Wednesday 24 January 2018

ព្រះ​សង្ឃ និង​ពលរដ្ឋ​គ្រោង​ដើរ​ប្រមូល​ថ្ម​បុរាណ​តាម​ស្រែ​មក​ទុក​​តែ​អាជ្ញាធរ​មិន​អើពើ


ដោយ ជាតិ ចំណាន
2018-01-23 
rfa
ថ្ម​ប្រាសាទ​ដែល​ព្រះសង្ឃ​ប្រមូល​តាម​ភ្លឺ​ស្រែ ដើម្បី​រក្សា​ទុក​នៅ​វត្ត​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូប​ថត កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៨។
ថ្ម​ប្រាសាទ​ដែល​ព្រះសង្ឃ​ប្រមូល​តាម​ភ្លឺ​ស្រែ ដើម្បី​រក្សា​ទុក​នៅ​វត្ត​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូប​ថត កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៨។
រូបភាព​ដោយ ព្រះអង្គ លួន សុវ៉ាត



ព្រះតេជព្រះគុណ លួន សុវ៉ាត គ្រោង​ដឹកនាំ​ប្រជាពលរដ្ឋ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ធ្វើ​យុទ្ធនាការ​ដើរ​ប្រមូល​ដុំ​ថ្ម​ប្រាសាទ​បុរាណ ដែល​នៅ​រាយប៉ាយ​តាម​វាលស្រែ​របស់​អ្នក​ស្រុក យក​ទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​ថ្ម​បាក់បែក​ខូច​បន្ត​ទៀត។ ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ព្រះអង្គ​នាំ​ពលរដ្ឋ​ប្រមូល​ថ្ម​ប្រាសាទ​ទុក ដោយសារ​ការ​ទន្ទឹង​រង់ចាំ​មើល​វិធានការ​ពី​សំណាក់​អាជ្ញាធរ​ជាច្រើន​ថ្ងៃ​ហើយ នៅតែ​គ្មាន​ចំណាត់​ការ​នៅឡើយ។



ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង នឹង​ចាប់​ធ្វើ​យុទ្ធនាការ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ ដែល​រាយប៉ាយ​តាម​វាលស្រែ​ក្នុង​ពេល​ឆាប់ៗ។ ទោះជា​យ៉ាងណា​ព្រះតេជព្រះគុណ លួន សុវ៉ាត និង​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​អ្នកភូមិ ដើម្បី​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស។

សកម្មជន​ការពារ​ដីធ្លី និង​សិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា នៅ​ថ្ងៃ​ទី​២៣ មករា ថា មូលហេតុ​ដែល​ព្រះអង្គ​នាំ​ពលរដ្ឋ​ដឹក​ដើរ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ យក​ទៅ​រក្សាទុក គឺ​ដោយសារ​ព្រះអង្គ​ទន្ទឹង​រង់ចាំ​មើល​អាជ្ញាធរ​ជាច្រើន​ថ្ងៃ​មក​ហើយ អាជ្ញាធរ​នៅតែ​ពុំ​មាន​វិធានការ​ថែរក្សា​ថ្ម​បុរាណ​នៅឡើយ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា ប្រសិនបើ​មិន​ប្រមូល​យក​ទៅ​រក្សាទុក​នៅ​ទី​សុវត្ថិភាព​ទេ គឺ​ថ្ម​បុរាណ​ទាំងអស់​នោះ នឹង​បាក់បែក​ខូច ហើយ​មួយ​ចំនួន​ទៀត នឹង​ធ្លាក់​ទៅលើ​ដៃ​របស់​ជនខិលខូច​ជា​ពុំ​ខាន៖ «ដោយសារ​យើង​ស្រលាញ់​សម្បត្តិ​វប្បធម៌ អរិយធម៌​របស់​ជាតិ ដែល​ជា​កេរ្តិ៍មរតក​របស់​បុព្វ​បុរស​ខ្មែរ​យើង​ដែល​បាន​បន្សល់ទុក​រាប់ពាន់​ឆ្នាំ​កន្លង​មក​ហើយ។ ដូច្នេះ​ហើយ បាន​ជា​អាត្មា​មាន​ចិត្ត​ស្រលាញ់​របស់​មរកត​ដែល​មិន​អាច​កាត់ថ្លៃ​បាន បើ​និយាយ​ឲ្យ​ចំ​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​មិន​ចង់​ឲ្យ​បាត់បង់»។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីក្រែង លោក រី រ៉ូ ថ្លែង​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយ​ព្រះសង្ឃ​ដើរ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ​នៅ​តាម​ដីស្រែ។ ពលរដ្ឋ​រូប​នេះ សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ថ្ម​បុរាណ​ដែល​នៅ​រាយប៉ាយ​តាម​វាលស្រែ​នោះ។ ម្យ៉ាងទៀត ពួកគេ​ចង់​ប្រមូល​ថ្ម​បុរាណ​ទាំងអស់​នោះ​ទៅ​រក្សាទុក ប៉ុន្តែ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ពួកគាត់​លួច​របស់បុរាណ ទើប​បាន​ជា​ថ្ម​បុរាណ​នៅ​រាយប៉ាយ​រហូត​មក៖ «បើ​និយាយ​ទៅ​ខ្ញុំ​ស្រលាញ់​ណាស់​របស់​បុរាណ ហើយ​ខ្ញុំ​តែង​រក្សាទុក បើ​ទោះ​ជា​កម្ទេច​ថ្មី​ក៏​ខ្ញុំ​រើស​ទុក​ដែរ ដោយ​នឹង​ឃើញ​ថា​របស់​ពី​បុរាណ​មក​យើង​មិន​អាច​ធ្វើ​បា​ទេ។ នៅ​កន្លែង​ទី​ទួល​នេះ​មាន​ច្រើន​ណាស់​ដែល​អាជ្ញាធរ​ដឹង​លឺ ប៉ុន្តែ​ដូចជា​អត់​មាន​ជួយ​ថែរក្សា​ការពារ​ជា​សម្បត្តិ​ជាតិ​ទេ ហើយ​មាន​ជនខិលខូច​ខ្លះ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ទៀត​ផង ព្រោះ​សូម្បី​ទី​ទួល​ប្រាសាទ​នៅ​ក្នុង​ភូមិ​ក៏​អាជ្ញាធរ​មើល​មិន​ឃើញ​ដែរ គឺ​បណ្ដោយ​ឲ្យ​ជនខិលខូច​កាប់​គាស់​ខ្ទេចខ្ទី​អស់»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលស្រុក​ជីក្រែង លោក ពៅ ប៊ុនធឿន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៣ មករា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាង​នេះ​ក្ដី កន្លងមក​មេភូមិ​តារាមឈ្មោះ ស៊ន់ អះអាង​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ជូនដំណឹង​មក គឺ​អ្នកស្រី​បាន​ចុះទៅ​មើល​បង្គោល​ថ្ម​ប្រាសាទ​បុរាណ​នោះ​ភ្លាម​ដែរ ប៉ុន្តែ​អ្នកស្រី​ថា មិនទាន់​បាន​រៀបចំ​ទុកដាក់​វត្ថុ​បុរាណ​ទាំង​នៅឡើយ​ទេ៖ «ខ្ញុំ​ខ្លាច​បាត់បង់​នឹង​ហើយ​បានជា​ចេះតែ​ការពារ​ទុក​តាំង​ពី​ណា​មក ក៏​នាំគ្នា​សហការ​គ្នា​ជាមួយ​គណៈកម្មការ​ភូមិ និង​គណៈកម្មការ​វត្ត ចំណែក​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក គេ​ដឹង​ដែរ​តើ​ថា មាន​ថ្ម​បុរាណ​នៅ​តំបន់​នេះ»។

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ច័ន្ទ ចំរើន លើកឡើង​ថា ការ​ទុកដាក់​ថ្ម​ប្រាសាទ​បុរាណ​ឲ្យ​បាន​គង់វង្ស គឺជា​តួនាទី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​អាជ្ញាធរ​មិន​ត្រូវ​ធ្វើ​មិន​ដឹង​មិន​លឺ ដោយ​ទុក​ឲ្យ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ នៅ​រាយប៉ាយ​ចោល​លើ​ដី​ស្រែ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​គាត់​នៅ​មាន​កម្រិត ដូច្នេះ​ការ​ចុះទៅ​ប្រមូល​ថ្ម​វា​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​នឹង​បញ្ហា​អ្វី​ផ្សេងៗ​ទៀត​មក​លើ​ពលរដ្ឋ។ ដូច្នេះ​មិន​គួរ​ណា​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ប្រមូល​ថ្ម​ទេ គួរ​ណា​សមត្ថកិច្ច​ដែល​អ្នកមាន​បច្ចេកទេស​ក្នុង​ការ​ថែ​រក្សាៗ​នឹង​រួសរាន់​ទៅ​បាន​ឆាប់​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ព័ត៌មាន​ទេ​បាទ»។

ព្រះអង្គ លួន សុវ៉ាត មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា បង្គោល​ថ្ម​ប្រាសាទ​បុរាណ​ដែល​ប្រមូល​ទុក​នោះ ខ្លះ​ប្រវែង​កន្លះ​ម៉ែត្រ និង​ខ្លះ​ទៀត​ជាង​កន្លះ​ម៉ែត្រ ព្រមទាំង​មាន​ក្បាច់រចនា​នៅ​ល្អ​ស្អាត។ ថ្ម​នេះ​ទំនង​មាន​អាយុកាល​ប្រហាក់ប្រហែល​ថ្ម​ប្រាសាទអង្គរវត្ត​ដែរ និង​មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ស្ពាន​បុរាណ​ផ្លូវជាតិ​៦ នៃ​ឃុំ​ជីក្រែង។ ប្រជាពលរដ្ឋ​អះអាង​ថា ថ្ម​បុរាណ​នេះ​នៅ​រាយប៉ាយ​តាម​ភ្លឺស្រែ​របស់​អ្នកស្រុក​មាន​ប្រមាណ​ពី ៤០​ទៅ ៥០​ដុំ ស្ថិតនៅ​ក្នុង​ភូមិ​តារាម និង​ភូមិ​ភ្នៀត នៃ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ កាលពី​ថ្ងៃ​ទី​១៧ មករា ព្រះតេជព្រះគុណ លួន សុវ៉ាត សហការ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមូល​បាន​ថ្ម​បុរាណ​ចំនួន ១២​ដុំ ហើយ​បាន​យក​ទៅ​រក្សាទុក​លើ​ដី​ទួល​មួយ​កន្លែង​ក្នុង​ឃុំ​ជីក្រែង ចំណែក​ថ្ម​ដែល​នៅ​សេសសល់ ព្រះអង្គ​នឹង​នាំ​ប្រជាពលរដ្ឋ​ប្រមូល​រក្សាទុក​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ៕

No comments: