កិបកេងលុយពីបុណ្យសព
19 មករា 2018
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ ផ្នូររបស់លោកបណ្ឌិត កែម ឡី ស្ថិតនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ។
ក្នុងដីកានោះក៏បានដាក់ឲ្យគណៈកម្មការបុណ្យទាំងបីរូប ស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នដោយសំអាងហេតុផលថា ដើម្បីបង្ការនិងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
ភ្នំពេញ —
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតគណៈកម្មការបុណ្យសពលោក កែម ឡី ចំនួនបីរូប ពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងបច្ច័យបុណ្យ ក្រោយទទួលបានបណ្តឹងពីប្រធានគណបក្សនយោបាយមួយ។
ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរចេញដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញារូបនេះ បានចោទប្រកាន់ជាផ្លូវការទៅលើអតីតគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ចំនួនបីរូបពីបទ «រំលោភលើទំនុកចិត្ត» និងសម្រេចបញ្ជូនសំណុំរឿងនេះទៅចៅក្រមដើម្បីស៊ើបសួរបន្ត។ ព្រះរាជអាជ្ញារង គុជ គីមឡុង បញ្ជាក់ក្នុងដីកានោះថា ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងក្រោយការពិនិត្យលើសំណុំរឿង និងពាក្យបណ្តឹងរបស់លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ក្នុងដីកានោះក៏បានដាក់ឲ្យគណៈកម្មការបុណ្យទាំងបីរូប ស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នដោយសំអាងហេតុផលថា ដើម្បីបង្ការនិងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
អតីតគណៈកម្មការបុណ្យសពលោក កែម ឡី ទាំង៣រូបដែលរងបណ្តឹងរបស់អ្នកនយោបាយ ពេជ ស្រស់ថា បានកិបកេងប្រាក់ពីបុណ្យសពលោក កែម ឡី រួមមានដូចជា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សព្រមទាំងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកទាំងបីបានទេរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ទោះយ៉ាងក៏ដោយអតីតគណៈកម្មាធិការទាំងបីរូបធ្លាប់បានច្រានចោលថា ពួកគេមិនបានពាក់ព័ន្ធកិបកេងថវិការនោះឡើយ។
លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅកណ្តាលរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០១៦។ សំណុំរឿងឃាតកម្មដ៏កក្រើកក្នុងរាជធានីមួយនេះកំពុងស្ថិតក្នុងការស៊ើបសួរបន្ថែមបន្ទាប់ពីតុលាការបានកាត់ទោសខ្មាន់កាំភ្លើងមួយរូបឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕
No comments:
Post a Comment