Saturday 20 January 2018

ពលរដ្ឋ​ក្នុង​ស្រុក​គីរីសាគរ​លើក​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ដែល​បណ្ដេញ​ពលរដ្ឋ


ដោយ វ៉ែន សុមេ
rfa
សកម្មភាព​ជម្លោះ​រវាង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និង​ប្រជាពលរដ្ឋ​នា​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥។
សកម្មភាព​ជម្លោះ​រវាង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និង​ប្រជាពលរដ្ឋ​នា​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥។
Photo Licadho



ក្រុម​ពលរដ្ឋ​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) នៅ​ទីតាំង​ដី​ទំនាស់ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ រុះរើ​ដុត​កម្ទេច​ផ្ទះ​ពលរដ្ឋ ៨​គ្រួសារ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជា​ច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង កាល​ពី​សប្ដាហ៍​មុន។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ចូល​រួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ដើម្បី​បញ្ចៀស​បញ្ហា​កើត​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ។



​ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញពី​តំបន់​ថ្មពាន នៃ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ដោយ​ក្រុមហ៊ុន​ចិន​នោះ បាន​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​បន្ត​ដាក់​កម្លាំង​ការពារ​ទី​នោះ ដើម្បី​ហាម​ឃាត់​កុំ​ឲ្យ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​រស់​នៅ​កន្លែង​ដើម​វិញ និង​មិន​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​អ្វី​ទាំង​អស់ ក្រោយ​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោកស្រី មឿង សារ៉ាយ រៀបរាប់​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ប្រជាពលរដ្ឋ​ជិត ៥០​នាក់ បាន​ជិះ​គោយន្ត និង​ម៉ូតូ​ទៅ​តវ៉ា និង​បណ្ដេញ​ក្រុម​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន​ដែល​បាន​ឈរ​ជើង​ការពារ​ទីតាំង​ដី​មាន​ទំនាស់ ឲ្យ​ចាក​ចេញ​ពី​នោះ​វិញ ក្រោយ​ពួកគេ​បាន​រុះរើ​ដុត​កម្ទេច​ផ្ទះ​ពលរដ្ឋ​អស់ ៨​ខ្នង និង​បាន​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​កើន​ឡើង​រហូត​​ដល់​ប្រមាណ ៤០​គ្រួសារ។ លោកស្រី​ថា ពលរដ្ឋ​បាន​នាំ​គ្នា​រុះរើ​រោង​ស្នាក់​បណ្ដោះអាសន្ន​របស់​ក្រុម​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន តែ​ពុំ​បាន​កើត​មាន​អំពើ​ហិង្សា​នោះ​ទេ៖ «ពួក​ខ្ញុំ​ទៅ​ដល់​សុំ​ឲ្យ​គេ​រុះរើ​កន្លែង​នោះ​វិញ ព្រោះ​ទី​នោះ​ជា​តំបន់​ពួក​ខ្ញុំ​រស់​នៅ និង​រក​ស៊ី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ទី​នេះ។ យើង​មិន​ធ្វើ​អី​គេ​ទេ គ្រាន់​តែ​អោយ​គេ​ចុះ​រើ​ចេញ តែ​គេ​អត់​រុះ​ចេញ ពួក​ខ្ញុំ​ជា​អ្នក​រុះ​ចេញ ព្រោះ​គេ​បាន​រុះរើ​ផ្ទះ​ពួក​ខ្ញុំ​ដែរ។ ពេល​នេះ​ពួកខ្ញុំ​មិន​ដឹង​ថា គេ​បន្ត​នៅ​ទី​នោះ ឬ​ក៏​អត់​ទេ ហើយ​ស្អែក​យើង​នឹង​លើក​គ្នា​ទៅ​ម្តង​ទៀត»។

ក្រុម​ពលរដ្ឋ​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា មន្ត្រី​ក្រសួង​បរិស្ថាន លោក គឹម ឡេង ដែល​ប្រចាំ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប បាន​នាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត មាន​អាវុធ​គ្រប់​ដៃ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ប្រមាណ​ជាង ៥០​នាក់ ចូល​រុះរើ និង​ដុត​ផ្ទះ​ពួកគាត់​ចំនួន ៨​គ្រួសារ​នៅ​ចំណុច​ថ្មពាន ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ក៏​បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​កើន​ដល់​ប្រមាណ ៤០​គ្រួសារ​ថែម​ទៀត ដោយ​ក្រុមហ៊ុន​ចោទ​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​របស់​ក្រុមហ៊ុន។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ក្រសួង​បរិស្ថាន លោក គឹម ឡេង ជា​ច្រើន​លើក តែ​មិន​អាច​ទាក់ទង​បាន។ រី​ឯ​អភិបាល​រង​ខេត្ត​កោះកុង ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី​លោក អន ភារៈ តែង​តែ​បដិសេធ​មិន​ឆ្លើយឆ្លង​ជាមួយ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឡើយ។

​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ការ​ដែល​ពលរដ្ឋ​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន និង​អាជ្ញាធរ​វិញ​នេះ គឺ​ដោយសារ​ពួកគាត់​ចាប់​ផ្ដើម​ក្ដៅ​ក្រហាយ និង​ឈឺ​ចិត្ត បន្ទាប់​ពី​គ្មាន​អាជ្ញាធរ​ណា​មួយ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ៖ «ករណី​នេះ​គួរ​តែ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​បង្កើត​ក្រុម​ការងារ​មួយ​ចុះ​ស៊ើប​អង្កេត​ទី​នោះ​ជា​បន្ទាន់ ហើយ​ធ្វើ​ឲ្យ​មាន​កិច្ច​ចរចា​មួយ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​ទៅ។ រឿង​នេះ បើ​ក្រុមហ៊ុន​ចិន ដោះស្រាយ​សំណង​អោយ​គេ គឺ​វា​ចប់​បាត់​ហើយ តែ​ក្រុមហ៊ុន​ចិន​មិន​ដោះស្រាយ​សំណង បែរ​ជា​ទៅ​កាប់​បំផ្លាញ​ភោគផល​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ទើប​ពួកគាត់​ឈឺ​ចាប់ និង​ក្តៅ​ក្រហាយ។ ក្នុង​នាម​ជា​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស គឺ​យើង​មិន​ចង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​អី​ទេ គឺ​សុំ​អោយ​តែ​មាន​ដំណោះស្រាយ និង​ចរចា​ដោយ​សន្តិវិធី»។

តំណាង​ពលរដ្ឋ​អះអាង​ថា ប្រជាពលរដ្ឋ​នឹង​មិន​សុខចិត្ត​នោះ​ឡើយ ប្រសិនបើ​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ថ្នាក់​លើ​មិន​ដោះស្រាយ​សំណង ឬ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់​សម្រាប់​បង្កបង្កើនផល​ទេ​នោះ។ ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់​នៅ និង​ធ្វើ​ស្រែចម្ការ​នៅ​តំបន់​ថ្មពាន​នោះ ជាង ៣​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ដី​ស្រែ និង​ផ្ទះ​របស់​ពួកគាត់​ស្ថិតនៅ​ក្នុង​ភូមិ​សំរ៉ុងតាកែវ ត្រូវ​បាន​ក្រុមហ៊ុន​ចិន កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ច្រាល​ភក់ ខ្សាច់ និង​ទឹកប្រៃ ដែល​មិន​អាច​រស់​នៅ និង​បង្កបង្កើនផល​បាន។ ក្រោយ​ការ​បណ្ដេញ​ដោយ​បង្ខំ​នេះ ប្រជាពលរដ្ឋ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង ដូចជា​ជីវភាព​ខ្វះខាត គ្មាន​ទីជម្រក និង​គ្មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​ជាដើម៕

No comments: