Saturday, 20 January 2018

លោក ហ៊ុន សែន ប្រតិកម្ម​តប​នឹង​ការ​អត្ថាធិប្បាយ​លើ​ការ​ពន្យារ​ពេល​បោះឆ្នោត


19 មករា 2018
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន (ស្តាំ) ត្រៀម​នឹង​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន (ស្តាំ) ត្រៀម​នឹង​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧។



នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា បាន​ផ្សាយ​សម្តី​របស់​លោក​ខុស​ ​ពាក់ព័ន្ធ​នឹង​​​កាល​បរិច្ឆេទ​នៃ​ការពន្យារ​ពេល​​ការបោះឆ្នោត។ លោក​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ខាងមុខ នឹង​ធ្វើ​ឡើង​តាម​ការកំណត់ បើ​ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ដោយ។ អ្នកឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​យល់​ថា រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​​ណា​អាច​​ឲ្យ​គណបក្ស​ប្រឆាំង​បាន​​ចូលរួម​ការ​បោះ​ឆ្នោត​ដើម្បី​ធានា​នូវ​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។



ភ្នំពេញ —

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះប្រកាស​ថា​ ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នឹង​ធ្វើ​ឡើង​តាម​ការ​កំណត់​ដោយ​មិនមាន​ផ្លាស់​ប្តូរ ហើយ​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ក៏​គ្មាន​លទ្ធភាព​ក្នុង​ការ​ប្តូរ​ថ្ងៃ​បរិច្ឆេទ​ក្នុង​ការ​បោះឆ្នោត​បាន​នោះ​ដែរ។



ការ​ប្រកាស​នេះ​ធ្វើ​ឡើងខណៈ​លោកប្រតិកម្មនឹងអត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែលមាន​ចំណង​ជើងថា​ «លោក​នាយក​រដ្ឋ​មន្រ្តី​ថា ការ​បោះឆ្នោត​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូក​ច្របល់»។លោក​ ហ៊ុន សែន ដ៏​មាន​អំណាច​អះអាង​ថា​ អត្ថបទ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​ប្រាស​ចាក​ពី​សម្តី​ផ្ទាល់​របស់​លោក។​

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់​ឆ្នាំ​២០១៧-២០៣០​នា​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មករា​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ លើក​ឡើង​ថា៖

«បើ​អ្នក​ចេះ​ដឹង​មិន​ច្បាស់​ទេ ​អ្នក​គួរតែ​រៀន​ឲ្យ​មាន​ការ​ចេះ​ដឹង ​មិនមែន​គ្រាន់​តែ​ភ្នំពេញប៉ុស្តិ៍រៀន ហើយ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នកចេះ​ដឹង​ជាង​នេះ​ទេ ប៉ុន្តែ​អ្នក​វិភាគ​ទាំង​ឡាយ​គួរ​តែ​ត្រូវ​មាន​ការ​ចេះ​ដឹង។ នៅ​ប្រទេសកម្ពុជា​មាន​ការ​កំណត់​ច្បាស់​លាស់​មួយ​ស្តី​អំពី​ថា សភា​មាន​នីតិកាល​៥​ឆ្នាំ សភា​មិនអាច​រំលាយ​មុន​អាណត្តិ​បាន​ទេ​លើក​លែង​តែ​រដ្ឋាភិបាល​ត្រូវ​រំលាយ​ពីរ​ដង​ក្នុង​រយៈពេល​១២ខែ»។​

ទោះបី​យ៉ាង​ណា លោក ហ៊ុន សែន បន្ថែម​ថា​បន្ត​ថា លោក​មិនមាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ដូច​ការ​ផ្សាយ​និង​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ក្នុង​អត្ថបទនោះ​ទេ។ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​និង​ការបោះឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភា​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ ខាងមុខ​នឹង​ធ្វើ​ឡើង​តាម​កាល​បរិច្ឆេទ​តាម​ការ​គ្រោង​ទុក។​

លោក​ ហ៊ុន សែន បញ្ជាក់ថា៖

«បើទោះបី​មាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏​ដោយ​ការ​បោះឆ្នោត​នេះ​ត្រូវ​តែធ្វើឲ្យ​ខាន​តែ​បាន។ ការ​បោះឆ្នោត​មួយ​តម្រូវ​ឲ្យ​ប្រជាជន​កម្ពុជា​ជា​អ្នក​ចូលរួម​ធ្វើ​ការ​បោះ​ឆ្នោត​ហើយ​មិន​មាន​តម្រូវ​ការ​ឲ្យ​ប្រធានាធិបតី​នៃ​ប្រទេស​ណាមួយ​ឬ​ក៏​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឬ​ក៏​ក្នុង​ក្របខណ្ឌ​យន្តការ​ពហុ​ភាគី​ទទួល​ស្គាល់​នូវ​ការ​បោះ​ឆ្នោត​នេះ​ទេ»។

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសបាន​សរសេរ​លើ​បណ្តាញ​សង្គមTwitter របស់​លោកស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្យារ​ពេល​ការ​បោះឆ្នោត​ដើម្បី​បញ្ចៀស​ទាំង​អំពើ​ហិង្សា​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ។​

លោកបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន​ថា​ ចូរ​ពន្យារ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ​ រហូត​ទាល់​តែ​យើង​ទាំង​អស់​គ្នា​មាន​ការ​ធានា​ថា​ ការ​បោះឆ្នោត​ខាង​មុខ​ទាំង​នោះ​អាច​មាន​ស្តង់ដា​អន្តរជាតិ​ជា​អប្បបរមា។ ការណ៍​នេះ​ នឹង​បញ្ចៀស​ទាំង​អំពើ​ហិង្សា ​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ»។​

ក៏​ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​VOA​ថា ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​មិន​មាន​ហិង្សា​ណាមួយ​ដូចការលើកឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។

លោក​បញ្ជាក់​ថា៖

«ចរិត​ សម រង្ស៊ី ជា​ចរិត​មនុស្ស​ញុះញុង​ដុត​កំហឹង​ប្រជាជន។ មិន​បាន​សម្រេច​លទ្ធផល​ទេ។ គ្មាន​ប្រជាជន​ណា​គេ​ជឿ​តាម​គាត់​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយនៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧កន្លង​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា គណ​បក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ខណៈ​ដែល​ប្រធាន​បក្ស​នេះ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នឹង​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​បក្ស​ជំទាស់​ដ៏​ធំ​នេះ​សិ្ថត​ក្នុង​ការនិរទេស​ខ្លួន​លោក​ សម រង្ស៊ី អតីតប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​និង​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​បាន​ប្រកាស​បង្កើត​ចលនា​មួយ​ដែល​មាន​ឈ្មោះ​ថា ​«ចលនា​សង្គ្រោះ​ជាតិ» ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នឹង​មិន​អាច​មាន​ហិង្សា​ណាមួយ​កើត​ឡើង​នោះ​ទេ​ ដោយ​លោក​ថា រដ្ឋាភិបាល​បាន​ត្រៀម​កង​កម្លាំង​រួច​ជា​ស្រេច​ដើម្បី​បង្រ្កាប​ការ​តវ៉ា។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ពន្យារ​ពេល​ការ​បោះឆ្នោត​ឬ​ធ្វើ​យ៉ាង​ណា​អាចឲ្យ​គណបក្ស​ប្រឆាំង​បានចូលរួម​ការ​បោះ​ឆ្នោតក្នុង​ឆ្នាំ​២០១៨​ខាងមុខ​ ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​នោះមាន​ភាព​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ជៀសវាង​ការរិះគន់​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។

អ្នកវិភាគ​ចាស់​វស្សា​រូបនេះ​មាន​ប្រសាសន៍​ថា៖

«វាអាច​មិន​ឆ្លុះ​បញ្ចាំង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត បើ​អញ្ចឹង​គឺ​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពល​រដ្ឋ​ទេ ដូច្នេះ​គេ​អាច​មិន​ទៅ​ចូលរួម​បាន។ ហើយ​រដ្ឋាភិបាល​ដែល​លេច​ចេញពីការ​បោះ​ឆ្នោត​នោះ​ក៏​មិន​មាននិត្យានុគោលភាព (ភាព​ត្រឹមត្រូវ​តាម​ច្បាប់) គ្រប់គ្រាន់​ទេ​ អាហ្នឹង​គឺ​មាន​ការ​លំបាក។ ទាំង​ក្នុង​ប្រទេស​ក៏​ទទួល​យក​អត់​បាន​ខាង​ក្រៅ​ប្រទេស​ក៏​ទទួល​យក​មិន​បាន​ ដូច្នេះ​រដ្ឋា​ភិបាល​ចេះ​តែ​គ្រប់គ្រង​ទៅ​ប្រើ​អំណាច​បង្ក្រាប​គេ​បង្រ្កាប​ឯងទៅ។ អញ្ចឹង​រដ្ឋាភិបាល​ទៅ​ជា​រដ្ឋាភិបាល​ផ្តាច់​ការ​ទៅ»។

រដ្ឋាភិបាលរបស់លោក​ ហ៊ុន សែន​ បាន​រង​ការ​រិះគន់​ជា​អន្តរជាតិ​ ដោយសារ​ការ​បង្ក្រាប​ក្រុម​ជំទាស់​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​រឹតត្បិត​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ការ​បង្រ្កាប​ទាំង​នោះ​បានធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​នូវ​ទណ្ឌកម្ម​និង​ការ​ព្រមាន​ពី​អន្តរជាតិតាម​រយៈការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ប្រសិន​បើ​មិនមាន​ក្រុម​ជំទាស់​ចូលរួម​និង​ប្រសិន​បើ​ការរៀបចំ​ការ​បោះឆ្នោត​មិនមាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌៕

No comments: