Tuesday, 27 February 2018

លោក សុះ ម៉ាច បារម្ភ​អំពី​វប្បធម៌​ដឹក​ញី​ប្រស៊ី​ឈ្មោល​ដែល​ចាក់ឫស​លើ​តារា​ខ្មែរ

ដោយ តាំង សារ៉ាដា
2018-02-26 
rfa
លោក ហ៊ុន មានី (ឆ្វេង) កូន​ប្រុស​លោក ហ៊ុន សែន និង​នារី​ដែល​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក ដែល​ត្រូវ​គេ​ចែកចាយ​បន្ត​តាម​បណ្ដាញ​សង្គម។
លោក ហ៊ុន មានី (ឆ្វេង) កូន​ប្រុស​លោក ហ៊ុន សែន និង​នារី​ដែល​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក ដែល​ត្រូវ​គេ​ចែកចាយ​បន្ត​តាម​បណ្ដាញ​សង្គម។
Screenshot



អតីត​ប្រធាន​សមាគម​សិល្បករ​មួយ​រូប ព្រួយបារម្ភ​អំពី​វប្បធម៌ ដឹក​ញី​ប្រស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬ​ស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេងៗ និង​ក្រុម​អ្នកមាន​លុយ មានអំណាច ក្នុង​របប​លោក ហ៊ុន សែន។ លោក​យល់ថា វប្បធម៌​ដែល​កំពុង​កើត​មាន ដូច​សព្វថ្ងៃ​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ជាទីបំផុត ដល់​វិស័យ​សិល្បៈ​ខ្មែរ។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​របស់​កម្ពុជា​អះអាង​ថា ពួកគេ គ្មាន​វិធាន​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ។



អតីត​ប្រធាន​សមាគម​សិល្បៈ​នៅ​កម្ពុជា លោក សុះ ម៉ាច បាន​ជំរុញ​ឲ្យ​កញ្ញា ឌួង ហ្សូរីដា ចេញ​ពីមុខ​បកស្រាយ​អំពី​ព័ត៌មាន​ដែល​បែក​ធ្លាយ​តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា តារា​រូប​នេះ​ជា​ឈ្មួញ​កណ្ដាល រក​ស៊ី​លក់​ក្រមុំ​ព្រហ្មចារី​ឲ្យ​លោក ហ៊ុន ម៉ានី កូនប្រុស​របស់​លោក ហ៊ុន សែន។

លោក​បន្ត​ថា ករណី​រឿងអាស្រូវ​ជួញដូរ​ផ្លូវ​ភេទ​ក្នុងចំណោម​សិល្ប​ការិនី ដូច្នេះ បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ខ្លាំង​ដល់ កេរ្តិ៍ឈ្មោះ​របស់​សិល្បករ ឬ​សិល្ប​ការិនី ដទៃ​ទៀត​ដែល​ជា​អ្នក​ស្អាតស្អំ​ក្នុង​បញ្ហា​នេះ៖ «បើសិនជា​រឿង​នេះ ប៉ះពាល់​កិត្តិយស​របស់​គាត់ ត្រូវ​ចេញ​មុខ​បកស្រាយ យ៉ាង​ហោច​ណាស់​ក៏​មាន​សមាគម សិល្បៈ មាន​ក្រសួង វប្បធម៌។ គាត់​អាច​ធ្វើ​លិខិត​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​រក​ដំណោះស្រាយ គាត់​អាច​រក​ជំនួយ​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់។ គាត់​មិន​អាច​សម្ងំ​បាន​ទេ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ស្អាតស្អំ គឺ​ត្រូវតែ​បង្ហាញ»។

ការ​អះអាង​របស់​លោក សុះ ម៉ាច សិល្បករ​ជើងចាស់ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​ធ្វើឡើង​ក្រោយពី​មាន​ក្រុម​ជន​អនាមិក ឬ​ហៅថា ហែគឃើរ (Hacker) កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​លួច​ចូល គ្រប់គ្រង​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​បាន​លាតត្រដាង​ខ្ទេចខ្ទី​គ្មាន​សល់ បង្ហាញ​ថា កញ្ញា ឌួង ហ្សូរីដា ជា​ឈ្មួញកណ្ដាល ឬ​ភាសា​សាមញ្ញ ហៅថា ម៉ែយ៉ែម ក្នុង​ការ​រក​ស្រី​ក្រមុំ​ព្រហ្មចារី​ដើម្បី បម្រើ​តណ្ហា​ផ្លូវ​ភេទ របស់​លោក ហ៊ុន ម៉ានី។

អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើនលើក​ច្រើន​សា​ទៅកាន់​កញ្ញា ឌួង ហ្សូរីដា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​បែក​ធ្លាយ នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ របស់​កញ្ញា​រូប​នេះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ លោក សុះ ម៉ាច ទទួល​ស្គាល់​ថា នៅ​កម្ពុជា ពិតជា​មានការ​ធ្វើ​បញ្ជី​ឈ្មោះ និង​តារាង​តម្លៃ​ខ្លួន​សិល្ប​ការិនី​ទៅ​តាម​ហាងឆេង​នៃ​ទីផ្សារ​តារា សម្រាប់​បំរើ​ការ​សប្បាយ​ដល់​ក្រុម​អ្នកមាន លុយ និង​មានអំណាច៖ «ខ្ញុំ​មិន​និយាយ​ថា រឿង​របស់​កញ្ញា ដួង ហ្សូរីដា ពិត​ឬ​មិន​ពិត​ទេ ប៉ុន្តែ​មាន​ករណី​តារា​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ របស់​គាត់​ទេ។ វា​មាន​បញ្ជី​ឈ្មោះ​មានអី​កន្លងមក។ គេ​មិន​អាច​បដិសេធ​រឿង​នេះ​បានទេ»។

កាលពី​ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស មីកាហ្សា របស់​សិល្ប​ការិនី​ម្នាក់​ឈ្មោះ ជិន ស្រីមុច ហៅ ចែ មុំ ពី​បទ​ជួញដូរ​ផ្លូវ​ភេទ ដោយសារ​ថៅកែ​ស្រី​រូប​នេះ បាន​រកស៊ី​លួងលោម និង​បោក​បញ្ឆោត​ក្មេង​ស្រី មិនទាន់​គ្រប់​អាយុ យក​ទៅ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​ដែល​ជា​អ្នកមាន​លុយ និង​មានអំណាច ឬ​ភាសា​សាមញ្ញ​ហៅថា តា​តា នោះ។

មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ចុងខែ​មករា ឆ្នាំ​២០១៤ នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ចាប់ខ្លួន​តារា​ចម្រៀង​ម្នាក់ទៀត ឈ្មោះ អ៊ូ រស្មី ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​មិនទាន់​គ្រប់ អាយុ​នោះ​ដែរ។

ចំណែក​ករណី​កញ្ញា ឌួង ហ្សូរីដា វិញ សមត្ថកិច្ច​ហាក់​នៅ​ស្ងប់ស្ងាត់​នៅ​ឡើង ទោះបី​ជា​មាន​តម្រុយ ឬ​ភស្តុតាង​ជាច្រើន​ដែល​បាន​បែក​ធ្លាយ​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឬ​យូធូប (Youtube) យ៉ាងណាក៏ដោយ។

កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​នឹង​មិន​ខ្វល់​អំពី​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​ពាក់ព័ន្ធ​នឹង​ករណី លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​បង្កើត​របស់​ចៅហ្វាយនាយ របស់​លោក នោះ​ឡើយ៖ «យើងខ្ញុំ​មិន​មាន​វិធានការ​អ្វី​ទេ ហើយ​មិន​ចាត់​ទុក​ជា​ព័ត៌មាន ដែល​ត្រូវ​យក​មក​ពិចារណា។ យ៉ាង​ណា​ក៏​ដោយ​ច្បាប់ របស់​កម្ពុជា​នៅ​តែ​រក្សា​ការពារ​ពលរដ្ឋ​កម្ពុជា»។

ប៉ុន្តែ ការ​បដិសេធ​របស់​លោក ខៀវ សុភ័គ ហាក់​ផ្ទុយគ្នា​ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ដែល​លោក​ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​បង្ហាញមុខ​មន្ត្រី​ជាន់ខ្ពស់ ទាំងឡាយ​ណា​ដែល មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ។

លើស​ពី​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន បាន​ប្រកាស ថា​លោក​នឹង​មិន​អត់​អោន​ឲ្យ​ត្រកូល​ហ៊ុន​ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ។ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ លោក ហ៊ុន សែន ប្រកាស​ថា ត្រកូល​ហ៊ុន​ទាំងឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ គឺ​ត្រូវ​ទទួលទោស​ដូចគ្នា ហើយ​សម្រាប់​អ្នកណា​ធ្វើ​អាក្រក់ ពួកគេ​នឹង​ត្រូវ​ជាប់គុក​តាម​របៀប​អាក្រក់៖ «អ្នក​ដទៃ​មានត្រកូល​ហ៊ុន​ដែរ។ ត្រកូល​ហ៊ុន​មាន​ល្អ មាន​អាក្រក់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាក្រក់ យក​ទៅ​អនុវត្តន៍​តាម​ច្បាប់​ទៅ។ អ្នកណា​ប្រើ​ត្រកូល​ហ៊ុន ទៅ​បំពាន​ច្បាប់​គឺ ត្រូវ​អនុវត្ត​ច្បាប់​ដូចគ្នា។ ច្បាប់​គ្មាន​ការលើកលែង​សម្រាប់​ត្រកូល​ណា​ទាំងអស់»។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ពួកគេ​នឹង​រង់ចាំ​មើល​ថា តើ​លោក ហ៊ុន សែន នឹង​មាន​វិធានការ​បែប​ណា​ជុំវិញ​ករណី​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ដែល​កំពុង​ល្បីល្បាញ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ បញ្ហា​ជួញដូរ​ផ្លូវ​ភេទ​នោះ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ណ័រវេ (Norway) កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ កន្លង​ទៅ បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវ​ភេទ​មួយ ក្រោយពី​មានការ​បែក​ធ្លាយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ​របស់​ក្រុម​អ្នកមាន​លុយ និង​មានអំណាច ក្នុង​របប​លោក ហ៊ុន សែន ដែល​តែងតែ​ធ្វើបាប​ដល់​ស្ត្រី​ទន់ខ្សោយ​តាមរយៈ នៃ​ការ​គំរាមកំហែង ល្បួង​លួងលោម ទិញ​សេវាកម្ម​ផ្លូវ​ភេទ​ដោយបង្ខំ និង​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ស្ត្រី​ជាច្រើន ដូច​ករណី ហ៊ុន ម៉ានី ដែល​បាន​ធ្វើ​មក​លើ​កញ្ញាៗ​មួយ​ចំនួន ដែល​ជា​តារា​សំដែង និង​ពិធី​ករ​តាម​ទូរទស្សន៍​ជាដើម។

ក្រុម​នេះ​ក៏​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​បញ្ជី​ឈ្មោះ ជន​ប្រព្រឹត្ត​ករណី​ជួញដូរ​ផ្លូវ​ភេទ​រួមមាន​កញ្ញា ឌួង ហ្សូរីដា និង​លោក ខាំ ភូរិ កូនប្រុស​របស់​លោក ខាំ ភឿន អតីត​ចៅហ្វាយ​ខេត្ត​ក្រចេះ ដើម្បី​ប្ដឹង​ទៅ​សហភាព​អន្តរ​សភា (Inter-Parliamentary Union) អង្គការ​អន្តរជាតិ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្រុម​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវ​ភេទ​ជាច្រើន​ទៀត៕

1 comment:

Anonymous said...

Ah Tror Ngol Hun Many lost all of his hairs because the women kicked his head after he bit them, which made his hair fell down.

The same case for James Sok, except James Sok has lost all of his teeth too because one woman knew Kun Khmer and kicked his teeth out of his bad mouth.