Thursday 8 February 2018
ក្រសួងវប្បធម៌ត្រៀមបញ្ចូលប្រាសាទកោះកេរនិងបន្ទាយឆ្មារជាបេតិកភណ្ឌពិភពលោក
ដោយ អាស៊ីសេរី
2018-02-07
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ក្នុងកិច្ចពិភាក្សាតុមូលរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤។
Photo: RFA
រដ្ឋមន្ត្រីក្រសួងវប្បធម៌កំពុងរៀបចំឯកសារពាក់ព័ន្ធមួយចំនួន ស្នើទៅកាន់អង្គការយូណេស្កូ ដើម្បីបញ្ចូលប្រាសាទកោះកេរ និងប្រាសាទបន្ទាយឆ្មារ ចូលជាបេតិកភណ្ឌពិភពលោក។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ថ្ងៃទី៧ ខែកុម្ភៈ នេះថា នៅឆ្នាំ២០១៨នេះ ក្រសួងមានបំណងស្នើសុំទៅអង្គការយូណេស្កូបញ្ចូលប្រាសាទកោះកេរ និងប្រាសាទបន្ទាយឆ្មារ ចូលជាបេតិកភណ្ឌពិភពលោក។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ពេលនេះក្រសួងវប្បធម៌កំពុងតែរៀបចំឯកសារពាក់ព័ន្ធដាក់ទៅអង្គការយូណេស្កូ។
អ្នកស្រី ភឿង សកុណា បន្តថា ក្រៅពីការស្នើដាក់ប្រាសាទកោះកេរ និងប្រាសាទបន្ទាយឆ្មារហើយ ក្រសួងក៏បានរៀបចំឯកសារល្ខោនខោល និងក្បាច់ល្បុក្កតោទៅកាន់អង្គការយូណេស្កូរួចជាស្រេចផងដែរ។ អ្នកស្រីឲ្យដឹងទៀតថា បន្ថែមពីនេះអ្នកស្រីក៏កំពុងតែរៀបចំខាងតម្បាញសូត្រ និងទាក់ទងទៅបណ្ដាប្រទេសនានា ដើម្បីស្វែងរកវត្ថុបុរាណដែលបានបាត់បង់យកមកមាតុប្រទេសវិញផងដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថៃ នរៈសត្យា ក្រុមការងារជំនាញក្រសួងកំពុងធ្វើការលើរឿងនេះ។ លោកបន្តថា ក្រសួងវប្បធម៌ តែងតែព្យាយាមដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជាចូលជាបេតិកភណ្ឌពិភពលោក៖ «ក្រសួងតែងតែគិតគូរមិនឈប់ឈរអំពីការអភិរក្សាបេតិកភណ្ឌវប្បធម៌ជាតិយើងនេះឯង ការដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោកមួយហើយត្រូវដាក់អីបន្ថែមទៀត»។
គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន ៧ហើយ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ៣ និងសម្បត្តិវប្បធម៌អរូបី៤ រួមមាន៖ តំបន់អង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងប្រាសាទសំបូរព្រៃគុក ដែលទើបចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment