Wednesday 31 January 2018

"ជំនួញ​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​​បន្ត​កើន​ឡើង​ខ្លាំង"


Manekseka Sangkum: Isn't that one major reason why Vietnam seeks ELC presence in these parts of the country in the first place?

>>>

ដោយ មាន ឫទ្ធិ
2018-01-30 

ឈើ​ដែល​អាវុធហត្ថ​ខែត្រ​ក្រចេះ​ចាប់​បាន​នៅ​ស្រុក​ស្នូល ខែត្រ​ក្រចេះ ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពី​ថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
ឈើ​ដែល​អាវុធហត្ថ​ខែត្រ​ក្រចេះ​ចាប់​បាន​នៅ​ស្រុក​ស្នូល ខែត្រ​ក្រចេះ ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពី​ថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided



ពលរដ្ឋ​រស់​នៅ​ខែត្រ​មណ្ឌលគិរី និង​អ្នក​ឃ្លាំមើល​បរិស្ថាន អះអាង​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យីឌុប ទៅ​កាន់​ប្រទេស​វៀតណាម រឹត​តែ​ច្រើន​ឡើង បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​ខែត្រ​មួយ​ចំនួន​បិទ​ការ​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស​ក្តី។ ឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​នោះ មាន​ប្រភព​ពី​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រិច ខែត្រ​មណ្ឌលគិរី និង​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ខែត្រ​ស្ទឹងត្រែង។



ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យីឌុប ឃ្លុំ​ព័ទ្ធ​តង់​កៅស៊ូ​ជិត ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំងស្រែ ស្រុក​ស្នួល និង​ច្រក​របៀង​មួយ​ចំនួន​ទៀត​នៅ​ខែត្រ​ក្រចេះ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ ដែល​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ជា​ប្រភព​នៃ​បទល្មើស​ឧក្រិដ្ឋ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ពលរដ្ឋ​អះអាង​ថា ច្រក​ព្រំដែន​ត្រពាំងស្រែ ជា​ទីតាំង​ជំនួញ​ឈើ​ខុស​ច្បាប់​ដែល​មាន​ជនជាតិ​វៀតណាម ប្រចាំការ​នៅ​តំបន់​នោះ​រាប់​រយ​នាក់​ចាំ​ទទួល​ទិញ​ឈើ។

​ពលរដ្ឋ​រស់​នៅ​ខែត្រ​មណ្ឌលគិរី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច និង​តំបន់​ព្រៃ​មួយ​ចំនួន​ទៀត ឋិត​ក្នុង​ស្រុក​កោះញែក ខែត្រ​មណ្ឌលគិរី មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ៤ ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ប្រមូល​ឈើ​មូល​ធំៗ។ លើស​​ពី​នេះ តំបន់​នោះ​មាន​រោងចក្រ​អារ​ច្រៀក​ឈើ​រីក​ដូច​ផ្សិត ប្រមូល​ទិញ​ឈើ​ពី​តំបន់​ឆ្ងាយៗ ដោយ​អារ​ច្រៀក​រួច​ដឹក​ជញ្ជូន​តាម​រថយន្ត​យីឌុប​ទៅ​កាន់​ស្រុក​ស្នួល ខែត្រ​ក្រចេះ និង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម៖ «ដឹក​យប់​ក៏​មាន ជូន​កាល​ដឹក​ថ្ងៃ​ចេញ​ក៏​មាន។ សភាពការណ៍​ល្អ​គេ​ចេញ​ថ្ងៃ​ទៅ សភាពការណ៍​មិន​ល្អ​ទៅ គេ​ចេញ​យប់​ទៅ ជួនកាល​ការ​ដឹក​តាម​ទៅ​ខែត្រ​មណ្ឌលគិរី ជួនកាល​គេ​ដឹក​ទៅ​ស្នួល ព្រំដែន​វៀតណាម»។

បុរស​ដដែល​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​វិនាសកម្ម​ព្រៃ​ឈើ​ទាំង​នោះ ស្រប​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​រដ្ឋាភិបាល​រំលាយ ដោយ​ពុំ​មាន​អ្នក​រិះគន់​រួម​ចំណែក​បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នោះ។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ឈើ​ឆ្លង​ដែន​ដដែលៗ ផ្គើន​នឹង​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល៖ «បារម្ភ​ជា​ទីបំផុត ពូ​បារម្ភ​វែងឆ្ងាយ​ណាស់ ពូ​ចាស់​ហើយ​បាន​ត្រឹម​ផ្ទះ​នៅ​សមរម្យ។ ចំណែក​ចៅ​របស់​ពូ​មិន​ដឹង​ស្គាល់​ដើម​ធ្នង់​ម៉េច...។ វាល​ស្រឡះ យើង​ទៅ​រក​អី​ណា​វិញ?»។

​កាល​ពី​ពេល​ថ្មីៗ​នេះ កាសែត​ក្នុង​ស្រុក​ផ្សាយ​ថា នៅ​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល ៣០ មករា រថយន្ត​យីឌុប ២០ ទៅ ៣០​គ្រឿង បាន​ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំងស្រែ។ រថយន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ចាប់​ពី ៣០ ម៉ែត្រ​គូប ទៅ ៥០ ម៉ែត្រ​គូប។ ឈើ​ទាំង​នោះ​ត្រូវ​គេ​ស្គាល់​ថា ជា​របស់​លោក​ឧកញ៉ា គង់ ក្រឹង។ ក្រៅ​ពី​នេះ ក៏​មាន​រថយន្ត​សាំយ៉ុង ដឹក​ឈើ​ទៅ​​វៀតណាម ឲ្យ​ឧកញ៉ា​រូប​នេះ​ដែរ។

កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​លើ​អភិបាល​ខែត្រ​ត្បូងឃ្មុំ និង​អភិបាល​ខែត្រ​មួយ​ចំនួន​ទៀត រឿង​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម។ ក្រោយ​ពី​ការ​ព្រមាន​រួច អភិបាល​ខែត្រ​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ចេញ​ចូល​ប្រទេស​វៀតណាម ខុស​ច្បាប់ និង​កុង​ត្រូល​ជជុះ​ជាដើម។ ក៏ប៉ុន្តែ​អ្នកឃ្លាំមើល​បរិស្ថាន រិះគន់​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​បញ្ឈប់​ការ​នាំ​​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​មិន​អនុវត្ត​តាម។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង រក​ឃើញ​ថា ឈើ​ដែល​ឈ្មួញ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ពី​ទន្លេ​សេសាន ខែត្រ​ស្ទឹងត្រែង និង​តំបន់​ភ្នំ​ព្រិច ខែត្រ​មណ្ឌលគិរី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​វៀតណាម។ លោក​បញ្ជាក់​ថា ក្រុម​ការងារ​លោក​បាន​រក​ឃើញ​លិខិត​មួយ​ច្បាប់​ដែល​បញ្ជាក់​ថា ឈើ​រាប់ពាន់​ម៉ែត្រ​គូប​ត្រូវ​បាន​ដឹក​ចេញ​ពី​កម្ពុជា នាំ​ទៅ​ប្រទេស​វៀតណាម ដែល​មាន​អាជ្ញាធរ​ខ្មែរ​ជា​អ្នក​សម្រប​សម្រួល។

លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​បាន​ការពារ​ប្រយោជន៍​ឈ្មួញ​ទាំង​នោះ ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ដើម្បី​ឲ្យ​ការ​នាំ​ចេញ​ឈើ​ទៅ​ទីផ្សារ​វៀតណាម បាន​យ៉ាង​រលូន៖ «ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព ដោយសារ​តែ​អ្នក​ដឹក​ឈើ​នៅ​តែ​ខ្លាំង​ជាង​មុន​ទៀត។ មើល​ងាយ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​តែម្ដង។ ឈើ​មូលៗ ម៉ូតូ និង​រថយន្ត​យីឌុប​ធំៗ គឺ​ថា​រាប់​រយ​គ្រឿង​ក្នុង​មួយថ្ងៃ​តែម្ដង អ្នក​ណា​ក៏​ដឹង​ដែរ​នៅ​តំបន់​ស្នួល ដឹង​ពី​ការ​រក​ស៊ី​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ហើយ​មិន​មាន​ប៉ះពាល់​បង្ក្រាប​អី​សោះ ដោយសារ​តែ​ឈ្មួញ​វៀតណាម ទាំង​នោះ​អះអាង​ថា មាន​ខ្នង​ធំ​ជា​មេ​ទាហាន​រហូត​ដល់​ទីប្រឹក្សា​នាយ​រដ្ឋមន្ត្រី​បើក​ភ្លើង​ខៀវ»។

​លោក អ៊ូច ឡេង​ បន្ថែម​ថា ការណ៍​ដែល​កម្លាំង​សហគមន៍​ប្រឹងប្រែង​ចុះ​ល្បាត​ព្រៃ គឺ​មិន​អាច​ឈ្នះ​ឈ្មួញ​ជនជាតិ​វៀតណាម ប្រើប្រាស់​លុយ​រាប់​លាន​ដុល្លារ ទិញ​ព្រៃឈើ​ស្រុក​ខ្មែរ​ទាំង​មូល​ផ្គត់ផ្គង់​ទីផ្សារ​វៀតណាម នោះ​ទេ ព្រោះ​អាជ្ញាធរ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​ជិះ​សេះ​លែងដៃ មិន​អើពើ​បទល្មើស​ព្រៃឈើ។ លោក​ចាត់​ទុក​ឆ្នាំ​២០១៨ នេះ គឺ​ជា​ឆ្នាំ​អាក្រក់​បំផុត​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា៕

1 comment:

Anonymous said...

One eye man Hun Sess cannot see this crime of deforestation.