Sunday, 14 January 2018
មេធាវីអង់គ្លេសថាតុលាការ ICC អាចនឹងបើកការស៊ើបអង្កេតបឋមនៅដើមឆ្នាំនេះ
ដោយ មួង ណារ៉េត
2018-01-13
មេធាវីអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥។
RFA/Yun Samean
មេធាវីអន្តរជាតិសម្ដែងសុទិដ្ឋិនិយមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងងាកមកពិចារណាលើបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង និងពលរដ្ឋដែលរងគ្រោះដោយការរំលោភដីធ្លី។
មេធាវីជនជាតិអង់គ្លេស ដែលបានដាក់ពាក្យប្ដឹងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចនឹងបើកការស៊ើបអង្កេតបឋមនៅដើមឆ្នាំនេះ។
លោក រីឆាត រ៉ូជើរ (Richard Rogers) ប្រាប់អាស៊ីសេរី កាលពីថ្ងៃសុក្រ ទី១២ ខែមករា ថា សំណុំរឿងនេះបានវិវត្តចូលដល់ដំណាក់កាលកាន់តែកៀកទៅនឹងការស៊ើបអង្កេតបឋមហើយ។ លោកអះអាងថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ខាងព្រះរាជអាជ្ញាតុលាការនេះ ជាប់ដៃរវល់ខ្លាំងរឿងស៊ើបអង្កេតករណីប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) និងករណីបន្ទាន់មួយពាក់ព័ន្ធនឹងប្រទេសប៊ូរុនឌី (Burundi) ដោយសារប្រទេសនេះ សម្រេចដកខ្លួនចេញពីរដ្ឋភាគីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រោយពីតុលាការនេះ បានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ជុំវិញករណីចោទប្រកាន់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតឡើងនៅក្នុងប្រទេសនេះក្នុងរវាងឆ្នាំ២០១៥ និង២០១៧។
លោក រីឆាត រ៉ូជើរ បន្ថែមថា បន្ទាប់ពីករណីប្រទេសទាំងពីរនេះ គឺដល់វេនប្រទេសកម្ពុជា ម្ដងហើយ៖ «ឥឡូវនេះខ្ញុំរំពឹងទុក និងសង្ឃឹមថា ប្រទេសកម្ពុជា នឹងជាប្រទេសដែលត្រូវតុលាការស៊ើបអង្កេតបន្ទាប់ ដោយសារពាក្យបណ្ដឹងរបស់យើងចូលដល់ដំណាក់កាលនេះហើយ។ ខ្ញុំសង្ឃឹមនៅដើមឆ្នាំនេះ។ ទោះជាយ៉ាងនេះក្តី យើងក៏គួរដឹងដែរថា យើងពិបាកព្យាករទុកណាស់ ព្រោះជួនកាលតុលាការនេះ ត្រូវជាប់ដៃនឹងរឿងក្ដីដទៃទៀត ដែលអាចបន្ទាន់ខ្លាំង។ ទោះជាពិបាកស្មានត្រូវយ៉ាងណាក្តី ក៏ខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា ប្រហែលពីរបីខែខាងមុខនេះ តុលាការនេះនឹងសម្រេចសមស្របមួយក្នុងការបើកការស៊ើបអង្កេតបឋមជាផ្លូវការ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតពេញលេញជាបន្តបន្ទាប់ទៅទៀត»។
លោកមេធាវី រីឆាត រ៉ូជើរ បំភ្លឺបន្ថែមជុំវិញការស៊ើបអង្កេតបឋមមួយដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះ ធ្លាប់បានធ្វើម្តងរួចមកហើយ ក្នុងករណីប្រទេសកម្ពុជានេះ។ ប៉ុន្តែ លោកបញ្ជាក់ថា ការស៊ើបអង្កេតបឋមនោះ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនស៊ីវិលនៅលើកប៉ាល់ដឹកជំនួយមនុស្សធម៌ ដែលក្នុងនោះមានកប៉ាល់មួយមានដោតទង់ជាតិកម្ពុជា។ ដោយសារតែមូលហេតុនេះទើបប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ១២ ដែលស្ថិតក្នុងការស៊ើបអង្កេតបន្ទាន់ កាលពីឆ្នាំ២០១៣ នោះ។
នៅឆ្នាំ២០១៤ ព្រះរាជអាជ្ញាបានប្រកាសឈប់បន្តការស៊ើបសួរនោះ ដោយសារតែព័ត៌មានដែលប្រមូលបានគ្មានមូលដ្ឋានសមហេតុផលដើម្បីបន្តស៊ើបអង្កេតរឿងនេះតទៅទៀត។ ក៏ប៉ុន្តែ លោក រីឆាត រ៉ូជើរ បានអះអាងថា សំណុំរឿងកប៉ាល់ដែលមានដោតទង់ជាតិកម្ពុជា និងសំណុំរឿងដែលលោក និងលោកមេធាវី មូរតុន ក្លារ (Morton Sklar) ប្តឹងរដ្ឋាភិបាលលោក ហ៊ុន សែន នោះគឺមិនពាក់ព័ន្ធគ្នាទេ ដោយសារតែសំណុំរឿងដែលលោកដាក់ប្ដឹងមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងមានភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងដោយក្រុមអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន៖ «បើយើងពិនិត្យមើលទំហំនៃបទឧក្រិដ្ឋនោះទាំងមូលបញ្ចូលគ្នា នោះយើងនឹងឃើញ អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅកម្ពុជា។ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនេះ ជាបទឧក្រិដ្ឋមួយក្នុងចំណោមបទឧក្រិដ្ឋធ្ងន់ធ្ងរទាំងបួន ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តាធិការជំនុំជម្រះក្តី។ តុលាការអន្តរជាតិនេះ មានយុត្តាធិការលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា បានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូមរួចហើយ»។
បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ហើយដែលជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។
លោក រីឆាត រ៉ូជើរ (Richard Rogers) និងលោក មូរតុន ក្លារ បានដាក់បណ្ដឹងម្នាក់មួយកាលពីឆ្នាំ២០១៤ ប្តឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយសារការជ្រៀតជ្រែកកិច្ចការសាលាក្ដីខ្មែរក្រហម ការធ្វើទុក្ខបុកម្នេញលើមន្ត្រីគណបក្សប្រឆាំង ការបំផ្លាញធនធានធម្មជាតិ និងរឹបអូសដីធ្លី និងបង្ខំបណ្តេញប្រជាពលរដ្ឋពីលំនៅឋានជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment