Thursday 8 February 2018

សមាគម​គ្រូបង្រៀន​ឯករាជ្យ​ថ្កោលទោស​ករណី​លុប​ឈ្មោះ​លោក រ៉ុង ឈុន ចេញ​ពី​ក្រសួង


ដោយ វ៉ែន សុមេធ
2018-02-07 

លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។
លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។
Photo: RFA



សមាគម​គ្រូបង្រៀន​ឯករាជ្យ បាន​ដាក់​លិខិត​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​ឡើង​វិញ ចំពោះ​ករណី​លុប​ឈ្មោះ លោក រ៉ុង ឈុន ចេញ​ពី​មន្ត្រី​អប់រំ។ សមាគម​មួយ​នេះ ប្រកាស​ថ្កោលទោស​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចំពោះ​ករណី​លុប​ឈ្មោះ​មន្ត្រី​អប់រំ​ដែល​ហ៊ាន​តវ៉ា​ទាមទារ​ផលប្រយោជន៍​ឲ្យ​គ្រូបង្រៀន។



ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ហៅ​ការ​លុបឈ្មោះ លោក រ៉ុង ឈុន អតីត​សមាជិក​គ.ជ.ប និង​ជា​ស្ថាបនិក​សមាគម ចេញពី​មន្ត្រី​ក្រសួង​អប់រំ​ថា ជា​ការ​គំរាមកំហែង​ដល់​គ្រូបង្រៀន ជា​សមាជិក​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ដទៃ​ទៀត។ អ្នកស្រី អ៊ុក ឆាយាវី ហៅ​ការ​លុបឈ្មោះ លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​យាយី គំរាមកំហែង​លើ​មន្ត្រីរាជការ ដែល​ហ៊ាន​ចេញមុខ​តវ៉ា ផលប្រយោជន៍​គ្រូបង្រៀន។ អ្នកស្រី អ៊ុក ឆាយាវី អះអាង​ថា មាន​មន្ត្រី​ធំៗ​ជាច្រើន ជា​បក្សពួក​របស់​អ្នកធំ ដែល​អាច​ធ្វើ​ការ​បាន​ច្រើន​កន្លែង​ក្នុង​ជួរ​រាជការ ខណៈ​ដែល​មន្ត្រី​ខ្លះ​ទៀត មិនដែល​ទៅ​ធ្វើ​ការ​សោះ នៅ​តែ​មាន​ឈ្មោះ ទទួល​បាន​ប្រាក់ខែ​ពី​រដ្ឋ។ «»

លោក រ៉ុង ឈុន ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន លុប​ឈ្មោះ​ចេញ​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​ក្រសួង​អប់រំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ លោក ហង់ ជួនណារ៉ុន ក៏​បាន​ចេញ​លិខិត​ស្ដីបន្ទោស ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចំនួន ២៤​រូប ថា ខ្ជីខ្ជា​មិន​ចេះ​តាមដាន​ការងារ​របស់​លោក រ៉ុង ឈុន និង​បុគ្គលិក​ដទៃ​ទៀត។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សាលីន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​សម្រេច​លុបឈ្មោះ លោក រ៉ុង ឈុន ដោយ​សារ លោក រ៉ុង ឈុន បាន​ដាក់​ពាក្យ​ចូល​បម្រើការ​វិញ ហួសពេល​កំណត់។ ប៉ុន្តែ លោក រ៉ុង ឈុន ចាត់​ទុក​ការសម្រេច​នេះ គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ព្រោះ​ការ​លុបឈ្មោះ​លោក​ធ្វើឡើង​បន្ទាប់ពី​លោក​លាឈប់​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រោះ​លោក​យល់ថា ស្ថាប័ន​នេះ​បាត់បង់​ឯករាជ្យ​របស់​ខ្លួន​ហើយ។ សមាគម​គ្រូបង្រៀន​ឯករាជ្យ ព្រមាន​វិធានការ​តវ៉ា​បន្ថែម​ទៀត ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ មិន​ព្រម​ពន្យល់​ហេតុផល​ត្រឹមត្រូវ ព្រោះ​ការ​លុបឈ្មោះ​នេះ សមាគម​គ្រូបង្រៀន​អះអាង​ថា បាន​ធ្វើ​ខុស​បែបបទ​រដ្ឋបាល ដោយ​មិនបាន​ហៅ​សាមីខ្លួន​ទៅ​សួរនាំ ឬ​ចេញ​លិខិត​ស្ដី​បន្ទោស ដោយ​បញ្ឈប់​យក​តែ​ម្ដង។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ផ្អែក​លើ​ទិដ្ឋភាព​រដ្ឋបាល​សាធារណៈ ឬ​ភាព​អសកម្ម​ខ្លះ​នៃ​ការ​​​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ គឺ​ជៀស​មិន​ផុត​ពី​ភាព​ខ្វះ​ចន្លោះ ក្នុង​ការ​បំពេញ​ការងារ។ លោក​ថា ករណី​មន្ត្រី​មិន​ទៅ​ធ្វើការ នៅ​មាន​ច្រើន​ណាស់ ក្នុង​ស្ថាប័នរដ្ឋ។ ដូច្នេះ​លោក​យល់​ថា លោក រ៉ុង ឈុន និង​លោក ហង់ ជួនណារ៉ុន គួរ​រក​ពេល​សមរម្យ​មួយ​ជួប​ជជែក​គ្នា​ដោយ​ការយោគយល់ ដើម្បី​ដោះស្រាយ​បញ្ហា ព្រោះថា ទាំង​លោក រ៉ុង ឈុន និង​លោក ហង់ ជួនណារ៉ុន សុទ្ធតែ​តួអង្គ​ជួយ​សង្គម៕

No comments: