Sunday 4 February 2018

គ្រួសារ​អ្នក​អភិរក្ស​ព្រៃ​ឈើ​៣​នាក់​ទាមទារ​ឲ្យ​តុលាការ​ដាក់​ទោស​ដល់​ជនល្មើស​ឲ្យ​បាន​តឹងរ៉ឹង


ដោយ សន ចាន់រដ្ឋា
2018-02-03 
rfa
ពិធី​ហែ​សព​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន លោក តឺន សុខណៃ ដែល​ត្រូវ​ជន​ដៃ​ដល់​បាញ់​សម្លាប់​នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ពិធី​ហែ​សព​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន លោក តឺន សុខណៃ ដែល​ត្រូវ​ជន​ដៃ​ដល់​បាញ់​សម្លាប់​នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគីរី



អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ដៃគូ​សហការ​ក្នុង​ការងារ​ការពារ​ព្រៃឈើ​ចំនួន ៣​រូប ដោយសារ​ជនល្មើស​បាញ់​សម្លាប់​ពេល​បំពេញ​ការងារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៣០ មករា។ អ្នក​គ្រប់គ្រង​អង្គការ​នេះ ប្ដេជ្ញា​ចិត្ត​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ដើម្បី​វែក​មុខ​ជនល្មើស​មក​ផ្ដន្ទាទោស។ ក្រុម​គ្រួសារ​ជនរងគ្រោះ​ជា​មន្ត្រី​ឧទ្យាន​នុរក្ស មន្ត្រី​កងរាជអាវុធហត្ថ និង​បុគ្គលិក​អង្គការ​នេះ ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ។



ភរិយា​អ្នក​អភិរក្ស​ព្រៃ​ដែល​ត្រូវ​បាន​ជនល្មើស​បាញ់​សម្លាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​ល្បាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់ វិធានការ​ផ្ដន្ទាទោស​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​កុំ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដែល​មាន​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ​មាន​ការ​រួញរា និង​ខ្លាច​ញញើត។

លោកស្រី អ៊ឹម ស្រីនាថ ជា​ភរិយា​លោក ថុល ខ្នា មន្ត្រី​ផ្នែក​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ដែល​ជនល្មើស​បាន​បាញ់​សម្លាប់។ លោកស្រី​ថ្លែង​ថា កន្លង​មក​លោកស្រី​បារម្ភ​ណាស់​ចំពោះ​សុវត្ថិភាព​ស្វាមី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។ ប៉ុន្តែ​លោកស្រី​មិន​ជំទាស់​ទេ ពីព្រោះ​ស្វាមី​លោកស្រី​ពេញចិត្ត​ខ្លាំង និង​ស្រលាញ់​ធម្មជាតិ៖ «តាំង​ពី​ចាប់​ផ្ដើម​ធ្វើ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ខ្ញុំ​គិត​ថា គាត់​ដើរ​ក្នុង​ព្រៃ​ខ្ញុំ​ចេះ​តែ​ខ្លាច​ពី​រឿង​ដូច​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​គាត់​និយាយ​ថា គាត់​សប្បាយ​ចិត្ត​ព្រោះ​អី​គាត់​ស្រលាញ់​ធនធាន​ធម្មជាតិ គាត់​ថា គាត់​ចូល​ក្នុង​ព្រៃ​គាត់​ឃើញ​ដើមឈើ​គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ គាត់​ពេញ​ចិត្ត​នឹង​ការងារ​ហ្នឹង។ ខ្ញុំ​អត់​ចង់​ឲ្យ​គាត់​ធ្វើ ព្រោះ​ខ្ញុំ​គិត​ថា ថ្ងៃ​ណា​មួយ​នឹង​មាន​ថ្ងៃ​នេះ​មក​ដល់។ ធ្វើ​ម៉េច​បើ​ចិត្ត​គាត់​ស្រលាញ់​មាន​តែ​បណ្ដោយ​តាម​គាត់»។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​លោកស្រី​រស់​នៅ​ខេត្ត​តាកែវ ដោយសារ​គាត់​ទើប​សម្រាល​កូន​ដំបូង​បាន ២​ខែ ១៥​ថ្ងៃ ស្វាមី​គាត់​បំពេញ​ការងារ​នៅ​ខេត្ត​មណ្ឌលគីរី មួយ​ខែ​ទើប​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​ម្ដង។

លោកស្រី​ថ្លែង​ថា ស្វាមី​គាត់​បាន​លះបង់​សុភមង្គល​ក្នុង​គ្រួសារ​ដើម្បី​ចូលរួម​អភិរក្ស​ព្រៃ​រហូត​ដល់​បាត់បង់​ជីវិត ដូច្នេះ​លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ដៃដល់​ឲ្យ​ខាង​តែ​បាន ដើម្បី​កុំ​ឲ្យ​បង្អាក់​ទឹក​ចិត្ត​អ្នក​ដែល​ចង់​ការពារ​ធនធាន​ធម្មជាតិ​ជំនាន់​ក្រោយៗ​ទៀត៖ «ខ្ញុំ​គ្រាន់​តែ​ផ្ដាំ​ផ្ញើ​ថា ឲ្យ​ក្រសួង​សមត្ថកិច្ច​ឲ្យ​ជួយ​ពង្រឹង តាម​ចាប់​ជន​ដៃ​ដល់។ បើ​សិន​ជា​បន្ធូរបន្ថយ​អ្នក​ជំនាន់​ក្រោយ​គេ​លែង​ចង់​ធ្វើ​ការងារ​ហ្នឹង វា​បាត់បង់​ធនធាន​ធម្មជាតិ​យើង ព្រោះ​គេ​ខ្លាច​ជួប​ហេតុការណ៍​ហ្នឹង។ ព័ត៌មាន​នេះ​ឮ​ទូទាំង​ប្រទេស​ហើយ ធម្មតា​អាណាព្យាបាល​ជា​ប្រពន្ធ ជា​បងប្អូន​ឮ​អ៊ីចឹង​គឺ​មិន​ចង់​ឲ្យ​ធ្វើ​ការងារ​ហ្នឹង​ទៀត»។

កាល​ពី​ថ្ងៃ​ទី​៣០ មករា មន្ត្រី​ផ្នែក​ព័ត៌មាន​ភូមិសាស្ត្រ​អង្គការ​ WCS លោក ថុល ខ្នា មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន លោក តឺន សុខណៃ និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សេក វឌ្ឍនា ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​សម្លាប់​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។

អ្នក​ទាំង​៣ ត្រូវ​បាន​ជនល្មើស​បាញ់​សម្លាប់​នៅ​ពេល​ពួកគាត់​ត្រឡប់​ពី​ចំណុច​អូរហុច ព្រំដែន​កម្ពុជា វៀតណាម បន្ទាប់​ពី​ប្រទះ​ឃើញ​ជំរំ​ស្នាក់នៅ​របស់​ជនល្មើស​កាប់​ឈើ​ខុស​ច្បាប់ និង​ដក​ហូត​រឹប​អូស​យក​រណារ​យន្ត រួម​ទាំង​ម៉ូតូ​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ។

ចំណែក​ភរិយា​សព​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន លោក តឺន សុខណៃ គឺ​លោកស្រី ទូច ណារ៉ាន់ រស់​នៅ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌​ចំពោះ​ស្វាមី​គាត់។ លោកស្រី​រន្ធត់​ចិត្ត​ជា​ពន់ពេក​នៅ​ពេល​ដឹង​ថា ស្វាមី​ស្លាប់​នៅ​ក្នុង​ព្រៃ។

លោកស្រី​ថ្លែង​ថា ក្រៅ​អំពី​បាត់បង់​ប្ដី លោកស្រី​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព និង​ការ​ដោះ​បំណុល​ដែល​ធ្លាប់​តែ​រំពឹង​លើ​ប្រាក់​ចំណូល​របស់​ស្វាមី៖ «ខ្ញុំ​បាន​ឮ​ពី​លោក​ថ្នាក់​ធំៗ អញ្ជើញ​ចូលរួម គាត់​បាន​ប្ដេជ្ញា​ថា នឹង​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ។ ខ្ញុំ​បាន​ទទួល​ការ​កក់ក្ដៅ​ទុក​ចិត្ត​ដែល​គាត់​បាន​ធានា​អះអាង។ រស់​នៅ​ពី​មុន​ជា​ស្ត្រី​អាង​ទៅ​លើ​ប្ដី តែ​ប្ដី​បាន​ចាកចេញ​ទៅ​ដោយ​មិន​ដឹង​ខ្លួន។ បញ្ហា​ចំពោះ​មុខ​គឺ​ជីវភាព​មើល​ថែ​កូន​ខ្ញុំ​ត្រូវ​រស់​នៅ​ម្នាក់​ឯង និង​ការ​រស់​នៅ​ជាមួយ​គ្នា​ពី​មុន​ជំពាក់​បំណុល​ធនាគារ​ខ្ញុំ​មាន​ការ​ខ្វល់ខ្វាយ​ជា​ច្រើន»។

រីឯ​ភរិយា​សព​លោក សេក វឌ្ឍនា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​ចង់​អត្ថាធិប្បាយ​ទេ។ លោកស្រី ឃាន លីនដា ថ្លែង​ថា នាង​កំពុង​ធ្វើ​បុណ្យ​សព​ហើយ​មិន​ទាន់​បាន​គិតគូរ​ដល់​រឿង​យុត្តិធម៌ ឬ​ប្ដឹងផ្ដល់​នៅ​ឡើយ៖ «ខ្ញុំ​អត់​ទាន់​គិត​ថា​ម៉េចៗ​ទេ វា​រឿង​ច្រើន​ពេក»។

ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​លើ​ក្រុម​ការងារ​អភិរក្ស​ព្រៃ​ទាំង ៣​រូប អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ដោយ​ហៅ​អ្នក​ទាំង​៣ ជា​វីរជន​អភិរក្ស​ព្រៃ​ឈើ។

នាយក​អង្គការ  WCS លោក កែន សេរីរដ្ឋា មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ថ្ងៃ​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​អនុវត្ត​ច្បាប់ បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ដើម្បី​ការពារ​សត្វព្រៃ និង​ព្រៃឈើ។ លោក​ថា តាម​រយៈ​បេសកកម្ម​ការងារ​ថែរក្សា​ធនធាន​ធម្មជាតិ​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​គំរាម​កំហែង និង​បាញ់​សម្លាប់​អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ​កើត​ឡើង​ជា​ថ្មី​ទៀត​ឡើយ៖ «ជា​ទិដ្ឋភាព​ច្បាប់ គឺ​ខាង​រដ្ឋាភិបាល​គាត់​ធ្វើ​កិច្ច​ការងារ​នេះ ហើយ​យើង​ជា​អ្នក​ជំនួយ​បច្ចេកទេស​ធ្វើការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​វែក​មុខ​ឈាន​ទៅ​ចាប់​ខ្លួន និង​អនុវត្ត​ទៅ​តាម​នីតិវិធី​ដើម្បី​រក​យុត្តិធម៌​ជូន​មិត្ត​ភក្តិ​ដែល​ធ្វើ​កិច្ចការ​ដ៏​ល្អ​របស់​យើង​នេះ»។

សេចក្ដី​ថ្លែងការណ៍​អង្គការ WCS បាន​បង្ហាញ​ប្រវត្តិរូប​ត្រួសៗ​របស់​មន្ត្រី​ទាំង ៣ ដែល​បាន​បូជា​ជីវិត​ក្នុង​ការងារ​អភិរក្ស​ព្រៃ។

លោក តឺន សុខណៃ អាយុ ៣៧​ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគតិច​ព្នង មាន​កំណើត​នៅ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ គ្រួសារ​របស់​លោក និង​លោក​ផ្ទាល់ គឺ​ជា​អ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ។ លោក សុខ ណៃ ធំ​ដឹង​ក្ដី​ជាមួយ​ធម្មជាតិ និង​សត្វព្រៃ គាត់​បាន​យល់​ដឹង​ពី​សារសំខាន់​នៃ​ធនធាន​នេះ តាំង​ពី​កុមារភាព ហើយ​បាន​ចាប់​យក​ការងារ​អភិរក្ស​ព្រៃ។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ហើយ​បាន​ចាប់​ផ្ដើម​ការងារ​ជា​ជំនួយការ​គម្រោង​ទេសចរណ៍​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជាមួយ​អង្គការ WCS រយៈពេល ៤​ឆ្នាំ។

គ្រា​នោះ​គាត់​បាន​រៀបចំ​បង្កើត​គម្រោង​ទេសចរណ៍​ជំរំ​សត្វ​ទោច​ថ្ពាល់​លឿង​ញី ក្បែរ​ភូមិ​អណ្ដូងក្រឡឹង ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត ស្នាក់​នៅ អាច​ឲ្យ​សហគមន៍​ទទួល​បាន​ប្រាក់​ចំណូល។ បន្ទាប់​មក​គាត់​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន និង​ក្លាយ​ជា​មន្ត្រី​សម​ភាគី​របស់​អង្គការ WCS វិញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧។

លោក​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង មិត្ត​រួម​ការងារ និង​ភ្ញៀវ​ទេសចរ​ដែល​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ជំរំ​សត្វ​ទោច ពីព្រោះ​គ្រប់​គ្នា​បាន​ដឹង​ពី​ឆន្ទៈ ការ​ខិតខំ​ប្រឹងប្រែង​ការពារ​ធម្មជាតិ។ លោក​បាន​បន្សល់​ទុក​កូន​ស្រី ចំនួន ២​នាក់ អាយុ ៤​ឆ្នាំ​ម្នាក់ និង​អាយុ ១​ឆ្នាំ​ម្នាក់។

ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សេក វឌ្ឍនា អាយុ ៣៤​ឆ្នាំ មាន​កំណើត​នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គាត់​បាន​បម្រើ​ការងារ​ក្នុង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ នៅ​ឆ្នាំ​២០១៦ គាត់​បាន​ផ្លាស់​ទៅ​កាន់​កែវសីមា ជា​មន្ត្រី​សម​ភាគី​កងរាជអាវុធហត្ថ និង​ជា​សមាជិក​ក្រុម​ល្បាត ដែល​ធ្វើការ​ជាមួយ​មន្ត្រី​បរិស្ថាន និង​ក្រុម​ល្បាត​សហគមន៍។ លោក សេក វឌ្ឍនា បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​បន្សល់​ទុក​នូវ​ប្រពន្ធ និង​កូនស្រី ២​នាក់​ដែរ គឺ​អាយុ ៥​ឆ្នាំ​ម្នាក់ និង ២​ឆ្នាំ​ម្នាក់។

មន្ត្រី​ដែល​បាន​បាត់បង់​ជីវិត​មួយ​រូប​ទៀត​គឺ លោក ថុល ខ្នា អាយុ ២៤​ឆ្នាំ បាន​ធំ​ដឹង​ក្ដី​នៅ​ភូមិ​ប៉ែនមាស ជា​ភូមិ​ដាច់​ស្រយាល​មួយ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ គាត់​ជា​កូន​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ព្រៃឈើ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង នៅ​ឆ្នាំ​២០១៦។

គាត់​បាន​អាហារូបករណ៍​រយៈពេល ១០​ខែ សិក្សា​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​នៅ​ប្រទេស​អ៊ីស្រាអែល។ នៅ​ឆ្នាំ​២០១៧ លោក ថុល ខ្នា បាន​ចូល​រួម​ជាមួយ​អង្គការ WCS ជាមួយ​ក្រុម​ការងារ​ជីអូក្រាហ្វិច អិនហ្វ័រមេហ្សិន ស៊ីសស្ទឹម (Geographic Information System) ហៅ​កាត់​ថា ជី.អាយ.អេស (GIS) និង​ស្ពេសហ្សល ម៉ូនីទ័ររីង អិន រីផតធឺ ធូល (Spatial Monitoring And Report Tool) ហៅ​កាត់​ថា ស្មាត (SMART)។

គាត់​ពេញ​ចិត្ត​នឹង​ក្រុម​ការងារ​ស្វែង​រក​វិធីសាស្ត្រ​ថ្មី ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​លើ​អាកាស​សម្រាប់​ការងារ​អភិរក្ស។ ផ្នែក​មួយ​នៃ​ការងារ​របស់​គាត់​គឺ​ជួយ​ពង្រឹង​គុណភាព​នៃ​ការ​ត្រួត​ពិនិត្យ​និង​ប្រមូល​ទិន្នន័យ​នៅ​ទីវាល ដែល​តម្រូវ​ឲ្យ​គាត់​ត្រូវ​ចុះ​ក្នុង​ព្រៃ។ ថ្វី​បើ​លោក ថុល ខ្នា បាន​ចូលរួម​ជាមួយ​អង្គការ​នេះ​តិច​ជាង ១​ឆ្នាំ​ក្ដី គាត់​ជា​សមាជិក​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ក្នុង​ក្រុម​ដែល​មិន​អាច​បំភ្លេច​បាន។ លោក​បន្សល់​ទុក​នូវ​កូនស្រី​អាយុ​ទើប​បាន ២​ខែ​កន្លះ។

សារព័ត៌មាន​ក្នុង​ស្រុក​សរសេរ​ថា មក​ដល់​ថ្ងៃ​ទី​២ កុម្ភៈ សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើប​អង្កេត និង​ចាប់​ខ្លួន​លើ​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ជនរងគ្រោះ​ទាំង ៣​រូប៕

No comments: