ដោយ មួង ណារ៉េត
2018-01-04
rfa
ពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីនាមណ្ឌលស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha
មន្ត្រីទូតជប៉ុន បានបញ្ជាក់ជំហរថា រដ្ឋាភិបាលជប៉ុន ព្រួយបារម្ភ និងតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា និងចង់ឲ្យមានការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់រាស្ត្រម្ចាស់ឆ្នោត។ ការទទូចចង់បានបែបនេះ ត្រូវបានខាងតំណាងរដ្ឋាភិបាលចិន ឯណោះ ជាអ្នកអះអាងជំនួសកម្ពុជា វិញថា ការបោះឆ្នោតជាតិខាងមុខនឹងមានភាពត្រឹមត្រូវ និងយុត្តិធម៌។
ជំហររបស់រដ្ឋាភិបាលជប៉ុន ជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន និងជំនួយដល់ស្ថាប័ន គ.ជ.ប ត្រូវបានលេខាទីមួយរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា អ្នកស្រី តាណាបេ កាអូរី (Kaori Tanabe) ប្រាប់អាស៊ីសេរី តាមរយៈសារអេឡិចត្រូនិក កាលពីថ្ងៃទី៤ ខែមករា ថា ការបោះឆ្នោតជាតិ ដែលឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជានេះ គឺមានសារសំខាន់បំផុត។ អ្នកស្រីបញ្ជាក់បន្តថា រដ្ឋាភិបាលជប៉ុន នឹងតាមដានការវិវត្តន៍ស្ថានការណ៍នយោបាយបច្ចុប្បន្នយ៉ាងយកចិត្តទុកដាក់។ ចំពោះជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ អ្នកស្រី តាណាបេ កាអូរី បញ្ជាក់ផងដែរថា ជប៉ុននឹងនៅតែបន្តជួយផ្នែកកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
កាលពីមុនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ប្រទេសជប៉ុន បានផ្តល់ជំនួយក្នុងការជួយកែទម្រង់បញ្ជីឈ្មោះអ្នកបោះឆ្នោត ដូចជាការជួយរៀបចំឲ្យមានការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រជាដើម។ ប្រទេសជប៉ុន ជាម្ចាស់ជំនួយដ៏ធំមួយក្នុងផ្នែករៀបចំការបោះឆ្នោតនេះ ចាប់តាំងពីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកម្ល៉េះ។
ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន សុទ្ធតែចង់ឃើញការបោះឆ្នោតជាតិខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពេញលេញពីភាគីដែលពាក់ព័ន្ធទាំងអស់។ ប៉ុន្តែ ដោយសារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចជាផ្លូវការប្រកាសផ្អាកផ្ដល់ជំនួយហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង ដូចជាការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការរម្លាយគណបក្សសង្គ្រោះជាតិ ការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
សហគមន៍អន្តរជាតិ បានព្រមានរួចហើយថា បើនៅតែគ្មានដំណោះស្រាយ ដើម្បីស្តារស្ថានភាពបច្ចុប្បន្ននេះទេ ការការបោះឆ្នោតជាតិខាងមុខនឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ហើយការបោះឆ្នោតបែបនេះ នឹងគ្មានភាពស្របច្បាប់ដែលអាចឲ្យសហគមន៍អន្តរជាតិទទួលស្គាល់បាននោះដែរ។
ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា នរណាមិនទទួលស្គាល់មិនសំខាន់ សំខាន់ឲ្យតែពលរដ្ឋខ្មែរគ្នាឯងទទួលស្គាល់ទៅបានហើយ។ កាលពីព្រឹកថ្ងៃទី៣ ខែមករា លោក ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតប្រាប់កម្មករថា ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីជាគ្មានគណបក្សសង្គ្រោះជាតិចូលរួមក៏ដោយ៖ «ស្រុកខ្មែរមិនមែនអត់ឯងគេងាប់ទេ កុំឆ្ងល់! និយាយតាមមួយបែបអ៊ីចឹងហ្មង គេហៅថា ប្រាំបីជ្រុង ប្រាំបីទិស។ ធ្វើមើលតែអត់ឯងហ្នឹង លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរវាងាប់? គេនៅតែបោះ (បោះឆ្នោត)! វាគ្មាននរណាគេឲ្យមនុស្សនៅក្នុងគុកមកបោះទេ»។
ស្របពេលដែលសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផង ព្រួយបារម្ភពីការបោះឆ្នោត ដែលគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមិនឆ្លុះបញ្ចាំងឆន្ទៈពិត ប្រាកដរបស់ពលរដ្ឋខ្មែរម្ចាស់ឆ្នោត ប្រទេសចិន យល់ឃើញថា ការបោះឆ្នោតជាតិនៅពេលខាងមុខនៅកម្ពុជា នឹងមានភាពត្រឹមត្រូវ និងយុត្តិធម៌។ តាមប្រភពព័ត៌មាន រ៉យទ័រ (Reuters) បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសចិន លោក គង់ ស៊ាន់យូ (Kong Xuanyou) កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថា ប្រទេសចិន គោរព និងគាំទ្រការវិវត្តន៍តាមការសម្រេចរបស់ពលរដ្ឋខ្មែរ និងជឿថា ការបោះឆ្នោតខាងមុខនឹងឆ្លុះបញ្ចាំងភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយពលរដ្ឋខ្មែរនឹងអាចជ្រើសរើសគណបក្ស និងមេដឹកនាំទៅតាមការពេញចិត្តរបស់ខ្លួន។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគបានយល់ឃើញថា ការពឹងផ្អែកទៅលើការវាយតម្លៃអំពីភាពត្រឹមត្រូវ និងយុត្តិធម៌ នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពីរដ្ឋាភិបាលចិន គឺមិនអាចទៅរួចទេ ដោយសារប្រទេសចិន ជាប្រទេសកុម្មុយនិស្ត និងមិនដែលរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ ព្រោះចិន ជារដ្ឋឯកបក្ស។ ប្រទេសចិន មិនគិតគូរពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។
ក្រោយពីសហគមន៍អន្តរជាតិ ថ្កោលទោស ដាក់ទណ្ឌកម្មបណ្តើរៗ និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលលោក ហ៊ុន សែន ទើបកម្ពុជា ងាកទៅរកចិន កាន់តែខ្លាំង។ ឥឡូវនេះ ប្រទេសចិន ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា។ ចំណែកឯប្រទេសជប៉ុន លែងមានឥទ្ធិពលខ្លាំងនៅកម្ពុជា ដូចមុនទៀតហើយ។
ប្រធានសមាគមអាដហុក (ADHOC) លោក ធន សារាយ ប្រាប់អាស៊ីសេរី ក្រោយលោកបានជួបមន្ត្រីការបរទេសជាន់ខ្ពស់របស់ជប៉ុន នៅក្នុងសិក្ខាសាលាមួយស្ដីពីខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីក្រុងតូក្យូ ថា ប្រទេសជប៉ុន ចង់ឃើញអ្នកនយោបាយខ្មែរដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ព្រោះប្រទេសជប៉ុន ពុំមានអំណាចដូចពីមុនទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារស្ថានការណ៍នយោបាយឲ្យវិលទៅរកភាពប្រក្រតីឡើងវិញនោះទេ៖ «ពីមុនជប៉ុន មានអំណាច មានឥទ្ធិពលច្រើនទៅលើប្រទេសកម្ពុជា ជាពិសេស គឺក្នុងឆ្នាំ១៩៩០ ប្លាយ។ ឥឡូវនេះឥទ្ធិពលមិនដូចមុនទេ ដោយសារប្រទេសយើងបច្ចុប្បន្ន មានជំនួយពីមហាមិត្តចិន ខ្លាំងមែនទែន។ យើងដឹងហើយថា ប្រទេសចិន ជាម្ចាស់ជំនួយដ៏ខ្លាំងដែរ ហើយជំនួយជប៉ុន មានលំដាប់ទាបទៅៗ។ ជប៉ុនភាគច្រើនជាជំនួយឥតសំណង ប៉ុន្តែចិន ជាជំនួយឥណទាន»។
ទោះជាយ៉ាងនេះក្តី អ្នកស្រី តាណាបេ កាអូរី (Kaori Tanabe) អះអាងថា រដ្ឋាភិបាលជប៉ុន នឹងបន្តការសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា តទៅទៀត ក្នុងស្ថានភាពដែលមិនទាន់មានដំណោះស្រាយនយោបាយសមស្របណាមួយនៅឡើយនេះ៕
No comments:
Post a Comment