Saturday, 20 January 2018
មន្រ្តីមូលដ្ឋានត្រៀមខ្លួនបោះឆ្នោតឲ្យបក្សកាន់អំណាច ក្នុងការបោះឆ្នោតព្រឹទ្ធសភា ដោយមិនមានបក្សប្រឆាំងដ៏ធំ
19 មករា 2018
ស៊ុន ណារិន
voa
សមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា លោក ទូច ប៉ាវ (ពីស្តាំ) មេឃុំពពេល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នកស្រី ឃុន វ៉ាន់នឿន (ធ្វេងទីពីរ) ជំទប់ទីពីរ ឈរខាងមុខសាលាឃុំ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាផ្សេងទៀត។ អ្នកទាំងពីរជាអង្គបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
ការបោះឆ្នោតព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ដោយមិនមានវត្តមានបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន។ មន្រ្តីថ្នាក់មូលដ្ឋានបានត្រៀមខ្លួនជាស្រេច ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈឃុំសង្កាត់ស្ទើរតែទាំងអស់ ពីគណបក្សសង្រ្គោះជាតិ។
ឃុំពពេល ខេត្តតាកែវ —
នៅក្នុងឃុំពពេលនៃខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សាចំនួន៧នាក់នៃឃុំមួយនេះ មកពីគណបក្សប្រជាជនកម្ពុជា នឹងចូលរួមបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។
នេះជាការបោះឆ្នោតអសកលមួយ ដែលពុំមានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានពលរដ្ឋប្រមាណ៤៣ភាគរយ បានបោះឆ្នោតឲ្យកាលពីកន្លងទៅ។ គណបក្សមួយនេះ ត្រូវបានរំលាយចោលដោយតុលាការកំពូល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយអាសនៈរដ្ឋសភានិងនៅតាមមូលដ្ឋានរបស់ពួកគេត្រូវបានបែងចែកឲ្យគណបក្សផ្សេង ដោយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាជាអ្នកទទួលបានអាសនៈស្ទើរទាំងអស់។
មិនមានមន្ទិលអ្វីនោះទេ ដែលក្រុមប្រឹក្សាគ្រប់គ្រងដោយគណបក្សកាន់អំណាចនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បើទោះការបោះឆ្នោតនោះ ជាការបោះឆ្នោតដោយសម្ងាត់ក៏ដោយ។
សាលាឃុំពពេល ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គណបក្សសង្រ្គោះជាតិបានឈ្នះតំណែងមេឃុំសម្រាប់សាលាឃុំមួយនេះ តែត្រូវបានបែងចែកអាសនៈទៅគណបក្សប្រជាជនកម្ពុជាវិញ ក្រោយបក្សប្រឆាំង ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
សាលាឃុំពពេលដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ជាឃុំមួយដែលគណបក្សសង្រ្គោះជាតិ បានឈ្នះតំណែងមេឃុំ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សសង្រ្គោះជាតិបានឈ្នះ៤អាសនៈ ក្នុងចំណោម៧អាសនៈ។
អង្គុយនៅអគារសាលាឃុំ ជាមួយសមាជិកក្រុមប្រឹក្សាផ្សេងទៀត លោក ទូច ប៉ាវ ជាមេឃុំពពេល ដែលទើបតែឡើងថ្មី ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ហើយអាសនៈឃុំរបស់បក្សប្រឆាំង ត្រូវបានបែងចែកឲ្យគណបក្សប្រជាជនកម្ពុជា។
លោក ទូច ប៉ាវ បានថ្លែងប្រាប់VOAថា លោកនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹង តាមគោលការណ៍ច្បាប់ វាត្រូវតែបោះហើយគណបក្សប្រជាជន ព្រោះយើងជាសមាជិកគណបក្សប្រជាជនហើយ យើងមិនត្រូវបោះជូនគាត់ អាហ្នឹងវាអញ្ចឹង។ សិទ្ធិសេរីភាពរបស់គេម្នាក់ៗ ជួនកាលគេអាចទៅបក្សណា អាហ្នឹងរឿងរបស់គេ យើងមិនអាចដឹងបាន ។ តែសម្រាប់ខ្ញុំ គឺបោះឆ្នោតជូនគណបក្សប្រជាជនហើយ ព្រោះគោលដៅរបស់ខ្ញុំ ខ្ញុំវាកើតនៅហ្នឹង រស់នៅហ្នឹងហើយ វាត្រូវតែ ទៅហ្នឹងហើយ»។
លោក ប៉ាវ ជាអតីតមន្រ្តីគណបក្សប្រឆាំង គឺគណបក្សសម រង្ស៊ី។ លោកបានចូលជាមួយគណបក្ស សម រង្ស៊ី កាលពីឆ្នាំ១៩៩៣ ដោយពេលនោះលោកយល់ថា លោក សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យម្នាក់។
លោកមានប្រសាសន៍ថា៖ «នឹកឃើញថា គាត់(សម រង្ស៊ី)ប្រជាធិបតេយ្យ តែដល់ទីបំផុត គាត់មិនប្រជាធិបតេយ្យ ទៅជាធ្វើឲ្យអសន្តិសុខអីមួយចំនួន ក្នុងសង្គម ដូចជាការដឹកនាំធ្វើកូដកម្ម បាតុកម្មអីផ្សេងៗ អានេះជាបញ្ហាដែលឲ្យពលរដ្ឋមើលឃើញអាទង្វើបែបហ្នឹង»។
លោក ប៉ាវ បានសម្រេចចាកចេញពីគណបក្សប្រឆាំង ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញកាលពីឆ្នាំ២០១២។ បន្ទាប់ពីចូលជាមួយគណបក្សកាន់អំណាច លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាឃុំពពេល កាលពីឆ្នាំ២០១២។
គណបក្សចំនួន៤ នឹងចូលរួមការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះ ដោយមិនមានគណបក្សសង្រ្គោះជាតិនិងវត្តមានសម្ព័ន្ធគណបក្សរបស់ពួកគេគឺគណបក្សសិទ្ធិមនុស្សនិងភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា រំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាទាំង៦២។
អង្គបោះឆ្នោតនៅពេលខាងមុខគឺតំណាងរាស្រ្តក្នុងតំណែងទាំង១២៣រូបនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងចំនួន១១,៥៧២នាក់។ សមាជិកព្រឹទ្ធសភា៤រូប នឹងត្រូវតែងតាំងដោយផ្ទាល់ពីព្រះមហាក្សត្រនិងរដ្ឋសភា។ ចំណែកសមាជិកព្រឹទ្ធសភាថ្មីចំនួន៥៨រូបទៀត នឹងត្រូវជ្រើសរើសដោយការបោះឆ្នោត។
មេឃុំពពេល លោក ទូច ប៉ាវ មានប្រសាសន៍ថា លោកមិនដែលបានជួបសមាជិកព្រឹទ្ធសភាណាមួយនោះទេ បើទោះលោកបានធ្វើជាក្រុមប្រឹក្សារយៈពេល៥ឆ្នាំក៏ដោយ។ លោកក៏មិនដឹងថាតើសមាជិកព្រឹទ្ធសភាសរុបមានប៉ុន្មានរូបដែរ។
មន្រ្តីថ្នាក់ឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិចំនួន ៥,០០៧នាក់ បានបំពេញការងារជិត៤ខែ មុនពេលគណបក្សមួយនេះត្រូវបានរំលាយ ហើយពួកគេបានបាត់បង់តំណែង។
លោក ទូច ប៉ាវ បានបញ្ជាក់ថា កាលពីមុនគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ពួកគេជាសមាជិកក្រុមប្រឹក្សា បានសហការជាមួយគ្នាល្អ ដោយគោរពគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖«គិតទៅមានអារម្មណ៍អនុស្សាវរីយ៍ច្រើនជាមួយពួកគាត់ដែរ ពួកគាត់ និងពួកខ្ញុំ វាចេះសហការគ្នាល្អ ក្នុងកិច្ចការងារធ្វើការងាររដ្ឋបាលឃុំសង្កាត់។ វាអត់មានបញ្ហាអីទេ។ កិច្ចការទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់មក ទទួលផែនការបែបណា យកមកដល់ ដាក់លើតុ យើងបែងចែកការងារ ធ្វើបែបណា បែបណា ទៅតាមគោលការណ៍»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាឃុំសង្កាត់ជាង៨០០នាក់ និងមន្រ្តីរាប់រយនាក់ទៀតរបស់គណបក្សសង្រ្គោះជាតិ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ មានសេចក្តីរាយការណ៍អំពីការចុះចូលទាំងបង្ខំ ក្រោយមានការគំរាមកំហែង ដោយកម្លាំងនគរបាល និងចំណាត់ការផ្លូវតុលាការ។
លោក ជា ថុល អាយុ៤៥ឆ្នាំ ជាអតីតបេក្ខជនមិនជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជាជំទប់ទី១សម្រាប់ឃុំពពេល។ លោកមានប្រសាសន៍ថា លោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារលោកយល់ថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ហើយលោកត្រូវការតំណែងដើម្បីបំពេញការងារ និងដើម្បីទទួលបានប្រាក់កម្រៃខ្លះ។
លោកមានប្រសាសន៍ថា៖
«និយាយចំទៅ យើងវាប្រឹងប្រែងមកយូរដែរហើយ ហើយណាមួយ ដូចវាមើលឃើញទៅ ដូចអត់មាន យើងសង្ឃឹមណាបានលើសហ្នឹង»។
លោក ថុល បានធ្វើនយោបាយជាមួយគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ២០០១។ នៅពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ លោកត្រូវបានទាក់ទងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចុះបញ្ចូលឲ្យចុះចូល។
លោកបន្តថា លោកមិនទាន់ដឹងថានឹងបោះឆ្នោតឲ្យគណបក្សណានោះទេ។
លោកបានថ្លែងប្រាប់ VOA ថា៖
«អាហ្នឹងរឿងបោះសម្ងាត់ មិនទាន់ហ៊ានថាទេ ចាំមើល ដល់ថ្ងៃបោះ ចាំបោះហ្មង»។
សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីថ្មោងរូបនេះបានឲ្យដឹងទៀតថា លោកមិនដឹងថា លោកកំពុងត្រូវបានតាមដានដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ឬយ៉ាងណានោះទេ។
លោកមានប្រសាសន៍ថា៖ «អត់ដឹងយ៉ាងម៉េចទេអូន ព្រោះខ្ញុំចូលទៅហ្នឹង វាក្នុងលក្ខណៈ ៧ (អាសនៈក្រុមប្រឹក្សា)ហ្នឹង គេ៦ (ក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា) យើង១ គ្រាន់តែគិតថា យើងចូលទៅគ្រួសារតែមួយ ដឹងជាគេតាមដាន ឬយ៉ាងម៉េច យើងមិនដឹងទេណា»។
អ្នកស្រី ឃុន វ៉ាន់នឿន អាយុ៤៥ឆ្នាំ ជាជំទប់ទី២មកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា អ្នកស្រីធ្លាប់បានបោះឆ្នោតព្រឹទ្ធសភាម្តង កាលពី៦ឆ្នាំមុន ដោយការបោះឆ្នោតគឺសម្ងាត់ដូចការបោះឆ្នោតតំណាងរាស្រ្តនិងក្រុមប្រឹក្សាឃុំសង្កាត់។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារស្រឡាញ់គណបក្សនេះ តាំងពីធំដឹងក្តីមក ហើយឪពុកម្តាយក៏ជាអ្នកគាំទ្រផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖«គាត់(ឪពុកម្តាយ)ប្រាប់គណបក្សប្រជាជនជាអ្នករំដោះ។ គាត់ប្រាប់ ហើយខ្ញុំក៏ធ្លាប់មើលសៀវភៅ រៀនដឹង ក៏ខ្ញុំដឹងខ្លួនឯង»។
អ្នកស្រីបានធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ ហើយបានធ្វើជាសមាជិកក្រុមប្រឹក្សាចំនួនបីអាណត្តិមកហើយ។
អ្នកស្រី ឃុន វ៉ាន់នឿន បានឲ្យដឹងទៀតថា អ្នកស្រីធ្លាប់បានជួបជាមួយសមាជិកព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីបញ្ហាស្រ្តីនិងនយោបាយ។
នៅក្នុងឃុំពពេល ដែលមាន១២ភូមិ និងប្រជាជនជាង១០ម៉ឺននាក់ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ ជាអ្នកធ្វើការនៅរោងចក្រកាត់ដេរនៅក្នុងខេត្តតាកែវ។
លោក ជា សុផល អតីតមេឃុំពពេលមកពីគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ការបោះឆ្នោតព្រឹទ្ធសភា គឺមិនមានន័យនោះទេ ដោយសារមិនមានវត្តមានគណបក្សប្រឆាំង។
លោកបានថ្លែងប្រាប់VOAថា៖
«បោះឆ្នោតព្រឹទ្ធសភា ខ្ញុំចង់និយាយថា បោះដោយសារអ្នកដែលជាប់អាសនៈ ដែលប្រជាពលរដ្ឋផ្តល់ឲ្យ បានឡើងទៅបោះរើសតំណាងខាងព្រឹទ្ធសភាអីបាន តែបើយកអ្នកអត់ ប្រជាពលរដ្ឋបោះឲ្យ យកទៅរើស មានន័យអី អាហ្នឹងអត់មានន័យអីផង»។
លោក ជា សុផល ជាបងប្អូនជីដូនមួយនិងជាបងប្អូនសាច់ថ្លៃរបស់មេឃុំមកពីគណបក្សប្រជាជនកម្ពុជាគឺលោក ទូច ប៉ាវ។ លោកមានប្រសាសន៍ថា ដោយសារមាននិន្នាការនយោបាយខុសគ្នា ពួកគេមិនសូវមានទំនាក់ទំនងនឹងគ្នានោះទេ។
លោកបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ លោកកំពុងតាមដានព័ត៌មានជាប្រចាំ ដើម្បីដឹងអំពីសភាពការណ៍នយោបាយ និងការរៀបចំរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀន ដែលជាសម្ព័ន្ធរបស់គណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយ ហើយមិនមានការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ឲ្យទៅគណបក្សផ្សេង នោះគណបក្សសង្រ្គោះជាតិរំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាចំនួន២៥ កើនឡើងពី១១អាសនៈ។ លោកយល់ថា ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនិងមិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។
លោក ទាវ វណ្ណុល ក៏បានរិះគន់ថា ព្រឹទ្ធសភាកម្ពុជាមិនមានអំណាចអ្វីនោះទេគឺគ្រាន់តែអនុវត្តការងារទៅតាមរដ្ឋសភាតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«ព្រឹទ្ធសភាវាគ្រាន់តែស្ថាប័នមួយប្រថាប់ត្រាឲ្យរដ្ឋសភាតែប៉ុណ្ណឹងទេ ពីព្រោះច្បាប់ទាំងឡាយ ដែលផ្ញើមកព្រឹទ្ធសភា ព្រឹទ្ធសភាមិនអាចនឹងទាត់ចោលបាន១០០ភាគរយទេ»។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានប្រាប់VOA ថា ព្រឹទ្ធសភាកម្ពុជាមិនមានអំណាចណាមួយ មកខ្ទាស់ច្បាប់ដែលសភាអនុម័តមិនឲ្យចេញនោះទេ។ លោកបញ្ជាក់ថា គួរតែមានកំណែទម្រង់ដែលអាចឲ្យព្រឹទ្ធសភាមានអំណាចណាមួយ ពិនិត្យគ្នាទៅវិញទៅមករវាងរដ្ឋសភានិងព្រឹទ្ធសភា។
លោកបានថ្លែងប្រាប់ VOA ថា៖
«ព្រឹទ្ធសភាចាំបាច់ត្រូវតែមានអំណាច មិនថា ឲ្យមានអំណាចស្មើនឹងរដ្ឋសភាទេ ប៉ុន្តែយ៉ាងណាស់ក៏មានអំណាច Check and Balance ដែរគឺតុល្យភាពអំណាចគ្នា រវាងសភាជាន់ទាប ហើយនិងសភាជាន់ខ្ពស់»។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា តួនាទីរបស់ព្រឹទ្ធសភាគឺពិនិត្យ និងឲ្យយោបល់លើទម្រង់ច្បាប់ ថាតើច្បាប់នោះមានធម្មនុញ្ញភាពដែរឬទេ ស្របទៅតាមបច្ចុប្បន្នភាពនៃដំណើរការនយោបាយ ហើយបម្រើផលប្រយោជន៍ដល់សង្គមជាតិដែរឬទេ។ លោកបន្តថា ព្រឹទ្ធសភាបានអនុវត្តការងារទៅតាមរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។
លោកបានបញ្ជាក់ថា៖«សូមឲ្យទាញអារម្មណ៍អូន ឲ្យមកយល់វិញថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមិនមែនឲ្យទៅស្តង់ដារព្រឹទ្ធសភានៃប្រទេសណានោះទេ»។
លោក Sebastian Strangio អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen's Cambodia) ប្រាប់ VOA ថា ការបង្កើតព្រឹទ្ធសភាគឺដើម្បីផ្តល់អំណាចដល់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព។ លោកបានរំឭកថា កាលនោះ លោក ជា ស៊ីម ត្រូវបានស្នើឲ្យបោះបង់អំណាចជាប្រធាននៃរដ្ឋសភា ហើយប្រគល់ទៅឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយមានការបង្កើតសម័្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដោះស្រាយវិបត្តិនយោបាយ។
លោក Sebastian យល់ថា ព្រឹទ្ធសភាបច្ចុប្បន្នមិនមានតួនាទីសំខាន់អ្វីនោះទេ។
លោកមានប្រសាសន៍ថា៖
«ឥឡូវនេះ ព្រឹទ្ធសភាមិនបានដើរតួនាទីសំខាន់អ្វីនោះទេ ក្នុងការបង្កើតច្បាប់»។
មេឃុំពពេល លោក ទូច ប៉ាវ មានប្រសាសន៍ថា បើទោះមិនមានវត្តមានរបស់គណបក្សសង្រ្គោះជាតិចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅតែមានដដែល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment