Thursday 1 February 2018

សមត្ថកិច្ច​ខែត្រ​មណ្ឌលគិរី​ពុំ​ទាន់​ចាប់​បាន​ជនល្មើស​បាញ់​មន្ត្រី​៣​នាក់​ស្លាប់​នៅ​ឡើយ


ដោយ ហេង សកល
2018-01-31 
rfa
សហគមន៍​ជនជាតិ​ព្នង ​នៅ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បង្ហាញ​រូបភាព​កាប់​ព្រៃឈើ​ក្នុង​សហគមន៍ នៅ​ក្នុង​សន្និសីទ​កាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៥។
សហគមន៍​ជនជាតិ​ព្នង ​នៅ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បង្ហាញ​រូបភាព​កាប់​ព្រៃឈើ​ក្នុង​សហគមន៍ នៅ​ក្នុង​សន្និសីទ​កាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៥។
Photo: RFA



សមត្ថកិច្ច​ខែត្រ​មណ្ឌលគិរី និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ពុំ​ទាន់​ចាប់​ជនល្មើស​ដែល​បាញ់​សម្លាប់​​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ចំនួន ៣​នាក់​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លើក​ឡើង​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ដំណើរ​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នៅ​ឡើយ។



មន្ត្រី​អង្គការ​អភិរក្ស​សត្វព្រៃ ឬ​ហៅ​កាត់​ថា WCS (Wildlife Conservation Society) និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រុក​អូរាំង ខែត្រ​មណ្ឌលគិរី សម្ដែង​អារម្មណ៍​រន្ធត់​នៅ​គ្រា​ដែល​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​សរុប​ចំនួន ៣​រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ក្នុង​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូរាំង។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មករា ថា សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា មូលហេតុ​នាំ​ឲ្យ​ផ្ទុះ​អាវុធ​ជា​រឿង​គំនុំ​រវាង​ឈ្មួញ​ឈើ និង​មន្ត្រី​ទាំង ៣​រូប​នោះ។ លោក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា មន្ត្រី​ទាំង​នោះ​បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បាន​ឃាត់​ម៉ាស៊ីន​ត្រង់ស៊ីន័រ និង​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ពី​ឈ្មួញ​តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ មករា ពួកគាត់​បាន​វិល​ត្រឡប់​មក​លំនៅឋាន​វិញ តែ​ត្រូវ​ជនសង្ស័យ​លប​បាញ់​សម្លាប់​ពាក់​កណ្ដាល​ផ្លូវ​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ត្រង់​ចំណុច​ប៉ុស្តិ៍​អូរ​ឡែ ជិត​ព្រំដែន​កម្ពុជា-​វៀតណាម។

លោក​បន្ថែម​ថា តំបន់​ដែល​មន្ត្រី​បរិស្ថាន​ជួប​រង​ការ​បាញ់​ប្រហារ​នោះ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា និង​ជា​ប្រភព​នៃ​បទល្មើស​ព្រៃឈើ ខណៈ​ដែល​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ខ្មែរ​នៅ​ក្បែរ​នោះ បាន​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម ចូល​អារ​ឈើ​ដោយ​សេរី៖ «ពួកគាត់​ជិះ​ម៉ូតូ​បាន​ចាប់​ត្រង់ស៊ីន័រ អ៊ីចឹង​ដល់​ម៉ោង ៤​ល្ងាច​មក​ផ្ទះ​ជិះ​ម៉ូតូ​តាម​ផ្លូវ មើល​ទៅ​ដូច​ស្ទាក់​បាញ់​តែម្ដង។ ពួកគាត់​ទៅ​ថត គេ​បើក​ឲ្យ​ខាង​វៀតណាម មក​ធ្វើ​ឈើ យក​ទីតាំង។ មើល​ទៅ​ខាង​ប៉ុស្តិ៍​បើក​ដៃ​ឲ្យ​ធ្វើ​ឈើ»។

ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) បាន​ដក​ស្រង់​សម្ដី​មន្ត្រី​បរិស្ថាន​ម្នាក់​ថា ជនរងគ្រោះ​ទាំង​បី​នាក់​ស្លាប់​ដោយសារ​តែ​កងកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ជា​អ្នក​បាញ់​សម្លាប់​ដែល​ជា​អ្នក​ការពារ​ឈ្មួញ​ជួញដូរ​ឈើ​ខុស​ច្បាប់។ ទីភ្នាក់ងារ​ដដែល​សរសេរ​បន្ថែម​ទៀត ដោយ​យោង​តាម​ឯកសារ​របាយការណ៍​សមត្ថកិច្ច​ថា ជនសង្ស័យ​ទាំង​បី​នាក់​ជា​ប៉ូលិស​ការពារ​ព្រំដែន។

អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អេង ហ៊ី ប្រាប់​អាស៊ីសេរី យ៉ាង​ខ្លី​ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​កំពុង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ។ លោក​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ ព្រោះ​ឋិត​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ចម្រុះ។ តែ​យ៉ាងណា​លោក​ពុំបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នោះ​ទេ៖ «នៅ​ទេ! មិន​ទាន់​ចាប់​ជនល្មើស​ទេ ព្រោះ​គេ​កំពុង​តែ​ស៊ើប​អង្កេត»។

​សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ស្រុក​អូរាំង ខែត្រ​មណ្ឌលគិរី លោក ហេង សំអុល យល់​ថា បាតុភាព​នេះ​គឺ​ជា​ប្រផ្នូល​ដ៏​អាក្រក់​មួយ​គំរាមកំហែង​ដល់​ស្មារតី​អ្នក​ការពារ​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន អាច​នឹង​ខ្លាចរអា​ក្នុង​ការ​ចុះ​ការពារ​ព្រៃឈើ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​កើន​ឡើង។ លោក​ថា កន្លង​ទៅ​សហគមន៍​ការពារ​ព្រៃឈើ​របស់​លោក​បាន​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែល​ជនល្មើស​តែង​គំរាមកំហែង​តាម​រយៈ​ការ​ប្រើប្រាស់​កាំបិត កាំភ្លើង​ឆ្នៃ និង​គំរាម​តាម​ទូរស័ព្ទ៖ «យើង​ភ័យ​បារម្ភ ទី​ ១ អាក់​ខាន​ចុះ​ទៅ ញញើត ខ្លាច។ ក្រសួង​មាន​សមត្ថកិច្ច​ធ្វើ​ម៉េច​ចាន់​ជន​ឧក្រិដ្ឋ​មក​ផ្ដន្ទាទោស បើ​ពុំ​នោះ​ទេ​អ្នក​ក្រោយ​ប្រព្រឹត្ត​អនាធិបតេយ្យ»។

សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​រក​ឃើញ​ថា មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កើត​មាន​ច្រើន​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា គឺ​ពលរដ្ឋ​វៀតណាម តែង​ឆ្លង​ចូល​មក​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដី​ខ្មែរ និង​អំពើ​រលួយ​របស់​មន្ត្រី​នៅ​តំបន់​នោះ។ ពួកគាត់​រក​ឃើញ​ថា ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​ឡែ និង​យោធា​ការពារ​ព្រំដែន​ច្រើន​បើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម ចូល​អារ​ឈើ​តាម​អំពើ​ចិត្ត ដ្បិត​តំបន់​នោះ​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-​វៀតណាម ងាយ​ស្រួល​ជនល្មើស​រត់​គេច​ខ្លួន។

ព័ត៌មាន​ចុង​ក្រោយ​ស្ដីពី​ការ​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​ឧទ្យានុរក្ស និង​មន្ទីរ​បរិស្ថាន បាន​អោយ​ដឹង​ថា នាយ​នគរបាល​ប៉ុស្តិ៍​អូរឡែ នៃ​ឃុំ​សែនមនោរម្យ ស្រុក​អូរាំង ខែត្រ​មណ្ឌលគិរី លោក ផល ពេញ និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរឡែ លោក ងួរ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់​ទៀត បាន​រត់​គេច​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា នេះ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​ឧន្យានុរក្ស នៃ​មន្ទីរ​បរិស្ថាន​ខែត្រ​មណ្ឌលគិរី និង​បុគ្គលិក​អង្គការ WCS។ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​ខែត្រ​មណ្ឌលគិរី កំពុង​តាម​ចាប់​ខ្លួន​មនុស្ស​ទាំង​ប្រាំ​នាក់​នោះ។ នេះ​បើ​យោង​តាម​កាសែត​ក្នុង​ស្រុក​ដែល​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​ផ្ញើ​របាយការណ៍​ចុង​ក្រោយ​នេះ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន៕

No comments: