Thursday 1 February 2018
សហគមន៍អន្តរជាតិនឹងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន នៅចុងខែកុម្ភៈ
ដោយ តាំង សារ៉ាដា
2018-01-31
rfa
(ពីស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយកអង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករងនៃឧត្តមស្នងការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំការិយាល័យតំបន់អាស៊ីអាគ្នេយ៍ និងលោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សាច្បាប់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងធ្លាប់ធ្វើមន្ត្រីច្បាប់ក្នុងសាលាក្ដីខ្មែរក្រហម ក្នុងសន្និសីទមួយ ក្នុងក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេស (FCCT) នៅទីក្រុងបាងកក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
Photo of Forum Asia
ក្រុមអ្នកឃ្លាំមើលនិយាយថា សហគមន៍អឺរ៉ុប និងព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងប្រើវិធានការបន្ថែមគឺដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាលកម្ពុជានៅចុងខែកុម្ភៈខាងមុខ ដើម្បីឆ្លើយតបទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិ មនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ប្រទេសចំនួន ២៨ ក្នុងសហគមន៍អឺរ៉ុបនឹងចេញសេចក្ដីសម្រេចមួយ នៅចុងខែកុម្ភៈ ខាងមុខ ក្នុងទីក្រុងប្រ៊ូចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដើម្បីប្រើវិធានការក្ដៅក្នុងការដាក់ទណ្ឌកម្មខាងវិស័យកាត់ដេរ ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកបន្តថា ចំណែកខាងសហរដ្ឋអាមេរិកឯណោះវិញ ក្រុមសមាជិកព្រឹទ្ធសភា របស់ប្រទេសមហាអំណាចមួយនេះវិញ ក៏នឹងបញ្ចេញច្បាប់មួយដើម្បីដាក់ទណ្ឌកម្មដល់កម្ពុជាដែរ៖ «អ្វីដែលខ្ញុំបានដឹងនៅពេលនេះគឺក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង ទាំងពីរគណបក្សរួមមានលោក ចន ម៉ាកឃែន (John MacCain) លោក ប៊ែន ខាដិន (Ben Cardin) និងលោក ឌីក ឌឺប៊ិន (Dick Durbin) នឹងធ្វើច្បាប់ពិសេសមួយដើម្បីដាក់ទណ្ឌកម្មដល់លោក ហ៊ុន សែន។ ច្បាស់ណាស់ទៅហើយ លោក ហ៊ុន សែន គ្មានប្រជាប្រិយភាព ហើយក៏គ្មានសម្ពន្ធមិត្តណាមួយក្នុងរដ្ឋសភានោះទេ ដោយបុរសម្នាក់ នេះគាត់ជាជនផ្ដាច់ការ ជាជើងកាង ជាមេរំលោភសិទ្ធិមនុស្ស ហើយបុរសម្នាក់សមនឹងទទួលនូវទណ្ឌកម្ម។ ចំណែកសហគមន៍អឺរ៉ុបវិញ ក៏កំពុងរៀបចំវិធានការជាក់លាក់ទៅរដ្ឋាភិបាលកម្ពុជាដែរ។ ក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់សហគមន៍អឺរ៉ុបនឹងចេញសេចក្ដីសម្រេចរបស់ខ្លួនមួយ នៅចុងខែកុម្ភៈខាងមុខ ដែលជាវិធានការក្ដៅទៅលើរដ្ឋាភិបាល លោក ហ៊ុន សែន តែម្ដង»។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចឆ្លើយតបទៅនឹងគម្រោងដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិនៅឡើយទេ។
ប៉ុន្តែលោក ហ៊ុន សែន កន្លងមកធ្លាប់បង្ហាញមោទនភាពថា លោកមិនខ្វល់អំពីការដាក់ទណ្ឌកម្មណាមួយរបស់អន្តរជាតិមកលើរដ្ឋាភិបាលរបស់លោកនោះទេ៖ «អស់លោកសង្ឃឹមណាស់ថា បន្តិចទៀតរដ្ឋបាលភ្នំពេញនឹងគាំងងាប់ហ្មង។ សូមផ្ដាំទៅអាពៅ សម័យដើម ស៊ីបាយធ្វើការដូរអង្ករ។ ហែងហ៊ុមព័ទ្ធអញ អញរស់បាន។ រឿងអីមកដល់ប៉ុណ្ណឹងហើយរស់មិនបាន»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពកម្មករព្រមានថា ប្រសិនបើ កម្ពុជាទទួលរងទណ្ឌកម្មទាំងពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបមែន នោះវានឹងប៉ះទង្គិចខ្លាំងដល់កម្មករខ្មែរ ជាង ៤សែននាក់ និងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសរងគ្រោះមហន្តរាយធ្ងន់ធ្ងរ។ ប្រធានសហជីពស៊ីខៅឌូ លោក អាត់ ធន់ បានសម្ដែងក្ដីបារម្ភចំពោះ កម្មកររាប់ម៉ឺននាក់នឹងបាត់បង់ការងារធ្វើ ហើយលទ្ធភាពនៃការនាំទំនិញរបស់កម្ពុជាទៅលក់នៅទីផ្សារបរទេសនឹងជួបវិបត្តិធំ៖ «ចំពោះខ្ញុំ ខ្ញុំមានការបារម្ភនៅពេលណាមានការគំរាមដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការនាំចេញ ឬពាណិជ្ជកម្មផ្សេងៗ ដោយសារពេលបច្ចុប្បន្នហ្នឹងការនាំចេញភាគច្រើនគឺវិស័យកាត់ដេរ ហើយនាំហ្នឹងទៅ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកហ្នឹងគឺច្រើនជាងគេ។ បើយើងគិតទៅប្រហែល ជា ៧០ ទៅ៨០ ភាគរយទៅហើយ អញ្ចឹងបើសិនជាមាន ការដាក់ទណ្ឌកម្មហ្នឹង គឺខ្ញុំមានការបារម្ភមែនទែនអំពីលទ្ធភាពនៃការ រកការងារសម្រាប់កម្មករ»។
ពាក់ព័ន្ធទៅនឹងការដាក់សំពាធរបស់សហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជានេះ កាលពីថ្ងៃទី២៤ ខែមករា ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង បានសរសេរលិខិតមួយច្បាប់ ទៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី នីគី ហាលី (Niki Haley) ដើម្បីឲ្យបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ខុសច្បាប់ ការរំលាយបក្សប្រឆាំង ការចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ ព្រមទាំងហាមមិនឲ្យមន្ត្រីបក្សប្រឆាំងជាង ១០០នាក់ ធ្វើនយោបាយទៀតផង។ ពួកគេជំរុញឲ្យអ្នកស្រី នីគី ហាលី ប្រើឥទ្ធិពលរបស់អាមេរិកក្នុងការដាក់លោក ហ៊ុន សែន ឲ្យនៅឯក្រៅពីពិភពលោក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment