Saturday 10 February 2018
អង្គការអន្តរជាតិទទូចឲ្យម្ចាស់ជំនួយដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឱ្យដោះលែង លោកស្រី សំ សុខា
ដោយ មួង ណារ៉េត
2018-02-09
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។
Photo: RFA
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោកស្រី សំ សុខា ដែលបានរិះគន់ និងយកស្បែងជើងគប់ទៅលើលោក ហ៊ុន សែន និងលោក ហេង សំរិន ក្នុងស្លាកគណបក្សប្រជាជនកម្ពុជា នោះជាបន្ទាន់។ លោកស្រី សំ សុខា ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនខ្លួនដោយបង្ខំទៅឱ្យសមត្ថកិច្ចកម្ពុជា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូចឱ្យអង្គការសហប្រជាជាតិ ម្ចាស់ជំនួយ និងប្រទេសដទៃទៀតដែលទទួលស្គាល់សិទ្ធិជនភៀសខ្លួនដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឱ្យដោះលែងលោកស្រី សំ សុខា ត្រឡប់មកវិញ និងជួយឱ្យគាត់បានធ្វើដំណើរទៅដល់ប្រទេសណាដែលមានសុវត្ថិភាព អាចគេចចេញពីការដាក់ទោសទណ្ឌពីសំណាក់អាជ្ញាធរកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ មួយនេះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ធ្វើឡើងក្រោយពេលអាជ្ញាធរថៃ បានចាប់បញ្ជូនខ្លួនលោកស្រី សំ សុខា ដោយបង្ខំទៅឱ្យសមត្ថកិច្ចកម្ពុជា បើទោះបីជាលោកស្រីត្រូវបានសម្ភាស និងទទួលស្គាល់សិទ្ធិជាជនភៀសខ្លួនពីសំណាក់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុងបាងកក និងកំពុងទទួលបានការជួយជ្រោមជ្រែងពីសំណាក់ស្ថានទូតប្រទេសលោកខាងលិចដើម្បីទៅតាំងទីលំនៅនៅប្រទេសទី៣ រួចហើយយ៉ាងណាក្តី។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា រដ្ឋាភិបាលយោធាថៃ ធ្វើបែបនេះគឺដើម្បីផ្គាប់ផ្គុនរបបផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលជាអ្នកជិតខាងរបស់ខ្លួន។ លោកអំពាវនាវដល់ប្រទេសជាមិត្តរបស់ថៃ ទាំងអស់ឱ្យថ្កោលទោសជាផ្លូវការ និងជាសាធារណៈចំពោះទង្វើដ៏យង់ឃ្នងរបស់រដ្ឋាភិបាលយោធាថៃ ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសដើមវិញ ទាំងដឹងជាមុនថា ជននោះមុខជានឹងត្រូវកាត់ឱ្យជាប់ទោសនៅពេលបញ្ជូនទៅដល់ប្រទេសកំណើតរបស់ពួកគាត់វិញនោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួនទាំងបង្ខំយ៉ាងដូច្នេះ គឺបំពានគោលការណ៍ទំនៀមទម្លាប់របស់ច្បាប់អន្តរជាតិ ដែល “ហាមឃាត់ការចាប់បញ្ជូនខ្លួនជនណាម្នាក់ទៅកាន់ទីកន្លែងណាមួយដែលជននោះនឹងប្រឈមគ្រោះថ្នាក់ពីការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ឬអំពើរំលោភសិទ្ធិមនុស្សដទៃទៀត”។
លោក ប្រ៊ែដ អាដាម សង្កត់ធ្ងន់ថា ការចាប់បញ្ជូនខ្លួនលោកស្រី សំ សុខា ដោយបង្ខំទៅកម្ពុជាវិញនេះ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា រដ្ឋាភិបាលយោធាថៃ នឹងធ្វើបែបនេះទៅលើជនភៀសខ្លួនជាច្រើននាក់ផ្សេងទៀតដែលកំពុងមានវត្តមានក្នុងប្រទេសថៃ។
ចំណែកឯអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វិញលើកឡើងថា ប្រទេសថៃ នៅតែជាប់កាតព្វកិច្ចអនុវត្តតាមគោលការណ៍សាកលនៃអនុសញ្ញាអន្តរជាតិ ស្ដីពីការប្រឆាំងនឹងអំពើទារុណកម្ម បើទោះបីជាប្រទេសថៃ មិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិឆ្នាំ១៩៥១ ស្ដីពីជនភៀសខ្លួនយ៉ាងណាក៏ដោយ។ ក្នុងករណីនេះ អាជ្ញាធរថៃ មិនត្រូវបញ្ជូនជនណាម្នាក់ឲ្យទៅគ្រោះថ្នាក់បែបនេះនោះឡើយ។
ប៉ុន្តែ មន្ត្រីអន្តោប្រវេសន៍ថៃ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន បាងកក ប៉ុស្ដិ៍ (The Bangkok Post) នៅមុនចាប់បញ្ជូនលោកស្រី សំ សុខា មកកម្ពុជាថា ឲ្យតែអាជ្ញាធរថៃ រកឃើញថា ជនភៀសខ្លួនណាក៏ដោយ ដែលរំលោភច្បាប់ថៃ អាជ្ញាធរថៃ នឹងអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបានដកស្រង់សម្ដីមេធាវីការពារក្តីឲ្យលោកស្រី សំ សុខា នៅប្រទេសថៃ ថា ការណ៍ដែលចាប់បញ្ជូនខ្លួនលោកស្រី សំ សុខា ត្រឡប់ទៅកម្ពុជាវិញ ដូចឲ្យបញ្ជូនគាត់ទៅឲ្យស្លាប់អ៊ីចឹង។ មុនចាប់បញ្ជូនខ្លួន មេធាវីលោកស្រីបានបញ្ជាក់ថា លោកស្រី សំ សុខា ព្រួយបារម្ភខ្លាំងអំពីគ្រោះថ្នាក់នៃការប្រគល់ខ្លួនទៅឲ្យអាជ្ញាធរកម្ពុជានេះ។
មន្ត្រីប៉ូលិសខេត្តកំពង់ស្ពឺ លោក សម សាមួន បានប្រាប់ទីភ្នាក់ងារព័ត៌មាន អេ.ភី (AP) ថា លោកស្រី សំ សុខា ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ និងបញ្ជូនទៅខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ នេះ ដើម្បីជាប់ពន្ធនាគារទៅតាមសេចក្ដីសម្រេចរបស់តុលាការខេត្តនេះ។ លោក សម សាមួន បញ្ជាក់ថា ការបញ្ជូនខ្លួនលោកស្រី សំ សុខា គឺធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា។
អាស៊ីសេរី បានទាក់ទងស្ថានទូតថៃ និងក្រសួងការបរទេសថៃ ជុំវិញការបញ្ជូនលោកស្រី សំ សុខា មកឲ្យអាជ្ញាធរថៃវិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ នេះ។
លោកស្រី សំ សុខា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាតាមចាប់ខ្លួន និងឃុំខ្លួនតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៣៦ (ជ) ចុះថ្ងៃទី២៥ មករា ឆ្នាំ២០១៨។ លោកស្រីត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ពីបទជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងរូបភាពវីដេអូមួយដែលបង្ហោះតាមបណ្ដាញសង្គម កាលពីខែមេសា ឆ្នាំ២០១៧ ដែលក្នុងនោះលោកស្រីបានយកស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន។
លោកស្រីបានភៀសខ្លួនទៅប្រទេសថៃ តាំងពីពេលនោះមក ដោយអះអាងថា លោកស្រីរងការគំរាមកំហែងពីអ្នកគាំទ្រគណបក្សកាន់អំណាច។ ក្រោយមក នៅខែមករា ឆ្នាំ២០១៨ អាជ្ញាធរថៃ បានចាប់ និងឃុំខ្លួនលោកស្រី ដោយសារស្នាក់នៅប្រទេសថៃ ហួសថ្ងៃកំណត់ក្នុងទិដ្ឋាការ។ លោកស្រីនៅជាប់មន្ទីរឃុំឃាំងនៅប្រទេសថៃ រហូតដល់ថ្ងៃចាប់បញ្ជូនមកកម្ពុជានេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment