Sunday 4 February 2018

ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​​​២​នាក់​ឲ្យ​សមត្ថកិច្ច​​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត


ដោយ ម៉ៅ សុធានី
2018-02-03 
rfa
រថយន្ត​ដឹក​សាកសព​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
រថយន្ត​ដឹក​សាកសព​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided



សមត្ថកិច្ច​ថៃ បញ្ជូន​សាកសព​ពលករ​ខ្មែរ​ចំនួន ២​នាក់ ត្រឡប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ ពលករ​ទាំង ២​នាក់​នោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ពលករ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​ជា​ពលករ​ធ្វើ​ការ​ខុស​ច្បាប់។



​​សមត្ថកិច្ច​ប្រចាំ​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត អះអាង​ថា ក្រោយ​ពេល​សមត្ថកិច្ច​ថៃ បញ្ជូន​សាកសព​ពលករ​ខ្មែរ​ទាំង ​​២​នាក់​មក​​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​ភ្លាម គឺ​អាជ្ញាធរ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ភ្លាមៗ ដើម្បី​យក​ទៅ​បុណ្យ​តាម​បែប​សាសនា​នៅ​ឯ​ស្រុក​កំណើត។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក យ៉ាល់ ប៊ុនពៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា ជនរងគ្រោះ​ទាំង ២​នាក់ រួម​មាន​ឈ្មោះ ខុម វណ្ណី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ រស់​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ​សុខ ជាតិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់​នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

មន្ត្រី​ព្រំដែន​រូប​នេះ​អះអាង​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​បណ្ដាល​ឲ្យ​ពលករ​ចំនួន ១២​នាក់ របួស​ធ្ងន់ និង​ស្រាល​ផង​ដែរ៖ «បាទ! ធម្មតា​គ្រោះ​ថ្នាក់​គេ​មិន​អាច​យក​មក​ភ្លាមៗ​ទេ សមត្ថកិច្ច​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ហើយ​អ្នក​របួស​​គេ​យក​ទៅ​មន្ទីរពេទ្យ​អារញ្ញ​ហ្នឹង​ឯង ព្រោះ​អី​វា​នៅ​កៀក​នឹង​មន្ទីរពេទ្យ​ហ្នឹង​ផង​ ដូច្នេះ​គេ​ដឹក​អ្នក​របួស​អ្នក​ស្លាប់​យក​ទៅ​មន្ទីរពេទ្យ​អារញ្ញ​ទាំង​អស់​ហ្នឹង»។

លោក​បញ្ជាក់​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​រង​​របួល​នោះ​ មាន​កុមារ​ម្នាក់​របួស​ធ្ងន់​ដោយ​បាក់​ភ្លៅ ហើយ​អ្នក​របួស​មួយ​ចំនួន​ធំ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្រុក​អារញ្ញ និង​មួយ​ចំនួន​ទៀត​បាន​​វិល​ត្រឡប់​មក​ព្យាបាល​នៅ​កម្ពុជា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​ពលករ​ខ្មែរ​តែង​កើត​មាន​ជា​ញឹកញាប់ គឺ​ភាគ​ច្រើន​​ជា​ពលករ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ហើយ​ដំណើរ​តាម​រយៈ​រថយន្ត​ឈ្នួល​របស់​មេ​ខ្យល់​ជួញដូរ​ពលករ​ខុស​ច្បាប់។

លោក​បន្ថែម​ទៀត​ថា គ្រោះ​ថ្នាក់​ភាគ​ច្រើន​ដោយសារ​រថយន្ត​បើក​បរ​ក្នុង​ល្បឿន​លឿន ដូច​ជា​ការ​បើក​រត់​គេច​ពី​ការ​ចាប់​របស់​សមត្ថកិច្ច​ថៃ និង​បើក​តាម​ផ្លូវ​កាត់​ជា​ដើម៖ «នៅ​ឆ្នាំ​២០១៧ យើង​ឃើញ​ក្រឡាប់​ឆេះ​ឡាន​ស្លាប់​ពលករ​ដោយ​ខ្លះ​ក៏​របួស​ទៅ​ ដោយសារ​តែ​ពួកគេ​ទៅ​ធ្វើ​គ្មាន​ច្បាប់ បើ​សិន​ជា​គេ​មាន​ច្បាប់​ត្រឹមត្រូវ​ គឺ​គ្មាន​ពលករ​ណា​មួយ​ត្រូវ​ភ័យ​ព្រួយ​រឿង​ប៉ូលិស​ថៃ ចាប់​ទេ​ ចំណែក​ទៅ​តាម​មេខ្យល់​ធានា​យក​ទៅ​ហ្នឹង គឺ​ភាគ​ច្រើន​ជួប​​គ្រោះ​ថ្នាក់​តាម​ផ្លូវ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ទៀត​ថា ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​ពលករ​ខ្មែរ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​​ត្រូវ​បន្ធូរបន្ថយ​ទៅ​លើ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ជូន​ពលករ​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន និង​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគេ​មាន​លទ្ធភាព​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ស្រប​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ប៉ោយប៉ែត លោក យ៉ាល់ ប៊ុនពៅ ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​អាជ្ញាធរ​ថៃ បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត ស្ទើរ​រៀងរាល់​ខែ។ ដោយ​ឡែក​កាល​ឆ្នាំ​២០១៧ កន្លង​ទៅ លោក​​ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​សព​ពលករ​ខ្មែរ​ប្រមាណ ១៦០​នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​ព្រំដែន​នានា រវាង​ប្រទេស​ទាំង​ពីរ៕

No comments: