Wednesday 7 February 2018

មន្ត្រី​បក្ស​កាន់​អំណាច​ថា​សមាជិក​សភា​អាស៊ាន​​គ្មាន​សិទ្ធិ​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​កម្ពុជា


ដោយ ហេង សកល
2018-02-06 
rfa
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo courtesy of National-Assembly.org.kh



អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​សមាជិក​សភា​អាស៊ាន​ដែល​បាន​សម្ដែង​ក្តី​បារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ថា ការ​រិះគន់​នេះ​ជា​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន។



មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា គ្មាន​ជន​ណា បរទេស​ណា រួម​ទាំង​ពួក​សមាជិក​សភា​ប្រឆាំង​អាស៊ាន​ផង មាន​សិទ្ធិ​និយាយ​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​កម្ពុជា​ទេ។ លោក​ថា មាន​តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ​ដែល​មាន​សមត្ថកិច្ច​សន្និដ្ឋាន​លើ​ការ​ធ្វើ​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថា ស្រប ឬ មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

​បើ​ទោះ​ជា​លោក សុខ ឥសាន អះអាង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​ឯករាជ្យ​ក្នុង​ការ​ពិនិត្យ​មើល​ការ​ធ្វើ​ច្បាប់ ឬ​ការ​កែ​ច្បាប់​ក្តី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​កន្លង​មក ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក ៩​រូប ក្នុង​នោះ​ភាគច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​រក​ឃើញ​ថា ច្បាប់​នោះ​អធម្មនុញ្ញភាព ឬ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ បើ​ទោះ​ជា​ការ​ធ្វើ​ច្បាប់​កន្លង​មក​មាន​ការ​រិះគន់​ថា រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​ឆន្ទៈ​ពលរដ្ឋ​ក្តី។

ទាក់ទង​ការ​ប្រតិកម្ម​របស់​លោក សុខ ឥសាន ទៅ​នឹង​ការ​រិះគន់​របស់​សមាជិក​សភា​អាស៊ាន អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​ផ្អែក​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស និង​កតិកា​សិទ្ធិមនុស្ស​ដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី គឺ​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត​មាន​សិទ្ធិ​រិះគន់​កម្ពុជា ដែល​ធ្វើ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​សមាជិកសភា​អាស៊ាន​នៅ​ពេល​នេះ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​កិត្តិយស និង​មន្ត្រី​តំណាង​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​នានា៖ «តំណាងរាស្ត្រ​អាស៊ាន​ទាំង​អស់​ហ្នឹង​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ ដូច្នេះ​តំណាង​តំណាងរាស្ត្រ​ទាំង​ហ្នឹង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​មាន​សិទ្ធិ​រិះគន់​ពី​វិធានការ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

​សេចក្ដី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​សប្ដាហ៍​មុន​បាន​អនុម័ត និង​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ​បន្ត។ ច្បាប់​នេះ​នឹង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២.៥០០​ដុល្លារ។ សមាជិកសភា​អាស៊ាន​ហៅ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ​ថា​ផ្ទុយ​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះ​ត្រូវ​អនុវត្ត​ដោយ​ស្មើ​ភាព​ចំពោះ​បុគ្គល​ទូទៅ មិន​មែន​សម្រាប់​ដាក់​ទោស​ទណ្ឌ​លើ​តែ​បុគ្គល​មួយ​ក្រុម​ណា​ដែល​រដ្ឋាភិបាល​យល់​ថា គ្មាន​និន្នាការ​ដូច​គ្នា​នោះ​ទេ៖ «ការ​អនុវត្ត​ហ្នឹង បើ​សិន​មាន​ការ​រើសអើង​មនុស្ស​មួយ​ក្រុម​ដែល​គេ​ចាត់​ទុក​ថា បុគ្គល​គួរ​តែ​ស្អប់ គួរ​តែ​កម្ចាត់ គឺ​ប្រាកដ​ជា​មាន​បញ្ហា»។

គណៈកម្មការ​នីតិកម្ម​រដ្ឋសភា កំពុង​ត្រួត​ពិនិត្យ​សេចក្ដី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ។ កន្លង​មក​ច្បាប់​ទាំង​ឡាយ​ណា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​តែង​រង​ការ​រិះគន់​ថា ធ្វើ​ឡើង​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​ក្តី ប៉ុន្តែ​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​បន្ត ហើយ​ព្រះមហាក្សត្រ​តែ​ចុះហត្ថលេខា​ឲ្យ​ក្លាយ​ជា​ច្បាប់៕

No comments: