Monday 22 January 2018
អង្គការសិទ្ធិមនុស្សទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងសកម្មជនមាតាធម្មជាតិ២រូប
ដោយ ម៉ៅ សុធានី
2018-01-20
rfa
សកម្មជនអង្គការមាតាធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សអះអាងថា ពួកគេនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះសវនាការជំនុំជម្រះ និងនីតិវិធីរបស់តុលាការចំពោះសកម្មជនអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ដែលកំពុងជាប់ពន្ធនាគារ។ ក្រុមអង្គការសង្គមស៊ីវិលពិនិត្យឃើញថា សកម្មជនបរិស្ថានទាំងពីររូបនោះ មិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ និងទាមទារសាជាថ្មីឱ្យតុលាការខេត្តកោះកុង ពិចារណាដោះលែងពួកគេទាំងពីរនាក់ឱ្យមានសេរីភាពវិញ។
ការបញ្ជាក់ពីជំហរ និងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនេះ ធ្វើឡើងខណៈតុលាការខេត្តកោះកុង គ្រោងបើកសវនាការជំនុំជម្រះក្តីសកម្មជនបរិស្ថានទាំងពីររូប នៅថ្ងៃព្រហស្បតិ៍ ទី២៥ មករា ខាងមុខនេះ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អ៊ិន គង់ជិត ថ្លែងថា ខាងអង្គការលីកាដូ នឹងចូលរួមតាមដានដំណើរការសវនាការនេះឱ្យបានដិតដល់ ដើម្បីចង់ដឹងថា តើខាងភាគីដើមបណ្ដឹង និងតំណាងអយ្យការមានភស្តុតាងដាក់បន្ទុកអ្វីខ្លះទៅលើសកម្មជនទាំងពីរនោះ ហើយថាតើចៅក្រមជំនុំជម្រះនឹងវិនិច្ឆ័យរឿងនេះយ៉ាងដូចម្ដេច?
លោក អ៊ិន គង់ជិត ដែលបានតាមដានរឿងនេះជាប្រចាំឱ្យដឹងថា លោកមើលមិនឃើញថា សកម្មជនបរិស្ថានទាំងពីររូបនោះ បានប្រព្រឹត្តកំហុសអ្វីនោះឡើយ ដោយសារតែពួកគេគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋ ដើម្បីចូលរួមកិច្ចការពារថែរក្សាបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវទទួលរងការចាប់ឃុំខ្លួន និងចោទប្រកាន់តាមផ្លូវច្បាប់ទៅវិញ៖ «»។
សកម្មជនអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលអ្នកទាំងពីរបានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មេបនល្បែងដ៏មានឥទ្ធិពល និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង ជាច្រើនឆ្នាំមកហើយ។
សកម្មជនបរិស្ថានទាំងពីរត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែងការព្រួយបារម្ភចំពោះនីតិវិធី និងការរកយុត្តិធម៌របស់មន្ត្រីតុលាការ ត្បិតដើមបណ្ដឹងក្នុងសំណុំរឿងនេះគឺជាអ្នកមានលុយ និងមានអំណាចនៅក្នុងខេត្តកោះកុង។ លោកបញ្ជាក់ថា ខាងសមាគមអាដហុក និងអង្គការដៃគូផ្សេងទៀតយល់ថា សកម្មភាពរបស់សកម្មជនបរិស្ថានទាំងពីររូបនេះ គ្រាន់តែជាការបំពេញវិជ្ជាជីវៈ និងការចូលរួមការពារធនធានធម្មជាតិ តាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ លោកចាត់ទុកចំណាត់ការរបស់អាជ្ញាធរ និងតុលាការខេត្តកោះកុង នេះ ថាគឺជាការវាយបំបាក់ស្មារតីរបស់សកម្មជនបរិស្ថានលែងឱ្យធ្វើសកម្មភាពដើម្បីជួយសង្គមតទៅទៀត៖ «»។
ចំណែកអតីតអ្នកសម្របសម្រួលបណ្ដាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ វិញ អះអាងថា នាងកំពុងរង់ចាំតាមដានសវនាការនេះថាតើនឹងមានលទ្ធផលបែបណា? នាងអះអាងថា លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី នោះ មិនបានប្រព្រឹត្តកំហុសអ្វីនោះឡើយ គឺពួកគេគ្រាន់តែធ្វើទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឱ្យយុវជនចូលរួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។ នាងសំណូមពរឱ្យតុលាការដោះលែងអតីតសហការីទាំងពីររូបនោះឱ្យមានសេរីភាពឡើងវិញ បើពុំដូច្នេះទេ ពួកនាងនឹងធ្វើយុទ្ធនាការទាមទារឱ្យមានការដោះលែងអ្នកទាំងពីរនោះមកវិញ៖ «»។
មកទល់នឹងបច្ចុប្បន្ន លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តកោះកុង អស់រយៈពេលជាង ៤ខែទៅហើយ ខណៈដែលអង្គការរបស់ពួកគេ គឺអង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ លុបឈ្មោះចេញពីបញ្ជីអង្គការសង្គមស៊ីវិលរួចទៅហើយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានហៅសកម្មជនទាំងពីររូបនេះ ថាជាអ្នកទោសមនសិការ និងទាមទារឱ្យអាជ្ញាធរខេត្តកោះកុង ដោះលែងអ្នកទាំងពីរជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រោះអង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ រកមិនឃើញថា សកម្មភាពរបស់អ្នកទាំងពីរគឺជាការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនោះឡើយ។ ចំណែកឯម្ដាយរបស់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី វិញ ក៏បានយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ផងដែរ ដើម្បីស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នជំនាញទាំងពីរក្នុងសំណុំរឿងនេះ ហើយពួកគាត់សង្ឃឹមថា តុលាការនឹងផ្ដល់ភាពយុត្តិធម៌ដល់កូនប្រុសរបស់គាត់ នោះគឺការដោះលែងពួកគេឱ្យមានសេរីភាពវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment