2018-02-26
rfa
លោក ហ៊ុន មានី (ឆ្វេង) កូនប្រុសលោក ហ៊ុន សែន និងនារីដែលសង្ស័យថា ជាស្រីកំណាន់របស់លោក ដែលត្រូវគេចែកចាយបន្តតាមបណ្ដាញសង្គម។
Screenshot
អតីតប្រធានសមាគមសិល្បករមួយរូប ព្រួយបារម្ភអំពីវប្បធម៌ ដឹកញីប្រស៊ីឈ្មោល ដែលកំពុងចាក់ឬសជ្រៅ ក្នុងក្រុមសិល្បការិនី ឬពិភពតារាក្មេងៗ និងក្រុមអ្នកមានលុយ មានអំណាច ក្នុងរបបលោក ហ៊ុន សែន។ លោកយល់ថា វប្បធម៌ដែលកំពុងកើតមាន ដូចសព្វថ្ងៃនេះ បានជះឥទ្ធិពលអាក្រក់ជាទីបំផុត ដល់វិស័យសិល្បៈខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចរបស់កម្ពុជាអះអាងថា ពួកគេ គ្មានវិធានអ្វីទាំងអស់ចំពោះបញ្ហានេះ។
អតីតប្រធានសមាគមសិល្បៈនៅកម្ពុជា លោក សុះ ម៉ាច បានជំរុញឲ្យកញ្ញា ឌួង ហ្សូរីដា ចេញពីមុខបកស្រាយអំពីព័ត៌មានដែលបែកធ្លាយតាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា តារារូបនេះជាឈ្មួញកណ្ដាល រកស៊ីលក់ក្រមុំព្រហ្មចារីឲ្យលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន។
លោកបន្តថា ករណីរឿងអាស្រូវជួញដូរផ្លូវភេទក្នុងចំណោមសិល្បការិនី ដូច្នេះ បានធ្វើឲ្យប៉ះទង្គិចខ្លាំងដល់ កេរ្តិ៍ឈ្មោះរបស់សិល្បករ ឬសិល្បការិនី ដទៃទៀតដែលជាអ្នកស្អាតស្អំក្នុងបញ្ហានេះ៖ «បើសិនជារឿងនេះ ប៉ះពាល់កិត្តិយសរបស់គាត់ ត្រូវចេញមុខបកស្រាយ យ៉ាងហោចណាស់ក៏មានសមាគម សិល្បៈ មានក្រសួង វប្បធម៌។ គាត់អាចធ្វើលិខិតទៅក្រសួងវប្បធម៌ដើម្បីរកដំណោះស្រាយ គាត់អាចរកជំនួយផ្លូវច្បាប់ដើម្បីជួយដោះស្រាយរកយុត្តិធម៌ឲ្យពួកគាត់។ គាត់មិនអាចសម្ងំបានទេ ដើម្បីបង្ហាញថា គាត់ជាអ្នកស្អាតស្អំ គឺត្រូវតែបង្ហាញ»។
ការអះអាងរបស់លោក សុះ ម៉ាច សិល្បករជើងចាស់ និងជាអតីតប្រធានសមាគមសិល្បៈរូបនេះធ្វើឡើងក្រោយពីមានក្រុមជនអនាមិក ឬហៅថា ហែគឃើរ (Hacker) កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានលួចចូល គ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) របស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ពីខាងគណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសរបស់លោក ហ៊ុន សែន ដែលបានលាតត្រដាងខ្ទេចខ្ទីគ្មានសល់ បង្ហាញថា កញ្ញា ឌួង ហ្សូរីដា ជាឈ្មួញកណ្ដាល ឬភាសាសាមញ្ញ ហៅថា ម៉ែយ៉ែម ក្នុងការរកស្រីក្រមុំព្រហ្មចារីដើម្បី បម្រើតណ្ហាផ្លូវភេទ របស់លោក ហ៊ុន ម៉ានី។
អាស៊ីសេរីបានព្យាយាមទូរស័ព្ទជាច្រើនលើកច្រើនសាទៅកាន់កញ្ញា ឌួង ហ្សូរីដា ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញករណីបែកធ្លាយ នៃការជួញដូរផ្លូវភេទ របស់កញ្ញារូបនេះដែរ ប៉ុន្តែគ្មានការឆ្លើយតបអ្វីនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក សុះ ម៉ាច ទទួលស្គាល់ថា នៅកម្ពុជា ពិតជាមានការធ្វើបញ្ជីឈ្មោះ និងតារាងតម្លៃខ្លួនសិល្បការិនីទៅតាមហាងឆេងនៃទីផ្សារតារា សម្រាប់បំរើការសប្បាយដល់ក្រុមអ្នកមាន លុយ និងមានអំណាច៖ «ខ្ញុំមិននិយាយថា រឿងរបស់កញ្ញា ដួង ហ្សូរីដា ពិតឬមិនពិតទេ ប៉ុន្តែមានករណីតារាមួយចំនួនដែលខ្ញុំមិនហ៊ានបញ្ចេញអត្តសញ្ញាណ របស់គាត់ទេ។ វាមានបញ្ជីឈ្មោះមានអីកន្លងមក។ គេមិនអាចបដិសេធរឿងនេះបានទេ»។
កាលពីឆ្នាំ២០១៣ សមត្ថកិច្ចបានចាប់ខ្លួនថៅកែហាងកែសម្ផស្ស មីកាហ្សា របស់សិល្បការិនីម្នាក់ឈ្មោះ ជិន ស្រីមុច ហៅ ចែ មុំ ពីបទជួញដូរផ្លូវភេទ ដោយសារថៅកែស្រីរូបនេះ បានរកស៊ីលួងលោម និងបោកបញ្ឆោតក្មេងស្រី មិនទាន់គ្រប់អាយុ យកទៅឲ្យរួមភេទជាមួយភ្ញៀវដែលជាអ្នកមានលុយ និងមានអំណាច ឬភាសាសាមញ្ញហៅថា តាតា នោះ។
មួយឆ្នាំក្រោយមក គឺនៅចុងខែមករា ឆ្នាំ២០១៤ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចាប់ខ្លួនតារាចម្រៀងម្នាក់ទៀត ឈ្មោះ អ៊ូ រស្មី ពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់ អាយុនោះដែរ។
ចំណែកករណីកញ្ញា ឌួង ហ្សូរីដា វិញ សមត្ថកិច្ចហាក់នៅស្ងប់ស្ងាត់នៅឡើង ទោះបីជាមានតម្រុយ ឬភស្តុតាងជាច្រើនដែលបានបែកធ្លាយផ្សព្វផ្សាយយ៉ាងកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឬយូធូប (Youtube) យ៉ាងណាក៏ដោយ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា សមត្ថកិច្ចនឹងមិនខ្វល់អំពីព័ត៌មានដែលបានបែកធ្លាយពាក់ព័ន្ធនឹងករណី លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសបង្កើតរបស់ចៅហ្វាយនាយ របស់លោក នោះឡើយ៖ «យើងខ្ញុំមិនមានវិធានការអ្វីទេ ហើយមិនចាត់ទុកជាព័ត៌មាន ដែលត្រូវយកមកពិចារណា។ យ៉ាងណាក៏ដោយច្បាប់ របស់កម្ពុជានៅតែរក្សាការពារពលរដ្ឋកម្ពុជា»។
ប៉ុន្តែ ការបដិសេធរបស់លោក ខៀវ សុភ័គ ហាក់ផ្ទុយគ្នាទៅនឹងប្រសាសន៍របស់លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមករា ដែលលោកធ្លាប់ជំរុញឲ្យតារាៗស្រីមួយចំនួនបង្ហាញមុខមន្ត្រីជាន់ខ្ពស់ ទាំងឡាយណាដែល មានទំនាក់ទំនងផ្លូវភេទជាមួយពួកគេ។
លើសពីនេះទៅទៀតលោក ហ៊ុន សែន បានប្រកាស ថាលោកនឹងមិនអត់អោនឲ្យត្រកូលហ៊ុនណាដែលហ៊ានបំពានច្បាប់នោះទេ។ កាលពីសប្ដាហ៍កន្លងទៅនេះ លោក ហ៊ុន សែន ប្រកាសថា ត្រកូលហ៊ុនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គឺត្រូវទទួលទោសដូចគ្នា ហើយសម្រាប់អ្នកណាធ្វើអាក្រក់ ពួកគេនឹងត្រូវជាប់គុកតាមរបៀបអាក្រក់៖ «អ្នកដទៃមានត្រកូលហ៊ុនដែរ។ ត្រកូលហ៊ុនមានល្អ មានអាក្រក់។ ប៉ុន្តែសម្រាប់អ្នកដែលអាក្រក់ យកទៅអនុវត្តន៍តាមច្បាប់ទៅ។ អ្នកណាប្រើត្រកូលហ៊ុន ទៅបំពានច្បាប់គឺ ត្រូវអនុវត្តច្បាប់ដូចគ្នា។ ច្បាប់គ្មានការលើកលែងសម្រាប់ត្រកូលណាទាំងអស់»។
ក្រុមអ្នកឃ្លាំមើលនិយាយថា ពួកគេនឹងរង់ចាំមើលថា តើលោក ហ៊ុន សែន នឹងមានវិធានការបែបណាជុំវិញករណីកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ដែលកំពុងល្បីល្បាញក្នុងការជាប់ពាក់ព័ន្ធជាមួយ បញ្ហាជួញដូរផ្លូវភេទនោះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសណ័រវេ (Norway) កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ បានធ្វើយុទ្ធនាការប្រឆាំងការជួញដូរ និងទារុណកម្មផ្លូវភេទមួយ ក្រោយពីមានការបែកធ្លាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ករណីអំពើហិង្សាផ្លូវភេទរបស់ក្រុមអ្នកមានលុយ និងមានអំណាច ក្នុងរបបលោក ហ៊ុន សែន ដែលតែងតែធ្វើបាបដល់ស្ត្រីទន់ខ្សោយតាមរយៈ នៃការគំរាមកំហែង ល្បួងលួងលោម ទិញសេវាកម្មផ្លូវភេទដោយបង្ខំ និងធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងរទៅស្ត្រីជាច្រើន ដូចករណី ហ៊ុន ម៉ានី ដែលបានធ្វើមកលើកញ្ញាៗមួយចំនួន ដែលជាតារាសំដែង និងពិធីករតាមទូរទស្សន៍ជាដើម។
ក្រុមនេះក៏កំពុងរៀបចំឯកសារពាក់ព័ន្ធជាច្រើន ដែលមានបញ្ជីឈ្មោះ ជនប្រព្រឹត្តករណីជួញដូរផ្លូវភេទរួមមានកញ្ញា ឌួង ហ្សូរីដា និងលោក ខាំ ភូរិ កូនប្រុសរបស់លោក ខាំ ភឿន អតីតចៅហ្វាយខេត្តក្រចេះ ដើម្បីប្ដឹងទៅសហភាពអន្តរសភា (Inter-Parliamentary Union) អង្គការអន្តរជាតិលើកកម្ពស់សិទ្ធិស្ត្រី និងក្រុមអង្គការប្រយុទ្ធប្រឆាំងការជួញដូរ និងទារុណកម្មផ្លូវភេទជាច្រើនទៀត៕
1 comment:
Ah Tror Ngol Hun Many lost all of his hairs because the women kicked his head after he bit them, which made his hair fell down.
The same case for James Sok, except James Sok has lost all of his teeth too because one woman knew Kun Khmer and kicked his teeth out of his bad mouth.
Post a Comment