Saturday 20 January 2018

សង្គម​ស៊ីវិល​អាមេរិក​​ លើក​ទឹកចិត្ត​សង្គម​ស៊ីវិល​ខ្មែរ​ឲ្យ​ជម្នះ​ការ​គាប​សង្កត់ ​ដើម្បី​សេរីភាព


Khmer Circle: Yet more concrete evidence of civil groups working in conspiracy with foreigners with the aim of "overthrowing" a "legitimate" and "democratically elected government" backed only by Hanoi and Beijing? "Treason" indeed as defined by actual traitors... 


>>>

19 មករា 2018
សាយ មុន្នី
voa
រូបឯកសារ៖ ប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ ប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)



វ៉ាស៊ីនតោន —

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាមេរិកាំង​ធំៗ​មួយ​ចំនួន បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខ្មែរ បន្ត​ជម្នះ​នឹង​ការ​រឹត​បន្តឹងនិង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​រក្សា​លំនឹង​សេរីភាព​និង​រុញច្រាន​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

អ្នកនាង Laura Rosenberger នាយិកា​នៃ​សម្ព័ន្ធ​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ​ឬ Alliance for Securing Democracy និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់នៃ​អង្គការ German Marshall Fund ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ បន្ទាប់​ពី​កិច្ច​ពិភាក្សាមួយ​ស្ដីពី​សេរីភាព​ក្នុង​ពិភពលោក ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​វិទ្យាស្ថាន American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា​នេះ​ថា ​ប្រទេស​កម្ពុជា មាន​អង្គការ​សង្គម​ស៊ីវិល​ដ៏​សម្បូរ​បែប ហើយ​ក៏​មាន​មេដឹកនាំ​ប្រឆាំង​សំខាន់ៗ​មួយ​ចំនួន​ដែរ។



«ជា​ការ​ពិត​ណាស់​ លោក ហ៊ុន សែន បាន​ចាត់វិធានការ​ប្រឆាំង​នឹង​មេដឹកនាំ​ជាច្រើន​កន្លង​មក ហើយ​បាន​ព្យាយាម​បិទ​ឬ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នេះ​មែន ប៉ុន្តែ ខ្ញុំ​នៅ​តែ​គិត​ថា​ភាព​រស់រវើក​របស់​ពលរដ្ឋ​កម្ពុជា គឺ​ជា​កត្តា​សំខាន់​បំផុត ដែល​អាច​រុញ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​កម្ពុជា ទៅ​មុខ​ទៀត​បាន»។

អ្នកនាង Laura Rosenberger នាយិកា​នៃ​សម្ព័ន្ធ​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ(Alliance for Securing Democracy)និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់នៃ​អង្គការ German Marshall Fund ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ឯ​វិទ្យាស្ថាន ​American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)
អ្នកនាង Laura Rosenberger នាយិកា​នៃ​សម្ព័ន្ធ​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ(Alliance for Securing Democracy)និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់នៃ​អង្គការ German Marshall Fund ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ឯ​វិទ្យាស្ថាន ​American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)


ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ ចំ​ពេល​ដែល​អង្គការ​ Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​ចុងក្រោយ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា«‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ដែល​របាយការណ៍នេះ បាន​បង្ហាញ​ថា​សេរីភាព​ក្នុង​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង បាន​បន្ត​ធ្លាក់​ចុះក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​មក​នេះ។

ការ​ធ្លាក់​ចុះ​សិទ្ធិ​នយោបាយ​និង​សេរីភាព​ពលរដ្ឋ​របស់​ប្រទេស​កម្ពុជា គឺ​ដោយសារ​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង រួម​ទាំង​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​សំខាន់​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការ Freedom House នេះ។

លោក Michael J. Abramowitz ប្រធាន​អង្គការ​ Freedom House បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​ ក្រោយ​ពី​កិច្ច​ពិភាក្សា​ស្ដីពី​សេរីភាព​ក្នុង​ពិភព​លោក​នេះ​ដែរ​ថា ក្នុង​កាលៈទេសៈ​ដែល​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ផ្ទាល់​ កំពុង​រង​ការ​គំរាមកំហែង​ដែរ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​តែ​ដើរ​តួនាទី​កាន់​តែ​សំខាន់​ជាង​មុន ក្នុង​ការសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​ និង​ធានា​សេរីភាព​និង​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន។

«‍ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សង្គម​ស៊ីវិល​កម្ពុជា ហើយ​វា​មាន​សារៈសំខាន់​ណាស់​ ដែល​សង្គម​ស៊ីវិល​កម្ពុជា ត្រូវ​មាន​ជំហរ​រឹងប៉ឹង និង​ជម្នះ​ឧបសគ្គ​ឱ្យ​បាន​មោះមុត​បំផុត​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ ដើម្បី​ទទួល​បាន​សេរីភាព​នេះ»។

លោក John Norris នាយក​ប្រតិបត្តិ​នៃ​គម្រោង​កសាង​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចិរភាព​នៃ​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង ឬ ​Center for American Progress បាន​ថ្លែងទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​មួយ​ស្តីពី​សេរីភាព​ពិភពលោក​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)
លោក John Norris នាយក​ប្រតិបត្តិ​នៃ​គម្រោង​កសាង​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចិរភាព​នៃ​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង ឬ ​Center for American Progress បាន​ថ្លែងទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​មួយ​ស្តីពី​សេរីភាព​ពិភពលោក​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)


ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​វិធានការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ កឹម សុខា ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ និង​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជានេះ ហើយ​ហាមឃាត់​សមាជិក​ជាន់ខ្ពស់​និង​សំខាន់ៗចំនួន​១១៨​រូប​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ព្រមទាំង​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​ផង​ដែរ។

​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ជាច្រើន មើល​ឃើញ​ថា ការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ កំពុងតែ​ត្រដរ​ខ្យល់ ឬ​អ្នក​ខ្លះ ថែម​ទាំង​បាន​ចាត់​ទុក​ថា​ លទ្ធិប្រជាធិបតេយ្យ​នេះ ស្លាប់​បាត់​ទៅ​ហើយ។

លោក John Norris នាយក​ប្រតិបត្តិ​នៃ​គម្រោង​កសាង​សន្តិភាព និង​សន្តិសុខ​ប្រកបដោយ​ចិរភាព​នៃ​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង ឬ ​Center for American Progress បាន​ថ្លែងទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​ដែរ​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ដឹកនាំ​មួយ​ព្យាយាម​កែ​ច្បាប់ ​ឬ​វិធាន​ដែល​មាន​ស្រាប់​ នោះ​ពលរដ្ឋ​ត្រូវ​តែ​រិះរក​វិធី​ផ្សេង ដើម្បីដោះស្រាយ​ការ​ផ្លាស់ប្ដូរ​ដែល​ប្រព័ន្ធ​ដឹកនាំ​នោះ បាន​ធ្វើ​ស្រេច​តែ​ចិត្ត​នឹក​ឃើញ។

«‍នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ប្រព័ន្ធ​ហ្នឹង វា​ស្ថិត​ក្រោម​ការ​គំរាមកំហែង នោះ​អ្នក​ត្រូវ​ចាប់​ផ្ដើម​ចាត់វិធានការ​បែប​វិសាមញ្ញ ដែល​អាច​ចេញ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​បាន»។

កម្ពុជា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង​៣០០០ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ អង្គការ​មួយ​ចំនួន ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជាមុខសញ្ញា​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ ដោយសារ​តែ​សកម្មភាព​តស៊ូ​មតិ​បែប​រិះគន់​ ឬសកម្មភាព​ផ្សេងៗ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ខុសច្បាប់​ឬ​មាន​លក្ខណៈ​ញុះញង់។

ក្នុង​នោះ អង្គការ​ក្រៅ​រដ្ឋាភិបាលអន្តរជាតិ NDI ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឬ​គោលនយោបាយ​របស់​រដ្ឋាភិបាល ត្រូវ​បាន​បិទ ហើយ​និង​ខ្លះ​ទៀត​ ត្រូវ​បង្ខំ​ឲ្យ​ព្យួរ​សកម្មភាព​មួយ​រយៈ ខណៈ​ដែល​រដ្ឋាភិបាល បន្ត​ឃ្លាំ​មើលសកម្មភាព​អង្គការ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ការងារ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ធ្វើ​សកម្មភាព​លេចធ្លោ​ខាង​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជា​ឲ្យ​ស៊ើបអង្កេត​និង​ហៀប​នឹង​ឈាន​ទៅ​ដល់​ការ​បិទ​ទ្វារ តែ​ត្រូវ​ខកខាន​ទៅ​វិញ ដោយសារ​តែ​អាជ្ញាធរ​ រក​មិន​ឃើញ​ការ​ជាប់ពាក់ព័ន្ធ​របស់​អង្គការ​នេះ ជាមួយ​នឹង​ស្ថាបនិក​របស់​អង្គការនេះ​គឺ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ ក្រោម​បទ​ចោទប្រកាន់​ពី​ការ​សមគំនិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។

​ចាប់តាំង​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ជាពិសេស​តាំង​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​មក ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ហ៊ាន​ទិតៀន​ឬ​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​សកម្មភាព​មួយ​ចំនួន​របស់​ខ្លួន ហើយខ្លះ​ទៀត​ ស្ទើរ​តែ​មិន​ហ៊ាន​និយាយអំពី​ការ​បង្ក្រាប​នេះ​ទេ ដោយសារ​តែ​ការ​បារម្ភ​ពី​លទ្ធភាព​នៃ​ការ​បិទ​ស្ថាប័ន​របស់​ខ្លួន​ឬ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ថែម​ទាំង​បាន​រត់​គេច​ខ្លួន​ ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​សារ​ការ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​រដ្ឋាភិបាល​នេះ​មក។

រូបឯកសារ៖​ លោក​ សៀ ភារម្យ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន ចូលរួម​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​ស្ទូឌីយោ​ផ្សាយ​របស់​VOA ក្នុង​រដ្ឋធានី កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖​ លោក​ សៀ ភារម្យ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន ចូលរួម​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​ស្ទូឌីយោ​ផ្សាយ​របស់​VOA ក្នុង​រដ្ឋធានី កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ទែន សុខស្រីនិត/VOA)


លោក​ សៀ ភារម្យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ដែល​ជា​អង្គការ​មួយ​ស្ថិត​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ​នោះ បាន​ថ្លែង​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖

«‍កុំ​ថា​ឡើយ​ដល់​ប្រមូល​ផ្ដុំ​អី រិះគន់​រដ្ឋាភិបាល​អី គឺ​គ្រាន់តែ share Facebook (ចែករំលែក​ព័ត៌មានតាម​ហ្វេសប៊ុក)​ គ្នា​ហ្នឹង​ ក៏​ជាប់​គុក​ដែរ។ អា​ហ្នឹង​ហើយ គឺ​ជា​ការ​ប្រាសចាក​របស់​រដ្ឋាភិបាល​ខុសច្បាប់​បច្ចុប្បន្ន​ ដែល​គាត់​កំពុង​តែ​រំកិល​ខ្លួន​ទៅ​ដូច​ស្ថានភាព​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​អញ្ចឹង​បាទ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សៀ ភារម្យ ថ្លែង​ថា អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ អាច​ធ្វើ​បាន គឺ​ការ​បណ្ដុះបណ្ដាល​សកម្មជន​ដែល​ស្រលាញ់​យុត្តិធម៌​និង​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

«‍សង្គម​ស៊ីវិល គឺ​ថា​យើង​មិន​មាន​អី​ការ​ពារ​ខ្លួន ដូច​គេ​អ្នក​ផ្ដាច់ការ​ទេ។ ក្រុម​គេ​អ្នក​ផ្ដាច់ការ គឺថា​គេ​មាន​អាវុធ គេ​មាន​គុក គេ​មាន​តុលាការ​គ្រប់​បែបយ៉ាង ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការ​បណ្ដុះ​នូវ​សកម្មជន​ហ្នឹង​ ឲ្យ​ច្រើន​ថែម​ទៀត។ កាល​ណា​តែ​មាន​សកម្មជន​ ងើបឡើង​ច្រើន​ថែម​ទៀត នោះជន​ផ្ដាច់ការ​គឺ​ថាគាត់​ពិបាក​ហើយ»។

លោក​ សៀ ភារម្យ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេសដែរ​នោះ ​មាន​ប្រសាសន៍​ថា ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង​ក្រៅ​រួម​ទាំង​អាមេរិកាំងផង នឹង​កាន់តែ​ប្រសើរ​ថែម​ទៀត។

«‍ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​អាមេរិក ជាពិសេស​គឺ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទី​នេះ នឹង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​រួបរួម​គ្នា​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា បញ្ចុះបញ្ចូល​ទៅ​ដល់​រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក ឲ្យ​គិត​គូរ​ពី​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា»។

កម្ពុជា​ កំពុង​ត្រៀម​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ទោះ​បី​ជា​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​រំលាយ​ចោល បាន​ស្នើ​ឲ្យ​មាន​ការ​លើក​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​នេះ​ក៏​ដោយ។

លោក សឹង សែនករុណា ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​ ដែល​មាន​បុគ្គលិក​ជាន់​ខ្ពស់​៤​នាក់​របស់​ខ្លួន ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​ដែរ​នោះ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរ​តែ​បើកចំហដល់​គ្រប់​ភាគី​ និង​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់​ ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

«‍ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​គ្រប់​សកម្មភាព​នយោបាយ ដែល​មាន​ចែង​នៅ​ក្នុង​នីតិ​វិធី​នៃ​ការ​បោះឆ្នោត​ដែល​ជា​បទដ្ឋាន​មួយ​ដែល​យើង​ឲ្យ​តម្លៃ​ថា​វា​ត្រឹមត្រូវ​តាម​លក្ខណៈ​អន្តរជាតិ មិនមែន​ជា​ការ​ដែល​បង្កើត​ឡើងទៅ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​ទៅ​តាម​បុគ្គល​ ឬ​ក្រុម​ ឬ​គណបក្ស​នយោបាយ​ណា​មួយ ​តាម​ការ​កម្រិត​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ណា​មួយ​នោះ​ទេ​បាទ»។

ប៉ុន្តែ លោក សុខ ឥសាន ​អ្នក​នាំ​ពាក្យរបស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​វីអូអេ​ថា ការ​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​ស្រប​ច្បាប់​ហើយ។

«‍ការ​ប្រកួតប្រជែង​គ្នា​គឺ​ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យនិង​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ហើយ​ប្រសិន​ជា​ការ​ប្រកួតប្រជែង​ណា​ដែល​រំលង គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​ល្មើសច្បាប់ អា​ហ្នឹង​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ហ្នឹង ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហ្នឹង​ហើយ»។

លោក សុខ ឥសាន​ បន្ត​ថា ៖

«‍ការ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង ក៏​ដូចជា​មន្ត្រី​សំខាន់ៗ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រឆាំង​នេះ ​គឺ​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ទេ​ គឺ​មិនមែន​ធ្វើ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ទេ​បាទ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ បន្ថែម​ថា ការ​ថ្លែង​ពី​ការ​គាបសង្កត់​ឬ​ធ្វើ​ទុក្ខបុកម្នេញលើ​បក្ស​ប្រឆាំង ​ឬ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​បុគ្គល ប៉ុន្តែ វា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ។

លោក Arch Puddington អ្នក​ស្រាវជ្រាវ​ដ៏​ចំណាន​ខាង​ការ​សិក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​នៃ​អង្គការFreedom House នៅ​ឯ​វិទ្យាស្ថាន ​American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)
លោក Arch Puddington អ្នក​ស្រាវជ្រាវ​ដ៏​ចំណាន​ខាង​ការ​សិក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​នៃ​អង្គការFreedom House នៅ​ឯ​វិទ្យាស្ថាន ​American Enterprise Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៨។ (សាយ​ មុន្នី/VOA)


យ៉ាង​ណា​ក៏​ដោយ លោក Arch Puddington អ្នក​ស្រាវជ្រាវ​ដ៏​ចំណាន​ខាង​ការ​សិក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​នៃ​អង្គការ Freedom House ​ថ្លែង​ប្រាប់​វីអូអេ ក្នុង​បទសម្ភាសន៍​ដែរ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែ​មួយ​ មិន​ទាន់​គ្រប់គ្រាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជាទេ៖

«‍ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ ដែល​មិន​មាន​សុទិដ្ឋិនិយម​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា សង្គម​ស៊ីវិល​ បូក​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នឹង​ក្លាយ​ជា​មធ្យោបាយ​មួយ ដែល​គេ​ប្រើ​បាន​ ដើម្បី​រក្សា​កម្រិត​នៃ​សំឡេង​ប្រឆាំង នៅ​ពុះ​កញ្ជ្រោល​ក្នុង​ប្រទេស​កម្ពុជា»។

សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Ben Sasse មក​ពី​រដ្ឋ ​Nebraska ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សាដែរ​ថា សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក៕

No comments: