Thursday 1 February 2018

សហគមន៍​និង​សង្គម​ស៊ីវិល​ថា អំពើពុករលួយ​ជា​មូលហេតុ​នៃ​បទល្មើស​ព្រៃ​ឈើ


ដោយ វ៉ែន សុមេធ
2018-01-31 
rfa
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
 Photo courtesy of EIA



ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ និង​សង្គម​ស៊ីវិល នៅតែ​បារម្ភ​ចំពោះ​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ និង​នៅ​តំបន់​ផ្សេងទៀត ពីព្រោះ​ការ​កាប់​បំផ្លាញ និង​សកម្មភាព​រត់ពន្ធ​ឈើ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់។ ពួកគេ​លើក​ឡើង​ថា មូលហេតុ​សំខាន់​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុម​ជនល្មើស​មានលទ្ធភាព​កាប់ និង​រកស៊ី​ឈើ​ឥត​ឈប់ឈរ ព្រមទាំង​មិន​អាច​ទប់ស្កាត់​បាន គឺ​ដោយសារ​មាន​អំពើពុករលួយ។



ការ​ទទួល​បាន​លាភសក្ការៈ ជា​ថវិកា​ផ្ទាល់ និង​ការ​យក​តួនាទី​របស់​ខ្លួន​ក្នុង​តំណែង​មន្ត្រីរាជការ​ទៅ​ប្រើ​ប្រាស់ ឬ​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស ជា​ថ្នូរ​ការ​បើកដៃ​ឱ្យ​ពួកគេ​មានលទ្ធភាព​ចូល​ទៅ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់ ជា​បញ្ហា​ដែល​សហគមន៍​ការពារ​ព្រៃឈើ​មាន​ការ​ព្រួយបារម្ភ។ ជាង​នេះ​ទៀត ដោយសារ​ទម្រង់​អំពើពុករលួយ​ទាំងនេះ បណ្តាល​ឱ្យ​ក្រុម​ឈ្មួញ​អាច​រត់ពន្ធ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស​បាន ហើយ​ពួកគេ​នៅតែ​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ផង​ដែរ។

បណ្ដាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក សុខ ប្លោក មានប្រសាសន៍​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ នៅតែ​កើតមាន​ឥត​ឈប់ឈរ។ លោក​ថា សហគមន៍​ធ្លាប់​ចាប់​បាន​ក្រុម​ជនល្មើស​ដែល​ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ហើយ​ពួកគេ​ធ្លាប់​សារភាព​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ម្យ៉ាង​ក្រុម​ជនល្មើស​ទាំងនោះ បញ្ជាក់​ថា​ពួកគេ​ខ្លាច​តែ​ក្រុម​ប្រជា​សហគមន៍​តែប៉ុណ្ណោះ ចំណែក​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​វិញ​ពួកគេ​មិន​ព្រួយបារម្ភ​ឡើយ។ មូលហេតុ​នេះ លោក សុខ ប្លោក យល់ថា​បទល្មើស​នៅ​តំបន់​ព្រៃ​អភិរក្ស​អាច​កើត​មាន គឺ​ដោយមាន​មន្ត្រី​ខិត​ខូច​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ៖ «ហ្នឹងហើយ​បង។ ហើយ​ទីមួយ​ខ្ញុំ​គិត​ថា គាត់​និយាយ​ហ្នឹង​ចេះតែ​ថា ព្រោះ​មន្ត្រី​មួយ​ចំនួន ខ្ញុំ​មិន​ចង់​និយាយ​ថា មន្ត្រី​ទាំងអស់​ដែរ មាន​បុគ្គល​មួយ​ចំនួន​តូច​តែងតែ​ខិលខូច ប៉ុន្តែ​មាន​មន្ត្រី​ខ្លះ​ក៏​គាត់​ស្មោះត្រង់​ល្អល្អាច់​ដែរ»។

រៀងរាល់​មួយ​ខែ​ម្ដង ប្រជា​សហគមន៍​នៅ​តំបន់​ព្រៃឡង់ តែង​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។ រាល់ពេល​ចុះ​ល្បាត​ម្តងៗ ប្រជា​សហគមន៍​តែង​ប្រទះឃើញ​បទល្មើស និង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ គោយន្ត​ដឹក​ឈើ ព្រមទាំង​ចាប់​បាន​ជនល្មើស​មួយ​ចំនួន​ផង។ សហគមន៍​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​ជនល្មើស ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ឬ​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង ប៉ុន្តែ​មិន​សូវ​មាន​លទ្ធផល​ល្អ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ មករា។ យ៉ាងណាក៏ដោយ លោក​ធ្លាប់​អះអាង​ការពារ​មន្ត្រី​របស់​ខ្លួន និង​សមត្ថកិច្ច​ថា មិន​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនល្មើស​ទេ។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា កត្តា​អំពើពុករលួយ ពិតជា​បណ្ដាល​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ប្រាកដ​មែន។ លោក​បន្ត​ថា អាច​មាន​មន្ត្រី​មួយ​ចំនួន​ស្អាតស្អំ​ដែរ ប៉ុន្តែ​មួយ​ចំនួន​ទៀត បាន​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស ឬ រកស៊ី​ឈើ​ខុសច្បាប់​ដោយ​ផ្ទាល់ និង​ប្រយោល។ លោក​បន្ថែម​ថា អ្នក​ជាប់​ព័ន្ធ​មួយ​ចំនួន ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​នាំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ចាត់វិធានការ។

លោក សេង សុខហេង យល់ថា ប្រសិនបើ​មិន​មាន​អំពើពុករលួយ​ទេ បទល្មើស​ព្រៃឈើ​នឹង​មិន​អាច​កើតឡើង​ឥត​ឈប់ឈរ រហូតដល់​បច្ចុប្បន្ន​ឡើយ៖ «ដូច​ខ្ញុំ​និយាយ​ខាងដើម​អ៊ីចឹង​ថា​អាជ្ញាធរ រួម​ទាំង​មន្ត្រី​ជំនាញ​មួយ​ចំនួន គាត់​ទទួល​លុយ​ទទួល​កាក់​ពី​ជនល្មើស​នោះ​ច្បាស់​ណាស់។ គឺ​គាត់​យក​លុយ​យក​អី​ពី​គោយន្ត​ដឹក​ឈើ ចេញ​ពី​ព្រៃ​ឡង់ ឬ​ក្រោយ​មក​គេ​បង់​ឱ្យ​ជាប្រចាំ​ខែ ឬ​អ្នកខ្លះ​ជួប​គេ​បង់​ឱ្យ​តាមរយៈ​មួយ​គោយន្ត​បួន​ប្រាំ​ម៉ឺន បួនដប់​ម៉ឺន​តាម​គោយន្ត​តូច ឬ​ធំ​អីចឹង»។

កាល​ពី​ឆ្នាំ ២០១៦ កម្មករ​អារឈើ​ម្នាក់​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ប្រពន្ធ និង​កូនៗ​របស់​អធិការ​ស្រុក​សណ្ដាន់ គឺ​លោក អួង ម៉ូលី គឺជា​មេខ្លោង​ដែល​ជួល​ពលរដ្ឋ​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​មួយ​នេះ។ សកម្មភាព​នោះ ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​ពួកគាត់​អះអាង​ថា ក្រុម​គ្រួសារ​អធិការ​ស្រុក​រូប​នេះ បាន​បង់​ប្រាក់​ប្រចាំខែ​មួយ​ចំនួន ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ថ្នូរ​និង​ការ​ចូល​ទៅ​កាប់​ឈើ ឬ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់ ប៉ុន្តែ​ការចោទប្រកាន់​ពេលនោះ ត្រូវ​បាន​លោក អួង ម៉ូលី ទាត់ចោល​ដោយ​លើក​ឡើង​ថា ជា​ការ​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ី.អាយ.អេ (EIA) បាន​លើក​ឡើង​ពី​ទម្រង់​អំពើពុករលួយ ក្នុង​វិស័យ​ជំនួញ​ឈើ​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម។ ទីភ្នាក់ងារ​មួយ​នេះ​បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ ថា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ ដើម្បី​យក​លុយ​សំណូក​រាប់​លាន​ដុល្លារ ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ផ្លូវ​ឲ្យ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់។ អាជ្ញាធរ​វៀតណាម ក៏​មាន​តួនាទី​ប្រែក្លាយ​ឈើ​ខុសច្បាប់​ទាំងឡាយ ដែល​ដឹក​ចូល​ពី​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់ ដើម្បី​នាំចេញ​ទៅ​ប្រទេស​ទីបី។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្តរជាតិ​លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) បាន​លើក​ឡើង​ពេល​នោះ​ថា បញ្ហា​នេះ គឺជា​ការ​រំលោភ​ច្បាប់​ព្រៃឈើ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​លុយ​សំណូក​ទៅ​ឱ្យ​មន្ត្រី​ពុករលួយ​កម្ពុជា ហើយ​ទុក​ច្បាប់​កម្ពុជា​ឲ្យ​គេ​ដើរ​ជាន់។ លើស​ពី​នេះ វា​ធ្វើ​ឲ្យ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​តាម​តំបន់​សំខាន់ៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅតែ​កើតមានឡើង។ លោក​ថែមទាំង​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មាន​អំពើពុករលួយ ហើយ​ការ​ជួញដូរ​ឈើ​ទាំងនេះ​ជា​ភស្តុតាង​ស្រាប់។

ក្រោយ​ពេល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ទម្លាយ អំពី​គម្រោង​រំលាយ​គណបក្សប្រឆាំង និង​ជំហាន​យកឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អនាគត។ ក្នុង​ខ្សែ​សំឡេង​នោះ លោក ហ៊ុន សែន ទទួលស្គាល់​ថា អំពើពុករលួយ​ពិតជា​បាន​កើតឡើង​ក្នុង​ជួរ​មន្ត្រីរាជការ​របស់​ខ្លួន​មែន។ លើស​ពី​នេះ លោក​ថា មន្ត្រីរាជការ​របស់​ខ្លួន​ដែល​អសកម្ម គឺជា​មូលហេតុ​បណ្ដាល​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ៖ «ឥលូវ​ឃុំ​ទាំងអស់​យើង​ទទួល​កាន់កាប់​វិញ​ហើយ ស្ថាប័ន​ទាំងអស់​យើង​កាន់កាប់​ទាំង​អស​។ ដូច្នេះ​យើង​ត្រូវ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​កិច្ចការ​ទាំងឡាយ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ជាមួយ​ប្រជាជន។ ត្រូវ​សម្រេច​ឱ្យ​ខាង​តែ​បាន​នូវ​ការ​បោសសំអាត​ជាមួយ​ទង្វើ​អសកម្ម​ទាំងឡាយ ដែល​មាន​ក្នុង​រយៈពេល​កន្លងទៅ ដូចជា​បញ្ហា​ការបំផ្លាញ​ព្រៃឈើ​។ អំពើពុករលួយ ឬ​ក៏​កុងត្រូលជជុះ និង​បាតុភាព​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មិន​សប្បាយចិត្ត»។

មកទល់​បច្ចុប្បន្ន​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា បង្ហាញ​របាយការណ៍​ចំពោះ​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ ក្នុង​ជំនួញ​រកស៊ី​ឈើ​នៅ​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​រាល់​សំណុំរឿង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ដែល​ត្រូវ​បាន​សមត្ថកិច្ច ឬ​សហគមន៍​បញ្ជូន​ទៅ​តុលាការ​ភាគច្រើន​ស្ងាត់​សូន្យ​ឈឹង។

លោក សេង សុខហេង កត់សម្គាល់​ថា ក្រៅពី​អំពើពុករលួយ ដែល​ធ្វើ​ឱ្យ​មាន​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ គឺ​មាន​កត្តា​ផ្សេងទៀត ដូចជា​ការ​យក​អំណាច ឬ​តំណែង​ក្នុង​ស្ថាប័នរដ្ឋ​ទៅ​រក​ស៊ី​ឈើ​ខុសច្បាប់។ ការ​រុករាន​ព្រៃ​យក​ដី​ដាំ​ដំណាំ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន និង​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ក៏​ជា​មូលហេតុ​បណ្ដាលឲ្យ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់ រង​ការ​វិនាស​ដែរ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា មិន​គ្រាន់តែ​វិស័យ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ មាន​ករណី​ជាច្រើន​ទៀត​ដែល​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស គឺ​អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ លោក​ថា បញ្ហា​នេះ ពលរដ្ឋ សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​អាច​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង​បរិហារ​ជា​ផ្លូវការ​ទៅ​តុលាការ ដោយ​ប្ដឹង​មន្ត្រី​ជំនាញ ឬ អាជ្ញាធរ​ដែនដី ពី​បទ​បណ្ដោយ​ឱ្យ​មាន​បទល្មើស​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មិន​ព្រម​ចាត់វិធានការ៖ «រួមគ្នា​ដើម្បី​ដាក់​បណ្ដឹង​ផ្លូវការ​ពី​បទ​ឧក្រិដ្ឋ​ហ្នឹង ហើយ​បើ​ខ្លួន​មិន​ប្ដឹង​ទេ ខ្លួន​ក៏​ត្រូវ​មានទោស​ដែរ។ ក្នុង​ផ្លូវច្បាប់ បាន​ចែងថា មានទោស​ជាប់ពន្ធនាគារ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ។ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​រឿង​សំខាន់​ណាស់ សម្រាប់​យុទ្ធសាស្ត្រ​ថ្មី ចំហ សម្រាប់​ពលរដ្ឋ​ទូទាំង​ប្រទេស​រួមគ្នា»។

កន្លង​មក មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្លាប់​ចូលរួម​ដាក់ពាក្យ​បណ្ដឹង​បរិហារ ជាមួយ​ប្រជា​សហគមន៍​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពត ខេត្ត​រតនគិរី និង​ខេត្ត​ត្បូងឃ្មុំ ដោយ​ប្ដឹង​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ និង​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​ទៅ​តុលាការ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ណាមួយ​គួរ​អោយ​កត់សម្គាល់​ឡើយ៕

No comments: