Sunday, 14 January 2018
ក្រុមហ៊ុនចិនយូញៀនដឹកនាំកម្លាំងអាជ្ញាធរចុះរុះរើដុតផ្ទះពលរដ្ឋ៨គ្រួសារនៅខេត្តកោះកុង
ដោយ ហេង សកល
2018-01-14
ប្រជាពលរដ្ឋនៅស្រុកមានព្រំប្រទល់ជាប់គ្នាចំនួនពីរ គឺស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង នៅថ្ងៃ៥ កុម្ភៈ បាននាំគ្នាតវ៉ានៅការដ្ឋានក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយក្រុមសន្តិសុខដុតផ្ទះពួកគាត់ ៤៥ខ្នង កាលពីដើមខែកុម្ភៈ ដើម្បីយកដីធ្វើតំបន់ទេសចរណ៍។
Photo: RFA
ពលរដ្ឋអះអាងថា មន្ត្រីបរិស្ថាន និងក្រុមហ៊ុនចិនយូញៀន ឌីវីឡុបមិន គ្រុប ( Union Development Group ) បានដឹកនាំកម្លាំងអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន ជាច្រើននាក់ចុះរុះរើដុត កម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំពលរដ្ឋចំនួន៨គ្រួសារ នៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ចាប់តាំងពីថ្ងៃទី១១ ខែមករា។ អាជ្ញាធរអះអាងថា វិធានការណ៍នោះ គឺដោយសារពលរដ្ឋរស់នៅ និងដាំដំណាំលើដីក្រុមហ៊ុន និងមិនព្រមទទួលយកដំណោះស្រាយ។
ប្រតិបត្តិការចុះរុះរើ ដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំរបស់ពលរដ្ឋទាំង៨គ្រួសារនេះ គឺមានរយៈពេលពីរថ្ងៃហើយចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា។ ក្នុងប្រតិបត្តិការនេះ ពុំមានអំពើហិង្សាផ្ទុះឡើងធ្ងន់ធ្ងររវាងពលរដ្ឋ និងអាជ្ញាធរនោះឡើយ ដោយពលរដ្ឋបានត្រឹមតែស្រែកទ្រហោយំបោកខ្លួនប៉ុណ្ណោះ ខណៈដែលអាជ្ញាធរ បានបាញ់កាំភ្លើងឡើងលើជាច្រើនគ្រាប់ ដើម្បីគំរាម និងព្រមានចាប់វាយខ្នោះ ប្រសិនបើពលរដ្ឋរូបណា ហ៊ានចេញមុខប្រឆាំង ឬរារាំងសកម្មភាពនោះ។
តំណាងពលរដ្ឋម្នាក់ លោក សែម ធី រៀបរាប់ថា កាលពីវេលាម៉ោង១កន្លះ ថ្ងៃទី១១ ខែមករា មន្ត្រីក្រសួងបរិស្ថាន លោក គឹម ឡេង ដែលប្រចាំការនៅក្នុងក្រុមហ៊ុនចិនយូញៀន បាននាំកម្លាំងកងរាជអាវុធហត្ថខេត្ត មានអាវុធគ្រប់ដៃ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន ប្រមាណជាង៥០នាក់ បានចូលរុះរើផ្ទះពួកគាត់ចំនួន៨គ្រួសារ នៅចំណុចឆាយក្រូច ក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់គ្នា រវាងឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ លោកបន្តថា ក្នុងប្រតិបត្តិការនោះ ពួកគេ ក៏បានពង្រាយគ្នាដើរកាប់បំផ្លាញផលដំណាំមួយចំនួន មាន ដូចជា ដូង ចេក ស្វាយ ដំឡូង ខ្នុរ និងស្វាយចន្ទី លើផ្ទៃដីជាង ២៥ហិកតារ ដែលបានដាំកាលពីជាង២ឆ្នាំមុន។ កាលថ្ងៃទី១២ ខែមករា កម្លាំងអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន បានបន្តមកដុតកម្ទេចផ្ទះពលរដ្ឋ និងបន្តកាប់បំផ្លាញផលដំណាំ ដែលនៅសេសសល់ឲ្យរាបដល់ដី ដោយក្រុមហ៊ុន ចោទថា ពួកគាត់បានដាំដំណាំប៉ះពាល់លើដីរបស់ក្រុមហ៊ុន។
លោក សែម ធី ឲ្យដឹងថា កាលថ្ងៃសុក្រ ទី១២ ខែមករា គឺពលរដ្ឋកំពុងជញ្ជូនអីវ៉ាន់ និងរបស់របរចេញពីទីដីក្នុងតំបន់នោះទាំងបង្ខំ ចូលទៅក្នុងភូមិសំរ៉ុងតាកែវ ឃុំព្រែកខ្សាច់វិញ ព្រោះអាជ្ញាធរ និង ក្រុមហ៊ុនព្រមានថា បើអ្នកភូមិមិនចាកចេញនោះទេ កម្លាំងសមត្ថកិច្ចនឹងចាប់ខ្លួន។ លោកថា ប្រជាពលរដ្ឋបានទៅរស់នៅ និងចាប់ដីធ្វើចម្ការទីនោះ ជាង៣ឆ្នាំមកហើយ ព្រោះដោយសារជីវភាពខ្វះខាត និងឃើញដីទីនោះទំនេចោល។ ក្រោយក្រុមហ៊ុន និងអាជ្ញាធរ ដុតបំផ្លាញផ្ទះ និងកាប់ដំណាំពួកគាត់ ដូច្នេះនឹងបណ្ដាលឲ្យជីវភាពួកគាត់នឹងធ្លាក់ដុនដាបកាន់តែខ្លាំង។
ស្ត្រីរងគ្រោះម្នាក់ទៀត ឈ្មោះ ទេព សារឿន រៀបរាប់ថា លោកស្រី ពិតជាតក់ស្លុត និងសោកស្ដាយ ខ្លាំងណាស់ ដែលកម្លាំងអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន សុទ្ធតែជាជនជាតិខ្មែរ តែបែរជាលើកដៃកាប់ ផលដំណាំ និងដុតបំផ្លាញផ្ទះពួកគាត់ទាំងកម្រោលបែបនេះ។ ការចូលទៅរស់នៅ និងធ្វើចម្ការទីនោះ ក៏ព្រោះតែក្រុមហ៊ុនបានកាយប្រឡាយធ្វើឲ្យច្រាលភក់ខ្សាច់ប៉ះពាល់លំនៅឋាននិងដីស្រែ របស់ពួកគាត់កាលពីមុនដែរ។ ស្ត្រីរូបនេះ បន្តថា ក្រុមហ៊ុននិងអាជ្ញាធរ ត្រូវតែទទួលខុសត្រូវសង់ ថ្លៃកម្លាំងពលកម្មជូនពួកគាត់វិញ។
ប្រជាពលរដ្ឋអំពាវនាវឲ្យរដ្ឋាភិបាល ជួយកាត់ឆ្វៀលដីនៅតំបន់នោះជូនពួកគាត់កាន់កាប់អាស្រ័យផល ដើម្បីចិញ្ចឹមជីវិត ព្រោះថា ពេលនេះ ពួកគាត់គ្មានទីពឹងអ្វីឡើយ។ អ្នកខ្លះទៀត ក៏អំពាវនាវឲ្យ ក្រុមហ៊ុនជួយផ្ដល់សំណងកម្លាំងពលកម្មជូនពួកគាត់វិញ ចន្លោះចាប់ពី២ពាន់ទៅ៥ពាន់ដុល្លារ ក្នុង១ហិកតារ ព្រោះដំណាំរបស់ពួកគាត់បានទទួលផលខ្លះទៅហើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមន្ត្រីក្រសួងបរិស្ថានឈ្មោះ គឹម ឡេង ដែលប្រចាំការនៅក្នុងក្រុមហ៊ុនចិន និងអភិបាលរងខេត្តទទួលបន្ទុកដោះស្រាយដីធ្លី លោក អន ភារៈ កាលថ្ងៃទី១២ខែមករាបាន ទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ រីឯមេឃុំព្រែកខ្សាច់ លោក រៀម រុំ ក៏មិនទទួលទូរស័ព្ទដែរ។ ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ម៉ន ផល្លា មានប្រសាសន៍ថា ប្រជាពលរដ្ឋ បានចូលទៅរស់នៅលើដីក្រុមហ៊ុន ដូច្នេះហើយទើបអាជ្ញាធរសហការគ្នា ចុះទៅសម្របសម្រួល ប៉ុន្តែពលរដ្ឋ នៅតែមិនព្រមទទួលយកការសម្របសម្រួលរបស់អាជ្ញាធរនោះទេ។
នៅពេលអាស៊ីសេរីសួរថា បើអាជ្ញាធរចុះទៅសម្របសម្រួលដោះស្រាយ ហេតុអ្វីចាំបាច់ដុតផ្ទះពលរដ្ឋ និងកាប់បំផ្លាញផលដំណាំ? លោក ម៉ន ផល្លា គ្រាន់តែឆ្លើយខ្លីថា គេបានដោះស្រាយហើយ តែដោយសារពលរដ្ឋមិនចេះស្ដាប់គ្នា។
ផ្ទុយពីការលើកឡើងនេះ ពលរដ្ឋថា ពុំមានការចុះទៅសម្របសម្រួលនោះទេ គឺអាជ្ញាធរបានចុះរុះរើដុតផ្ទះ និងកាប់បំផ្លាញផលដំណាំទាំងកម្រោលតែម្ដង ហើយក៏គ្មានប្រកាសចែកដីធ្លីកន្លែងផ្សេង ដល់ពួកគាត់នោះដែរ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការលើកឡើងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង គឺគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ។ លោក អ៊ិន គង់ជិត ដែលធ្លាប់ចុះទៅអង្កេតដីនៅតំបន់នោះ រៀបរាប់ថា ចំណុចដីទំនាស់នេះ គឺជាចំណុច ស្នូលនៃតំបន់ការពារក្នុងឧទ្យានជាតិបុទុមសាគរ ដែលក្រសួងបរិស្ថានមិនគួរផ្ដល់ទៅឲ្យក្រុមហ៊ុនចិននោះទេ ដោយសារទីនោះមានជីវចម្រុះច្រើន។
លោកបន្ថែមថា មូលហេតុដែលពលរដ្ឋទៅកាន់កាប់ដីនោះព្រោះពួកគាត់គ្មានកន្លែងរស់នៅ ហើយពួកគាត់យល់ថាដីនោះ គឺជាដីទំនេរដែលនៅចន្លោះឧទ្យានជាតិ និងក្រុមហ៊ុនចិន។ លោកថា ក្រុមហ៊ុន និងអាជ្ញាធរ ក៏មានកំហុសដែរ ដោយសារកន្លងមកមិនបានបោះផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ដី និងមិនបានរារាំងពួកគាត់ដែលចូលទៅរស់នៅតាំងពីដំបូងឡើយ។ «»
ក្រុមហ៊ុនយូញៀន ឌីវេឡុបមិន គ្រុប បានជួលដីពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០០៨ ក្នុងភូមិសាស្ត្រឃុំចំនួន៥ នៃស្រុកពីរ គឺបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង លើទំហំផ្ទៃដីចំនួន ៣ម៉ឺន៦ពាន់ហិកតារ ដើម្បីធ្វើជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម ដែលរួមមានការសាងសង់ព្រលានយន្តហោះ និងទីលានវាយកូនគោលដែលមានតម្លៃសរុបចំនួន ៥ពាន់លានដុល្លារ។ នៅឆ្នាំ២០១១ ក្រុមហ៊ុនចិន មួយនេះ បានជួលដីពីរដ្ឋាភិបាលជាង៩ពាន់ហិកតារថែមទៀត។
លោក អ៊ិន គង់ជិត ឲ្យដឹងថា ការផ្តល់ដីសម្បទានទំហំធំនេះ បានប៉ះពាល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយរហូតមកដល់ពេលនេះ នៅសល់ពលរដ្ឋជាង ១រយគ្រួសារកំពុងក្រាញននៀល មិនចាក់ចេញពីលំនៅឋាន។ ចំណែកក្រុមហ៊ុនចិន ក៏មិនទាន់ឃើញអនុវត្តគម្រោងអ្វីធំដំនោះដែរមកទល់ពេលនេះ ដោយទើបតែឃើញសាងសង់សណ្ឋាគារមួយ និងកន្លែងវាយកូនគោលប៉ុណ្ណោះ។
មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជូនក្រុមការងារ ឬចុះមកពិនិត្យ ដោយផ្ទាល់នៅកន្លែងដីទំនាស់ ដើម្បីមានគោលការណ៍ណែនាំ ឬមានដំណោះស្រាយល្អជាងនេះ ដោយមិនត្រូវឲ្យក្រុមហ៊ុន និងកងកម្លាំងអាជ្ញាធរចុះដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំដែលប្រជាពលរដ្ឋ ខំដាំនិងថែរក្សាឡើយ។ ទង្វើបែបនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋ និងធ្វើឱ្យជីវភាព ពលរដ្ឋកាន់តែធ្លាក់ដុនដាប៕
Subscribe to:
Post Comments (Atom)
1 comment:
This situation shows that Hun Sen is a second Pol Pot of New Killing Fields that allows the Chinese business traders to destroy the lives of Cambodian people while the secret Vietnamese agents are waiting for the chance (just like a group of Vultures) to kill more Cambodia people to fool the world that Chinese are only killers. Vietnamese secret agents are very clever.
Hun Sen is very stupid, dumb, blind and naive. Hun Sen is actually a Vietnamese slave or puppet. Chinese are not stupid when Hun Sen is a puppet of Vietnam.
Post a Comment