ដោយ មួង ណារ៉េត
2018-02-26
rfa

កិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុប ថ្ងៃទី២៣ ខែ កុម្ភៈឆ្នាំ២០១៨។
រូបភាពពី http://consilium.europa.eu
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលជាគណៈរដ្ឋមន្ត្រីតំណាង ២៨ប្រទេស បានសម្រេចនៅក្រោយពីកិច្ចប្រជុំនៅ ទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) ថ្ងៃទី២៦ ខែកុម្ភៈ នេះ ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ត្រូវតែចាត់វិធានការទណ្ឌកម្មជាក់លាក់មួយចំនួន ដើម្បីស្តាស្ថានការណ៍អាក្រក់នៅកម្ពុជាបច្ចុប្បន្ន ឲ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញ នៅមុនពេលបោះឆ្នោតជាតិខាងមុខ។
សេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលមានកម្រាស់ ៤ទំព័រ ផ្ញើទៅគណៈប្រតិភូសហភាពអឺរ៉ុបទាំងអស់ នៅថ្ងៃចន្ទ ទី២៦ កុម្ភៈ នេះ ថា សហភាពអឺរ៉ុប គ្មានជម្រើសអ្វីក្រៅពីដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន នោះទេ ប្រសិនបើស្ថានការណ៍រំលោភសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ន នៅបន្តដដែលដូច្នេះនោះ។ ទណ្ឌកម្មនោះ គឺគ្មានអ្វីក្រៅពីការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ និងស្បែកជើង រួមទាំងទំនិញដទៃទៀត ដែលអឺរ៉ុបព្រមព្រមអនុគ្រោះដល់កម្ពុជា នាពេលកន្លងមក។
ក្នុងចំណុចទី៨ នៃលទ្ធផលរបស់កិច្ចប្រជុំនោះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប សង្កត់ធ្ងន់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញទំនិញដ៏ធំបំផុតរបស់កម្ពុជា។ ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀងទំនិញគ្រប់មុខលើកលែងតែអាវុធ។
ប៉ុន្តែ ក្រុមប្រឹក្សានេះ បញ្ជាក់ថា ការអនុគ្រោះពន្ធអាចបន្តអនុវត្តទៅបាន តែក្នុងលក្ខខណ្ឌប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងការគោរពសិទ្ធិកម្មកររោងចក្រ តែប៉ុណ្ណោះ។
ប៉ុន្តែ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសង្កេតឃើញថា របបលោក ហ៊ុន សែន បានបន្តធ្វើឲ្យប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ធ្លាក់ចុះដុនដាបជាលំដាប់ ដូចជាការបង្ក្រាបគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និងលុបចោលសេចក្ដីសម្រេច ដែលរម្លាយគណបក្សសង្គ្រោះជាតិ និង ផ្ដល់សម្បទាដល់សមាជិកសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងទាំងអស់វិញ។
ទោះយ៉ាងណា ក្រុមប្រឹក្សាសហភាពអឺរ៉ុប នឹងនៅតែបន្តតាមដានស្ថានការណ៍នៅកម្ពុជា យ៉ាងយកចិត្តទុកដាក់បំផុត៕
1 comment:
Thank You EU. Hun Sen needs to receive more punishment before he admits that his death is coming.
Post a Comment