Wednesday 31 January 2018
"ជំនួញឈើឆ្លងដែនទៅវៀតណាមបន្តកើនឡើងខ្លាំង"
Manekseka Sangkum: Isn't that one major reason why Vietnam seeks ELC presence in these parts of the country in the first place?
>>>
ដោយ មាន ឫទ្ធិ
2018-01-30
ឈើដែលអាវុធហត្ថខែត្រក្រចេះចាប់បាននៅស្រុកស្នូល ខែត្រក្រចេះ ឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចវៀតណាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
Photo Provided
ពលរដ្ឋរស់នៅខែត្រមណ្ឌលគិរី និងអ្នកឃ្លាំមើលបរិស្ថាន អះអាងថា ឈ្មួញមានងារជាឧកញ៉ា និងអ្នកមានឥទ្ធិពលមួយចំនួននៅតែបន្តដឹកជញ្ជូនឈើតាមរថយន្តយីឌុប ទៅកាន់ប្រទេសវៀតណាម រឹតតែច្រើនឡើង បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខែត្រមួយចំនួនបិទការនាំឈើទៅក្រៅប្រទេសក្តី។ ឈើដែលឈ្មួញដឹកជញ្ជូននោះ មានប្រភពពីតំបន់ព្រៃអភិរក្សភ្នំព្រិច ខែត្រមណ្ឌលគិរី និងតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងខែត្រស្ទឹងត្រែង។
ការដឹកជញ្ជូនឈើតាមរថយន្តយីឌុប ឃ្លុំព័ទ្ធតង់កៅស៊ូជិត ឆ្លងទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល និងច្រករបៀងមួយចំនួនទៀតនៅខែត្រក្រចេះ កំពុងក្លាយជាប្រធានបទក្តៅ ដែលពលរដ្ឋ និងអង្គការសង្គមស៊ីវិលអះអាងថា ជាប្រភពនៃបទល្មើសឧក្រិដ្ឋច្រើនឆ្នាំណាស់មកហើយ។ ពលរដ្ឋអះអាងថា ច្រកព្រំដែនត្រពាំងស្រែ ជាទីតាំងជំនួញឈើខុសច្បាប់ដែលមានជនជាតិវៀតណាម ប្រចាំការនៅតំបន់នោះរាប់រយនាក់ចាំទទួលទិញឈើ។
ពលរដ្ឋរស់នៅខែត្រមណ្ឌលគិរី ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ថា ដែនជម្រកសត្វព្រៃភ្នំព្រិច និងតំបន់ព្រៃមួយចំនួនទៀត ឋិតក្នុងស្រុកកោះញែក ខែត្រមណ្ឌលគិរី មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់ចិន ៤ ក្រុមហ៊ុន កំពុងប្រតិបត្តិការប្រមូលឈើមូលធំៗ។ លើសពីនេះ តំបន់នោះមានរោងចក្រអារច្រៀកឈើរីកដូចផ្សិត ប្រមូលទិញឈើពីតំបន់ឆ្ងាយៗ ដោយអារច្រៀករួចដឹកជញ្ជូនតាមរថយន្តយីឌុបទៅកាន់ស្រុកស្នួល ខែត្រក្រចេះ និងដឹកបន្តទៅប្រទេសវៀតណាម៖ «ដឹកយប់ក៏មាន ជូនកាលដឹកថ្ងៃចេញក៏មាន។ សភាពការណ៍ល្អគេចេញថ្ងៃទៅ សភាពការណ៍មិនល្អទៅ គេចេញយប់ទៅ ជួនកាលការដឹកតាមទៅខែត្រមណ្ឌលគិរី ជួនកាលគេដឹកទៅស្នួល ព្រំដែនវៀតណាម»។
បុរសដដែលសោកស្ដាយយ៉ាងខ្លាំងពីវិនាសកម្មព្រៃឈើទាំងនោះ ស្របពេលគណបក្សប្រឆាំងត្រូវរដ្ឋាភិបាលរំលាយ ដោយពុំមានអ្នករិះគន់រួមចំណែកបញ្ឈប់សកម្មភាពដឹកជញ្ជូនឈើនោះ។ រីឯមន្ត្រីរដ្ឋាភិបាលនៅតែបណ្ដោយឲ្យឈ្មួញដឹកឈើឆ្លងដែនដដែលៗ ផ្គើននឹងបទបញ្ជាប្រមុខរដ្ឋាភិបាល៖ «បារម្ភជាទីបំផុត ពូបារម្ភវែងឆ្ងាយណាស់ ពូចាស់ហើយបានត្រឹមផ្ទះនៅសមរម្យ។ ចំណែកចៅរបស់ពូមិនដឹងស្គាល់ដើមធ្នង់ម៉េច...។ វាលស្រឡះ យើងទៅរកអីណាវិញ?»។
កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកផ្សាយថា នៅយប់ថ្ងៃទី២៩ ឈានចូល ៣០ មករា រថយន្តយីឌុប ២០ ទៅ ៣០គ្រឿង បានដឹកឈើទៅប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ។ រថយន្តមួយគ្រឿងផ្ទុកឈើចាប់ពី ៣០ ម៉ែត្រគូប ទៅ ៥០ ម៉ែត្រគូប។ ឈើទាំងនោះត្រូវគេស្គាល់ថា ជារបស់លោកឧកញ៉ា គង់ ក្រឹង។ ក្រៅពីនេះ ក៏មានរថយន្តសាំយ៉ុង ដឹកឈើទៅវៀតណាម ឲ្យឧកញ៉ារូបនេះដែរ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានធ្ងន់ៗលើអភិបាលខែត្រត្បូងឃ្មុំ និងអភិបាលខែត្រមួយចំនួនទៀត រឿងបទល្មើសព្រៃឈើឆ្លងដែនទៅវៀតណាម។ ក្រោយពីការព្រមានរួច អភិបាលខែត្រត្បូងឃ្មុំ បានបញ្ជាឲ្យបិទច្រករបៀងចេញចូលប្រទេសវៀតណាម ខុសច្បាប់ និងកុងត្រូលជជុះជាដើម។ ក៏ប៉ុន្តែអ្នកឃ្លាំមើលបរិស្ថាន រិះគន់ថា សារព្រមានរបស់លោក ហ៊ុន សែន គ្មានឥទ្ធិពលបញ្ឈប់ការនាំឈើចេញទៅក្រៅប្រទេសនោះទេ ព្រោះមន្ត្រីថ្នាក់ក្រោមរបស់លោកមិនអនុវត្តតាម។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង រកឃើញថា ឈើដែលឈ្មួញដឹកឆ្លងដែនទៅប្រទេសវៀតណាម ភាគច្រើនត្រូវបាននាំចេញពីទន្លេសេសាន ខែត្រស្ទឹងត្រែង និងតំបន់ភ្នំព្រិច ខែត្រមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារវៀតណាម។ លោកបញ្ជាក់ថា ក្រុមការងារលោកបានរកឃើញលិខិតមួយច្បាប់ដែលបញ្ជាក់ថា ឈើរាប់ពាន់ម៉ែត្រគូបត្រូវបានដឹកចេញពីកម្ពុជា នាំទៅប្រទេសវៀតណាម ដែលមានអាជ្ញាធរខ្មែរជាអ្នកសម្របសម្រួល។
លោកថា អាជ្ញាធររដ្ឋាភិបាល និងមន្ត្រីជំនាញបានការពារប្រយោជន៍ឈ្មួញទាំងនោះ ដោយមានការឃុបឃិតជាប្រព័ន្ធដើម្បីឲ្យការនាំចេញឈើទៅទីផ្សារវៀតណាម បានយ៉ាងរលូន៖ «ការអនុវត្តមិនមានប្រសិទ្ធភាព ដោយសារតែអ្នកដឹកឈើនៅតែខ្លាំងជាងមុនទៀត។ មើលងាយការអនុវត្តច្បាប់របស់រដ្ឋាភិបាលតែម្ដង។ ឈើមូលៗ ម៉ូតូ និងរថយន្តយីឌុបធំៗ គឺថារាប់រយគ្រឿងក្នុងមួយថ្ងៃតែម្ដង អ្នកណាក៏ដឹងដែរនៅតំបន់ស្នួល ដឹងពីការរកស៊ីឈើឆ្លងដែនទៅប្រទេសវៀតណាម ហើយមិនមានប៉ះពាល់បង្ក្រាបអីសោះ ដោយសារតែឈ្មួញវៀតណាម ទាំងនោះអះអាងថា មានខ្នងធំជាមេទាហានរហូតដល់ទីប្រឹក្សានាយរដ្ឋមន្ត្រីបើកភ្លើងខៀវ»។
លោក អ៊ូច ឡេង បន្ថែមថា ការណ៍ដែលកម្លាំងសហគមន៍ប្រឹងប្រែងចុះល្បាតព្រៃ គឺមិនអាចឈ្នះឈ្មួញជនជាតិវៀតណាម ប្រើប្រាស់លុយរាប់លានដុល្លារ ទិញព្រៃឈើស្រុកខ្មែរទាំងមូលផ្គត់ផ្គង់ទីផ្សារវៀតណាម នោះទេ ព្រោះអាជ្ញាធរកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៅតែជិះសេះលែងដៃ មិនអើពើបទល្មើសព្រៃឈើ។ លោកចាត់ទុកឆ្នាំ២០១៨ នេះ គឺជាឆ្នាំអាក្រក់បំផុតនៃវិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
1 comment:
One eye man Hun Sess cannot see this crime of deforestation.
Post a Comment