Monday, 15 January 2018
លោក ហ៊ុន សែន ប្រកាសជាថ្មីថា លោកនឹងបន្តកាន់តំណែងយ៉ាងតិច១០ឆ្នាំទៀត
ដោយ មាន ឫទ្ធិ
2018-01-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀតប្រកាសថា លោកនឹងបន្តកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី យ៉ាងហោចណាស់ ១០ឆ្នាំតទៅមុខទៀត។ ការប្រកាសសាជាថ្មីម្ដងហើយម្ដងទៀតរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ីសរុបជិត ៤ពាន់នាក់ នៅកោះពេជ្រ ក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ មករា ដែលត្រូវចំនឹងខួបលើកទី៣៣ ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់លោក។
លោក ហ៊ុន សែន ថ្លែងអះអាងថា លោកមិនដែលមានមហិច្ឆតាចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ក៏ប៉ុន្តែលោកនៅមិនទាន់មានលទ្ធភាពឈប់ធ្វើជានាយករដ្ឋមន្ត្រីនៅឡើយ ដោយសារតែលោកថា បញ្ហារបស់ប្រទេសជាតិតម្រូវយ៉ាងដូច្នេះ៖ «ការកាន់តំណែងនៅក្នុងមុខតំណែងមួយដែលមនុស្សជាច្រើនចង់ដណ្ដើមយកនៅទីកន្លែងនេះ គឺអ្នកដែលមិនចង់បែរជាបានធ្វើ បានក្លាយខ្លួនជានាយករដ្ឋមន្ត្រី។ ខ្ញុំគ្មានមហិច្ឆតាធ្វើនាយករដ្ឋមន្ត្រីទេ។ ហើយអ្នកដែលចង់ដកខ្លួនសម្រាកក៏នៅតែមិនទាន់មានលទ្ធភាពដើម្បីនឹងសម្រាកក៏ព្រោះតែបញ្ហាប្រទេសជាតិរបស់យើងវាតម្រូវយ៉ាងដូច្នេះ»។
លោក ហ៊ុន សែន អះអាងបន្តទៀតថា ការណ៍ដែលលោកអាចរក្សាអំណាចបានដល់ទៅ៣៣ឆ្នាំនេះ លោកមិនមែនបានមកដោយសារការប្រើប្រាស់ចុងកាណុង ឬកាន់អំណាចតាមបែបផ្ដាច់ការនោះឡើយ។
លោក ហ៊ុន សែន ឡើងកាន់តំណែងដំបូងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ១៩៨៥ ក្រោមការជួយជ្រោមជ្រែង និងលើកបន្តុបពីសំណាក់ប្រទេសវៀតណាម។ ក្នុងអំឡុងពេល៣៣ឆ្នាំក្រោមការដឹកនាំរបស់លោក លោកធ្លាប់បានប្រើប្រាស់កម្លាំងយោធាគំរាមធ្វើអបគមន៍បំបែកខែត្រទាំង៧ នៅភូមិភាគបូព៌ាទន្លេមេគង្គ ជារដ្ឋមួយផ្សេងទៀត នៅពេលដែលគណបក្សរបស់លោកចាញ់ឆ្នោតកាលពីឆ្នាំ១៩៩៣ ក្រោមការត្រួតត្រារបស់អ៊ុនតាក់ ជាថ្នូរនឹងការសម្រុះសម្រួលផ្នែកនយោបាយ ដើម្បីអនុញ្ញាតឲ្យលោកអាចបន្តក្រាញអំណាចជានាយករដ្ឋមន្ត្រីបាន។
លោកក៏ធ្លាប់បានដឹកនាំធ្វើរដ្ឋប្រហារយោធាកាលពីដើមខែកក្កដា ឆ្នាំ១៩៩៧ ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦០នាក់ ត្រូវបានក្រុមយោធារបស់លោកសម្លាប់ចោលក្រៅប្រព័ន្ធតុលាការ។ លោក ហ៊ុន សែន ទទួលរងនូវការរិះគន់ថា បានដឹកនាំសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការធ្វើធម្មនុញ្ញប្រហារ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ រួមមានការកម្ទេចក្រុមអ្នកនយោបាយប្រឆាំង គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាជាដើម។ លោកក៏បានប្រើប្រាស់ប្រព័ន្ធច្បាប់ ដែលក្រុមរបស់លោកជាអ្នកតាក់តែងឡើង ដើម្បីពង្រឹងអំណាចគ្រប់គ្រងរដ្ឋ និងអំណាចយោធាទាំងស្រុង ដែលបើកផ្លូវឲ្យលោក ក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់លោក គ្រប់គ្រងប្រទេសកម្ពុជាទាំងមូល តាមបែបមាហ្វីយ៉ា បក្សពួកនិយម ជាបណ្ដាញខ្សែស្រឡាយលួចជាតិ បំផ្លិចបំផ្លាញធនធានធម្មជាតិ និងច្បាមយកដីធ្លីពីពលរដ្ឋទន់ខ្សោយ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជារឿយៗ តែងតែប្រើប្រាស់នូវសារនយោបាយបែបហិង្សានិយម គំរាមកាប់សម្លាប់ពូជសាសន៍ខ្មែរគ្នាឯងដោយមិនញញើត ដែលអាចធ្វើឲ្យលោកជាប់បន្ទុកក្នុងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។ បច្ចុប្បន្ន តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានដាក់សំណុំរឿងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅក្នុងបញ្ជីនៃរឿងក្តីចំនួន ១២ ដែលត្រូវពិចារណាស៊ើបអង្កេតជាបន្ទាន់។
ការណ៍ដែលលោក ហ៊ុន សែន ចង់បន្តកាន់អំណាចរហូតដល់ទៅពីរអាណត្តិទៀតនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយជាតិ និងអន្តរជាតិ មើលឃើញថា លោកកំពុងពន្យារពេលវេលា ផ្ចុងផ្ដើមឲ្យកូនៗរបស់លោក ឲ្យឡើងបន្តកាន់កាប់អំណាចក្ដោបក្ដាប់ប្រទេសកម្ពុជា ក្រោយពេលដែលលោកចូលនិវត្តនាពេលអនាគត តាមបែបផែនផ្ទេរអំណាចពីឪពុកទៅដល់កូន ឬហៅថា «សន្តតិវង្ស» ដូចដែលបានអនុវត្តនៅប្រទេសកុម្មុយនិស្ត រួមមានកូរ៉េខាងជើងជាដើម៕
Subscribe to:
Post Comments (Atom)
1 comment:
Hun Sen wanted to stay in power 10 more years but Yumphubals said they will take him to hell to see Sihanouk and Ah devil Ho Chi Minh in this 2018.
Wait and see !!
Post a Comment