Tuesday 30 January 2018

"ទឹក​បរិសុទ្ធ​វីតាល់ ជា​ទឹកភ្នែក​អ្នក​បឹងកក់"


ដោយ សេក បណ្ឌិត
2018-01-29

សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ​នៅ​ឯ​តំបន់​បឹងកក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ​នៅ​ឯ​តំបន់​បឹងកក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
Photo: RFA



«ទឹកបរិសុទ្ធ​វីតាល់ ជា​ទឹកភ្នែក​អ្នក​បឹងកក់»។ នេះ​គឺ​ជា​សារ​ដែល​អ្នករងគ្រោះ​ដោយ​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ ជាមួយ​អ្នក​មាន​អំណាច។ សារ​នេះ​អ្នក​បឹងកក់ បង្កើត​ឡើង​ដើម្បី​ជា​មធ្យោបាយ​តស៊ូ​មតិ ដោយ​អហិង្សា ទាមទារ​រក​យុត្តិធម៌ ក្រោយពី​តុលាការ​គ្រប់​ជាន់ថ្នាក់ មិនបាន​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់។ តើ​សារ​ដែល​ថា «ទឹក​សុទ្ធ​វីតាល់ ជា​ទឹកភ្នែក​អ្នក​បឹងកក់​» នោះ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ?

សារ​នេះ​បាន​បង្កប់​ន័យ​ឈឺចាប់ ការ​រង​ទុក្ខ​វេទនា ខ្លោចផ្សា ក្នុង​ទ្រូង​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នកមាន​អំណាច បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ក្នុង​សហគមន៍​មាន​ជម្លោះដីធ្លី។



មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​សារ​ដែល​និយាយ​តៗ​គ្នា អំពី «ទឹកបរិសុទ្ធ​វីតាល់ គឺជា​ទឹកភ្នែក​អ្នក​បឹងកក់​» កំពុង​មាន​ការចាប់អារម្មណ៍​ខ្លាំង ក្នុង​ស្រទាប់​មហាជន។

អ្នក​បឹងកក់ និង​មន្ត្រី​អង្គការ សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​នេះ ជា​សែស្រឡាយ របស់​អ្នក​មាន​អំណាច អ្នកមាន​លុយកាក់​ស្ដុកស្ដម្ភ នាំគ្នា​មក​វិនិយោគ​លើ​តំបន់​បឹងកក់ ដោយ​បណ្ដេញ​អ្នក​រស់នៅ​ទីនោះ​ចេញ​ទាំង​បង្ខំ និង​អយុត្តិធម៌​បំផុត។

ប្រធាន​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ដោយ​គ្មាន​សំណង​សមរម្យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ឈឺចាប់ ដេក​សម្រក់​ទឹកភ្នែក ដោយសារ​ទីជម្រក របស់​ពួកគាត់​ដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្រួសារ កូនចៅ ដោយ​មាន​ក្ដី​សុខ សុភមង្គល​នោះ​ត្រូវ​អាជ្ញាធរ ជាប់គុក​ច្រវ៉េះ ដោយសារតែ​ពួកគាត់​នាំគ្នា​ក្រោក​ឡើង​តស៊ូ​នឹង​ភាព​អមនុស្សធម៌​ក្នុង​សង្គម។

លោក សៀ ភារម្យ បាន​បង្ហាញ​នូវ​សែស្រឡាយ របស់​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ដែល​ចូល​ទៅ​វិនិយោគ​តំបន់​បឹងកក់ ដោយ​ចម្រូងចម្រាស ហើយ​ញាតិ​មិត្ត របស់​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​ពង្រីក​មុខ​របរ​រកស៊ី​មាន​ជា​ក្រុមហ៊ុន​ផ្សេងៗ ជាច្រើន​ទៀត ក្នុង​នោះ ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វីតាល់​ផង​ដែរ ដែល​អ្នកភូមិ​ចាត់ទុកថា ទឹក​សុទ្ធ​នេះ​ចម្រាញ់​ចេញពី​ញើស​ឈាម និង​ទឹកភ្នែក​របស់​ពួកគាត់។ «»

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ដោះ​មិន​ចេញ​នេះ គឺ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល បានសម្រេច​ផ្ដល់​ការ​វិនិយោគ​ក្រោម​ហេតុផល​ថា សម្បទាន​ដី​សេដ្ឋកិច្ច កាលពី​ឆ្នាំ​២០០៧ រយៈពេល ៩៩​ឆ្នាំ។ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នេះ គឺ​បាន​ទៅ​ក្រុមហ៊ុន​ដែល​ជា​មនុស្ស​ស្និត​នឹង​លោក ហ៊ុន សែន ឈ្មោះ​ក្រុមហ៊ុន ស៊ូកាគូ របស់​សមាជិក​ព្រឹទ្ធសភា​ចាស់​វស្សា គឺ​លោក ឡៅ ម៉េងឃីន មកពី​ខាង​បក្ស​ប្រជាជន​កម្ពុជា។ អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​រាប់រយ​គ្រួសារ បាន​ក្លាយ​ជា​ជនរងគ្រោះ មក​ដល់​សព្វថ្ងៃ ហើយ​ក្នុង​ចំណោម​នោះ ម្ចាស់​ដី​ខ្លះ​ធ្លាប់​រង​ការ​វាយ ជេរ ប្រមាថ និង​ជាប់ពន្ធនាគារ​ឥត​ល្ហែ​ថែម​ទៀត​ផង។

សកម្មជន​បឹងកក់ ក៏​បាន​បញ្ជាក់ ពី​ហេតុ​នៃ​ការ​បង្កើត​សារ​ដែល​ថា «ទឹកបរិសុទ្ធ​វីតាល់ គឺជា​ទឹកភ្នែក​អ្នក​បឹងកក់» នេះ​គឺជា​ទម្រង់ នៃ​ការ​តស៊ូ​មតិ តាម​បែប​អហិង្សា ប្រឆាំង នឹង​រំលោភ​ដីធ្លី ប្រជាពលរដ្ឋ ដូច​ការ​បញ្ជាក់​របស់ លោក សៀ ភារម្យ ដែរ។

សកម្មជន​ដីធ្លី​ជា​ស្ត្រី​មួយ​រូប មាន​ប្រសាសន៍​ថា សារ​នេះ ក៏​ជា​ការ​អំពាវនាវ​មួយ ឲ្យ​មហាជន​ទូទៅ​ដែល​ស្រឡាញ់​យុត្តិធម៌​សង្គម សូម កុំ​ទិញ កុំ​គាំទ្រ ឬ​កុំ​ពិសា​ទឹកបរិសុទ្ធ​វីតាល់​នោះ​តែម្ដង ហើយ​អ្នក​បឹងកក់​ខ្លួនឯង​ផ្ទាល់ ក៏​រួមគ្នា​ពហិការ មិន​ទិញ មិន​លក់ដូរ មិន​ពិសា​ទឹកបរិសុទ្ធ​នេះ​ឡើយ ចាប់​តាំង​ពី​មាន​ជម្លោះ​ខ្លាំងក្លា​នៅ​តំបន់​បឹងកក់​នោះ​មក។ «»

អាស៊ីសេរី នៅ​មិនទាន់​អាច​ស្វែងរក ការ​ឆ្លើយ​តប ពី​ម្ចាស់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វីតាល់ បាន​ទេ ឬ លោក ឡៅ ម៉េងឃីន ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃអាទិត្យ ទី​២៨ មករា។

ទោះ​យ៉ាង​ណា​ស្ត្រី​ជា​សកម្មជន​ដីធ្លី​រូប​នេះ បញ្ជាក់​ថា ការ​បញ្ជូន​សារ​សូម​ឲ្យ​ចូលរួម ជាមួយ​អ្នក​បឹងកក់ ដោយ​ពហិការ មិន​ប្រើ​ទឹក​ទឹកបរិសុទ្ធ​វីតាល់ ក្នុង​អំឡុង​ពេល​ជាង​៣​ឆ្នាំ​មកនេះ គឺ​មិនបាន​ធ្វើជា​សាធារណៈ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដោយ​ពួកគាត់​ធ្វើ​តាមរយៈ​ការបញ្ជូនសារ​តាម​បណ្ដាញ​សង្គម ដោយ​ស្ងៀមស្ងាត់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ការ​ចាប់អារម្មណ៍ គាំទ្រ​សារ​នោះ​ច្រើន។ «»

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាសនី បាន​កត់សម្គាល់​ឃើញ​ថា ការ​ពហិការ មិន​ប្រើប្រាស់​ផលិតផល​អ្វីមួយ​នោះ គឺជា​របៀប​តស៊ូ​មតិ​ម្យ៉ាង ដោយ​អហិង្សា ឬ​ដោយ​សន្តិវិធី ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ផលិតផល​នោះ ដែល​ម្ចាស់​ផលិតកម្ម​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​អ្វីមួយ​នៅ​ក្នុង​សង្គម ឬ​ចង់​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​បញ្ហា​អ្វីមួយ​ដែល​មនុស្ស​ភាគច្រើន​មិន​ពេញចិត្ត និង​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ភាគច្រើន។

លោក​សង្កេត​ឃើញ​ទៀត ទម្រង់​ការ​តស៊ូ​មតិ​បែបនេះ គេ​និយម​ធ្វើ​ច្រើន​នៅ​ក្នុង​ប្រទេស​លើ​ពិភពលោក ប៉ុន្តែ​សម្រាប់​កម្ពុជា​ការ​ធ្វើ​បែបនេះ ហាក់​នៅ​មាន​កម្រិត​នៅឡើយ។

ទន្ទឹមគ្នា​នោះ​ដែរ ក៏​មាន​សារ​មួយទៀត​ដែរ ដែល​និយាយ​ថា៖ «ស្ករ​ឈាម​» គឺជា​ផល​ស្ករអំពៅ ដែល​ក្រុមហ៊ុន​ឯកជន​ផលិត នៅ​លើ​ទឹកដី​ភូមិករ ផលដំណាំ ដែល​ជា​ញើស​ឈាម ដែល​ពួកគាត់​បាន​បង្កបង្កើត​ឡើង​ត​ជំនាន់ ប៉ុន្តែ ត្រូវ​ក្រុមហ៊ុន​ប្រើ​អំណាច កម្លាំង អាជ្ញាធរ មក​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​អយុត្តិធម៌ ហើយ​យក​ដី​តំបន់​នោះ​ដាំ​អំពៅ​អំពៅ​ផលិត​ស្ករ​លក់​ធ្វើ​មាន ធ្វើ​បាន ដោយ​ជ្រក​ក្រោម ស្លាក​អភិវឌ្ឍន៍ លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដូច​នៅ​តំបន់​ខ្លះ​នៃ​ខេត្ត កោះកុង ខេត្ត កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ​ជាដើម។

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​​ផលិតកម្ម​ស្ករអំពៅ​នេះ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​អំពាវ​កុំ​ឲ្យ​ទីផ្សារ​អន្តរជាតិ​ទទួល​ទិញ​ស្ករអំពៅ​ដែល​មាន​ប្រភព​ចេញ​តំបន់​ដែល​មាន​ជម្លោះដីធ្លី និង​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូចគ្នា​នឹង​ករណី​ការ​អំពាវនាវ ឲ្យ​ពហិការ កុំ​គាំទ្រ «ទឹកបរិសុទ្ធ​វីតាល់ ដែល​គេ​ចាត់ទុកថា គឺជា​ទឹកភ្នែក​របស់​អ្នករងគ្រោះ​ក្នុង​ជម្លោះដីធ្លី​នៅ​បឹងកក់»៕

No comments: