Monday, 15 January 2018

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រង​ការ​ចោទ​ថា​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់


ដោយ វ៉ែន សុមេធ
2018-01-15 

ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែង​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Rainsey
ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែង​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Rainsey
 RFA/Um Rainsey



មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ​អះអាង​ថា ដី​ចំណី​ឆ្នេរសមុទ្រ នៅ​តាម​តំបន់​មួយ​ចំនួន ត្រូវ​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន រំលោភ​ធ្វើ​កម្មសិទ្ធិឯកជន ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។



ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន សំណូមពរ​ដល់ លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ តំបន់​ពយកំពេញ ឲ្យ​បាន​ទាន់​ពេល។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ចំពោះ​មហិច្ឆតា​រំលោភ​កាន់កាប់​ដី​ឆ្នេរសមុទ្រ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ នៅ​តំបន់​អភិវឌ្ឍន៍​ពយកំពេញ ក្នុង​សង្កាត់​លេខ​៣ ផ្ដើម​ដោយ​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ហើយក៏​មានគ្រួសារ​មន្ត្រី​ខ្លះ បាន​ជាប់​សាច់ឈាម និង​ត្រូវជា​ដន្លង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​ឈ្មោះ​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​នេះ​ដែរ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បាន​ឲ្យ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី​១៥ មករា​ថា ដី​ចំណី​ឆ្នេរសមុទ្រ​ខេត្ត​នេះ នៅ​តាម​តំបន់​ខ្លះ ត្រូវ​បាន​គ្រួសារ​មន្ត្រី​មានអំណាច​ប៉ុនប៉ង​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ដោយ​ប្រើ​អំណាច​បុណ្យស័ក្ដិ​របស់​ខ្លួន។ ក្នុង​នោះ​ក៏​មាន​មន្ត្រី​ខ្លះ បាន​មក​រារាំង​សកម្មភាព​ការងារ​ស្ថាបនា​ពង្រីក​ផ្លូវ ចូល​ទៅ​តំបន់​អភិវឌ្ឍ​ឆ្នេរ​ពយកំពេញ របស់ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ​ថែមទៀត​ផង។

ផ្ដើម​ពី​បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម​បាន​ស្នើ​ដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​របស់​មន្ត្រី​មានអំណាច​ទាំងនេះ ឲ្យ​បាន​ទាន់​ពេល ព្រោះ​មាន​មន្ត្រី​ខ្លះ​កំពុង​សង់​សំណង់​រឹងមាំ​នៅ​ជាប់​ឆ្នេរសមុទ្រ និង​មាន​មន្ត្រី​ខ្លះ​ទៀត បាន​ណែនាំ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី​ជាដើម បញ្ជូន​មន្ត្រី​ចុះ​វាស់ដី​ចំណី​ឆ្នេរសមុទ្រ រហូតដល់​ក្នុង​ទឹក​សមុទ្រ ដើម្បី​ឈាន​ទៅ​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នា​ថ្ងៃ​ខាងមុខ ព្រោះ​អាង​អំណាច​បុណ្យស័ក្ដិ និង​ត្រូវជា​ដន្លង របស់​ប្រមុខ​ដឹកនាំ​ស្រាប់​ផង។

ត្រង់​ចំណុច​នេះ លោក ស្រេង វ៉ាន់លី ក្នុងនាម​មន្ត្រី​សង្គម​ស៊ីវិល​បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា រវាង​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រីរាជការ​ថ្នាក់​ទាប ឈ្មួញ​មានទ្រព្យ និង​មន្ត្រី​មានអំណាច ដោយ​មិន​ត្រូវ​ផ្ដល់​សិទ្ធិ​ជូន​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ អាច​ធ្វើ​សកម្មភាព​ល្មើស​ផ្សេងៗ​តាម​ទំនើងចិត្ត​ទៀត​ទេ។

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​ពយកំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​អះអាង​ថា ឈ្មោះ​មន្ត្រី​មួយ​ចំនួន ដែល​បាន​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​តំបន់​ពយកំពេញ​ខុសច្បាប់ រាល់​ថ្ងៃ​នេះ គឺ​មាន​មន្ត្រី​ខ្លះ មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ ក្នុង​នោះ​ក៏​មាន​គ្រួសារ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែល​ត្រូវជា​ដន្លង របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ផង មានឈ្មោះ​ជាប់​ពាក់ព័ន្ធ ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ នៅ​តំបន់​ពយកំពេញ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​នេះ​ដែរ។

ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក ជា សុផារ៉ា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​មហិច្ឆតា​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយ​ចំនួន ដោយ​ត្រូវ​ដកហូត​ដី​តំបន់​នោះ យក​មក​អភិវឌ្ឍ​ជា​ឆ្នេរ​ខ្សាច់ ឲ្យ​មាន​សោភ័ណភាព សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ចូល​ទៅ​កម្សាន្ត​នា​ថ្ងៃ​អនាគត​វិញ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ​សកម្មភាព​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ របស់​រដ្ឋបាល​ខេត្ត​នេះ ពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ លោក ជា សុផារ៉ា ជា​បន្តបន្ទាប់​មកនេះ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អ្នកស្រី​បាន​កត់សម្គាល់​ថា រាល់​ថ្ងៃ​នេះ ឃើញ​ឈ្មួញ​មានទ្រព្យ និង​មន្ត្រី​មានអំណាច​មួយ​ចំនួន បាន​បន្ត​សង់​សំណង់​រឹងមាំ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​នា​ខេត្ត​ព្រះសីហនុ ពិសេស​ឆ្នេរសមុទ្រ​តំបន់​ពយកំពេញ ក្នុង​សង្កាត់​លេខ​៣ ធ្វើ​កម្មសិទ្ធិ​ឯកជន ដោយ​គ្មាន​អាជ្ញាធរ​ហាមឃាត់​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អះអាង​ថា សំណង់​លំនៅឋាន​មួយ​ចំនួន ដែល​កំពុង​សង់​នៅ​តំបន់​អភិវឌ្ឍ​ពយកំពេញ គឺ​សំណង់​មួយ​ចំនួន មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ។ ប៉ុន្តែ​លោក​ថា សម្រាប់​សំណង់​មួយ​ចំនួន​ទៀត ដែល​ត្រៀម​សង់​នាំ​ប៉ះពាល់​ដល់​ដី​ចំណី​ឆ្នេរសមុទ្រ គឺ​រដ្ឋបាល​ខេត្ត​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

យ៉ាង​នេះ​ក្តី ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ មាន​មន្ទិល​ថា សកម្មភាព​សង់​សំណង់​រឹងមាំ​ជា​បឹង​កាឡូ ឬ​ជា​ផ្ទះ​វីឡា​លំហែ​កាយ របស់​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយ​ចំនួន នៅ​តំបន់​ពយកំពេញ សង្កាត់​លេខ​៣ ទំនងជា​អាច​មាន​ការ​សម្របសម្រួល​ឯកសារ​ច្បាប់ ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ទៅជា​ស្របច្បាប់ ទើប​គ្មាន​អាជ្ញាធរ​ចេញមុខ​ទប់ស្កាត់​ទេ។ ជាង​នេះ​ទៀត​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​សង្កេតឃើញ​មាន​សកម្មភាព មន្ត្រី​ជំនាញ​ក្រសួង​និង​មន្ទីរ​រៀបចំ​ដែនដី បាន​ចុះ​វាស់វែង​ដី​ចំណី​ឆ្នេរសមុទ្រ ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​តំបន់​ពយកំពេញ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​មន្ត្រី​មាន​អំណាច ដែល​ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​តំបន់​ពយកំពេញ ឈាន​ទៅ​កែច្នៃ​ឯកសារ​ផ្ដល់​កម្មសិទ្ធិ​ដី​ចំណី​ឆ្នេរសមុទ្រ​នេះ​ស្របច្បាប់​ក៏​ថា​បាន​ដែរ ព្រោះ​ខ្លាច​បុណ្យស័ក្ដិ​មន្ត្រី​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ត្រូវជា​ដន្លង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ។

សកម្មភាព​វាស់វែង​ប៉ុនប៉ង​យក​ដី​ចំណី​ឆ្នេរសមុទ្រ​នេះ កើតឡើង​ស្រប​ពេល​ដី​នៅ​ក្នុង​ទីក្រុង​ព្រះសីហនុ​មាន​ជន​ជា​តោ​ចិន​ចូល​មក​រស់នៅ​ច្រើន​អនេក និង​តម្លៃ​ដី​ឡើង​ថ្លៃ​កប់​ពពក៕

No comments: