Saturday 20 January 2018

មន្ត្រី​បក្ស​កាន់​អំណាច​ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ខំ​ប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​កម្ពុជា


ដោយ មួង ណារ៉េត
2018-01-19 

កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
RFA



មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ខំប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា នឹង​មិន​បាន​ផល​នោះ​ទេ ព្រោះ​គេ​មិន​ស្តាប់។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ផ្ទុយ​ពី​នេះ និង​បញ្ជាក់​ថា អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​បណ្តើរៗ​ហើយ ហើយ​ពួកគាត់​នឹង​នៅ​តែ​បន្ត​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ដែល​អាច​ឈាន​ទៅ​រក​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ចូល​រួម​ពេញលេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។



មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ខំប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា នឹង​មិន​បាន​ផល​នោះ​ទេ ព្រោះ​គេ​មិន​ស្តាប់។

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន តែងតែ​ចេញ​មុខ​រិះគន់​សកម្មភាព និង​ចោទ​ប្រកាន់​ថា ក្រុម​កញ្ញា កឹម មនោវិទ្យា ដែល​ធ្វើ​សកម្មភាព​កៀរគរ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ថា​ជា​ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម​កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់ ម្យ៉ាង​ទៀត គ្មាន​អន្តរជាតិ​ណា​គេ​ស្តាប់​នោះ​ទេ៖ «​ការ​ដើរ​ធ្វើ​ដូច្នេះ​គ្រប់​កន្លែង ប៉ុន្តែ​គ្មាន​បាន​ផ្លែផ្កា​ទេ»។

ក្រោយ​ពី​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ នៅ​ប្រទេស​កម្ពុជា ដោយ​អាជ្ញាធរ​លោក ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ភៀសខ្លួន​ចេញ​មក​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ឲ្យ​ជួយ។

សុខ ឥសាន ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


កូនស្រី​ច្បង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ដែល​ជា​ទីផ្សារ​ធំៗ​នៅ​សហគមន៍​អឺរ៉ុប ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​មុន​ការ​បោះឆ្នោត​សកល​មក​ដល់។

កញ្ញា កឹម មនោវិទ្យា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ប៉ារីស កាល​ពី​ពេល​ថ្មីៗ​នេះ ថា​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ចរិត​ផ្ដាច់ការ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​លោក កឹម សុខា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម​នោះ ធ្វើ​ឲ្យ​កញ្ញា​ទទួល​ជោគជ័យ​លើ​ការងារ​ការទូត​ច្រើន នៅ​ពេល​ទៅ​ជួប​អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ឲ្យ​ដឹង​ថា ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ក្នុង​សហគមន៍​អឺរ៉ុប​ពេល​នេះ កញ្ញា​កំពុង​ជួប​មន្ត្រី​ការបរទេស​ដែល​ជា​ប្រទេស​ទីផ្សារ​ធំៗ​របស់​កម្ពុជា រួម​មាន​ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជាដើម៖ «យើង​ផ្ដោត​លើ​សហគមន៍​អឺរ៉ុប ដោយ​ជួប​ជាមួយ​មន្ត្រី​ការបរទេស...»។

​កូនស្រី​ច្បង លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ក្រុម​ប្រទេស​សហគមន៍​អឺរ៉ុប ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មករា មក​ទល់​ពេល​នេះ។  ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា កញ្ញា កឹម មនោវិទ្យា ស្នើ​ទៅ​ពលរដ្ឋ​នៅ​ទី​នោះ​ចូលរួម​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាពិសេស​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​យក​មក​វិញ​នូវ​អ្វី​ដែល​បក្ស​កាន់​អំណាច​បាន​ប្លន់​យក និង​លើក​ទឹក​ចិត្ត​ដល់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស៖ «ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ចេញ​ធ្វើ​បាតុកម្ម... និង​បន្ត​ទាក់ទង​ជាមួយ​អ្នក​គាំទ្រ​ដទៃ​ទៀត»។

ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក  កឹម សុខា ដែល​ជា​ឪពុក​កញ្ញា កឹម មនោវិទ្យា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២១០៧ រួច​មក កញ្ញា​បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ រួម​មាន ទៅ​ប្រជុំ​ជាមួយ​តំណាង​អចិន្ត្រៃយ៍​អាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​អង្គការ​សហប្រជាជាតិ សុំ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ សុំ​ឲ្យ​បិទ​ទីផ្សារ​ទំនិញ​កម្ពុជា សុំ​ឲ្យ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ជាន់​ទឹក​ដី​អាមេរិក ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​ជប៉ុន ជាដើម។

​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បែប​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​យ៉ាង​ដំណំ។ ចំណែក​ឯ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដឹក​នាំ​ប្រទេស​តាម​លទ្ធិកុម្មុយនិស្ត​ក្នុង​ការ​ប្រើប្រាស់​វិធី​ផ្ដួល​គូ​ប្រកួត​តាម​រូបភាព​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ។

លោក​អះអាង​ថា ដោយសារ​តែ​រង​ការ​ធ្វើ​បាប​នេះ គណបក្ស​ប្រឆាំង​ត្រូវ​តែ​ស្វែង​ការ​អន្តរាគមន៍​ពី​អន្តរជាតិ ព្រោះ​ស្ថាប័ន​ជាតិ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​បាន។ លោក​ថា គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​អន្តរាគមន៍​ពី​អន្តរជាតិ​នេះ រួម​នឹង​ការ​បង្ហាញ​ភស្តុតាង និង​មូលដ្ឋាន​ត្រឹមត្រូវ៖ «ដោយ​មាន​ការ​គាំទ្រ​ពី​មតិ​មហាជន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ស្រាប់ គឺ​អាច​ទទួល​ជោគជ័យ»។

​គិត​មក​ទល់​នេះ សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​មហា​អំណាច និង​ប្រទេស​បញ្ជា​ទិញ​របស់​កម្ពុជា កំពុង​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដោយ​ព្រមាន​ផ្ដាច់​ចំណង​ការទូត បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​បោះឆ្នោត ហាម​មិន​ឲ្យ​មន្ត្រី​ជាន់​កម្ពុជា ចូល​ទឹក​ដី​អាមេរិក និង​ព្រមាន​ឈប់​ទិញ​សំលៀកបំពាក់​របស់​កម្ពុជា ជាដើម ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមស្រប​ដដែល​បែប​នេះ៕

No comments: