ​បាន​បញ្ចូល​មន្ត្រី​កងកំលាំង រួមមាន​មេ​ប៉ូលិស មេទាហាន​ឲ្យ​ទទួល​បាន​តួនាទី​សំខាន់ៗ​នៅ​ក្នុង ជួរ​បក្ស ដែល​ធ្វើ​ឲ្យ​កងកម្លាំង​បាត់បង់​ឯករាជ្យភាព នៅ​ក្នុង​មុខ​ដំណែង ដែល​ជា​អ្នកបម្រើ​ជាតិ។ ការ​សម្រេច​ធ្វើ​មហាសន្និបាត ដើម្បី​វាយតម្លៃ​សភាព​ការណ៍​នយោបាយ​របស់​បក្ស​កាន់អំណាច​នៅ​ពេល​នេះ គឺ​ក្រោយពេល​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុង​ឆ្នាំ​២១០៧។នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​រំលាយ​គណបក្ស សង្គ្រោះជាតិ​កន្លងទៅ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​សមាជិក​របស់​លោក​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាច​គណបក្ស​របស់​លោក ត្រូវ​ពលរដ្ឋ​រំលាយ​ចោល​វិញ​តាមរយៈ​ការបោះឆ្នោត​នៅ ពេល​ខាង​មុខ។ លោក ហ៊ុន សែន បន្ត​ទៀត​ថា នៅ​ក្នុង​មហាសន្និបាត​នោះ ក៏មា​ន​ការរៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​អូសទាញ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

No comments: