Saturday 10 February 2018
មេធាវីលោក អ៊ុំ សំអាន ថាការសម្រេចរបស់តុលាការកំពូលជាការសម្រេចដ៏អយុត្តិធម៌
ដោយ ហេង សកល
2018-02-09
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូបកណ្ដាល) ពេលនាំខ្លួនមកសវនាការ នៅតុលាការកំពូល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
RFA
មេធាវីការពារក្តីឱ្យលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកំពូល ថាជាសេចក្ដីសម្រេចមួយដែលអយុត្តិធម៌បំផុតចំពោះកូនក្តីលោក។
លោក ជូង ជូងី បានឱ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៩ ខែកុម្ភៈ នេះថា តុលាការកំពូល បានសម្រេចសេចក្ដីមិនឈរលើគោលការណ៍ច្បាប់ឡើយ។ តុលាការកំពូល បានចេញសេចក្ដីសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដោយសម្រេចផ្ដន្ទាទោសលោក អ៊ុំ សំអាន ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ប្រាំមួយខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ក្រោមបទចោទប្រកាន់ចំនួនពីរបទល្មើស គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើងតាមមាត្រា ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
លោក ជូង ជូងី ថា លោក និងកូនក្ដីលោកមិនអាចទទួលយកសេចក្ដីសម្រេចនេះបានឡើយ ដោយហេតុថា កូនក្ដីលោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នេះទេ។ លោក ជូង ជូងី បានឱ្យដឹងថា នៅក្នុងសវនាការចុងក្រោយនេះ លោក អ៊ុំ សំអាន បានថ្លែងការណ៍ការពារខ្លួនចំពោះមុខអង្គចៅក្រម ដោយលើកមូលហេតុថា ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ និងក៏មិនមែនជាបទល្មើសជាក់ស្ដែងអ្វីឡើយ។ លោកចាត់ទុកថា ការចោទប្រកាន់ ការឃុំខ្លួនលោក ជាការរំលោភរដ្ឋធម្មនុញ្ញ។ លោកក៏បានស្នើសុំឱ្យតុលាការដោះលែងលោកឱ្យមានសេរីភាពផងដែរ។
លោក ជូង ជូងី អះអាងថា លោកនឹងពិភាក្សាជាមួយកូនក្ដីលោកដើម្បីប្ដឹងសើរើក្នុងសំណុំរឿងនេះ ដើម្បីឱ្យតុលាការកំពូល យកសំណុំរឿងនេះមកសម្រេចសេចក្ដីឡើងវិញ។ អ្នកច្បាប់ និងអង្គសង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកំពូល ថាធ្វើឡើងក្រោមហេតុផលនយោបាយ។ ពួកគេទាមទារឱ្យដោះលែងលោក អ៊ុំ សំអាន ដោយគ្មានលក្ខខណ្ឌ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment