Tuesday 30 January 2018

គណបក្ស​សិទ្ធិមនុស្ស​ប្រកាស​រំលាយ​គណបក្ស​បន្ទាប់​ពី​សង្គ្រោះជាតិ​ត្រូវ​រំលាយ


ដោយ សេក បណ្ឌិត
2018-01-29

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
 RFA/Brach Chev



គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ សម្រេច​រំលាយ​គណបក្ស​របស់​ខ្លួន។ លិខិត​ចុះ​ថ្ងៃទី ២៨ មករា ឆ្នាំ ២០១៨ ដែល​ចុះហត្ថលេខា ដោយ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​រ​អចិន្ត្រៃយ៍ បាន​សម្រេច​រំលាយ​គណ​បក្ស​សិទ្ធិមនុស្ស​បាន​ចាប់ពី​ថ្ងៃនេះ​តទៅ​។



ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ថ្លែង​ថា ការសម្រេច​រំសាយ​បក្ស​សិទ្ធិមនុស្ស គឺ​ពុំ​មែន​មានការ​បង្ខិតបង្ខំ​ដោយ​អ្នកនយោបាយ​ណាមួយ​នោះ​ទេ ប៉ុន្តែ គណៈកម្មាធិការ​បក្ស​សិទ្ធិមនុស្ស​បាន​ឯកភាព រំសាយ​យូរ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ​ដោយសារ​មានការ​ជាប់​គាំង​មួយ​រយៈ​ពេល ព្រោះ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មួយ​ចំនួន​កូតា​ពី​គណបក្ស​សិទ្ធិមនុស្ស នៅ​ពុំ​ទាន់​ផុត​អាណត្តិ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់៖ «គណបក្ស​សិទ្ធិមនុស្ស​រួមគ្នា​ជាមួយ​បក្ស សម រង្ស៊ី នៅ​តែ​មាន​ជួរ​សមាជិក​បក្ស​ឃុំ​សង្កាត់ ម្ល៉ោះ​ហើយ​ដល់​ពេល​គេ​ចូល​ទៅ​ក្នុង​សង្គ្រោះជាតិ​ហើយ បក្ស​សិទ្ធិមនុស្ស នឹង​ឈប់​មាន​តួនាទី»។

គណបក្ស​សិទ្ធិមនុស្ស​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី២២ កក្កដា ឆ្នាំ​២០០៧ ដែល​មាន​លោក កឹម សុខា ជា​ស្ថាបនិក និង​ជា​ប្រធាន​បក្ស។ គណបក្ស​នេះ​ទទួល​សំឡេង​គាំទ្រ ៣ អាសនៈ​សភា កាលពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ ៤។ រហូត​ដល់​ឆ្នាំ​២០១២ គណបក្ស​សិទ្ធិមនុស្ស​បានសម្រេច​បញ្ចូល​រួម​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី បង្កើត​ថ្មី​មួយ គឺ​គណបក្ស​សង្គ្រោះជាតិ។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះជាតិ ទទួល​សំឡេង​គាំទ្រ ៥៥​អាសនៈ​សភា កាល​ពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ហើយ​រហូត​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ទទួល​បាន​លទ្ធផល​ប្រហាក់ប្រហែល​បក្ស​កាន់អំណាច។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិភាគ​ថា មូល​ហេតុ​ដែល​គណបក្ស​សិទ្ធិមនុស្ស​រំលាយ​ខ្លួនឯង ដើម្បី​បញ្ចៀស កុំ​ឲ្យ​មានការ​មន្ទិល​ក្នុង​ការ​វិល​ត្រឡប់​មក​រក​ទ្រនំ​ចាស់​វិញ របស់​អ្នកគាំទ្រ ក្នុង​ការ​បោះឆ្នោត​ជាតិ ២០១៨​ខាងមុខ។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ពលរដ្ឋ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង កំពុង​មាន​មន្ទិល​ថា គួរ​វិល​ទៅ​គាំទ្រ​បក្ស​សិទ្ធិមនុស្ស​វិញ និង​ភ្លើង​ទៀន ក៏ប៉ុន្តែ​ពេលនេះ​បក្ស​សិទ្ធិមនុស្ស​បាន​រំលាយ​ខ្លួនឯង នឹង​នាំ​ឲ្យ​ពួកគេ គ្មាន​ឱកាស​បោះឆ្នោត​ឲ្យ​បក្ស​សិទ្ធិមនុស្ស​ទេ។

អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ កំពុង​រារាំង​ក្នុង​ការ​សម្រេចចិត្ត និង​កំពុង​អ៊ុត​មើល ថា​តើ​ចំហាយ​បក្ស​សង្គ្រោះជាតិ​នឹង​ទៅ​ជ្រក​ក្រោម​បក្ស​ណា ពួកគេ​នឹង​បន្ត​គាំទ្រ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល​កាលពី​ខែ វិច្ឆិកា​ឆ្នាំ ២០១៧។

ស្ថាបនិក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ ២០១៧ ដោយ​ចោទ​ថា ក្បត់ជាតិ ដែល​ការ​ចោទ​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ។ មក​ទល់​ពេល​នេះ លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខែត្រ​ត្បូងឃ្មុំ ជាង ៥ ខែ​ហើយ៕

No comments: