Sunday 11 February 2018

ពលរដ្ឋ​ខែត្រ​ក្រចេះ​ជាង ៣០០​នាក់​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​វៀតណាម


ដោយ មាន ឫទ្ធិ
2018-02-11 

ពលរដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ និង​ឃុំឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​នាំគ្នា​តវ៉ា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ ២០១៨។
ពលរដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ និង​ឃុំឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​នាំគ្នា​តវ៉ា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ ២០១៨។
Photo Provided



ពលរដ្ឋ​ជាង ៣០០​នាក់ រស់នៅ​ឃុំ​ពីរធ្នូ និង​ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​លើកគ្នា​តវ៉ា​ប្រឆាំង ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​វៀតណាម​ឈ្មោះ ចម្ការកៅស៊ូ​មេមត់ ដែល​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់​ច្រើន​ហិកតារ។ ពួកគាត់​ថា អាជ្ញាធរ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ធ្លី​នោះ​ទេ បែរជា​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ចាប់ខ្លួន​អ្នកភូមិ ២​នាក់ និង គំរាម​ចាប់​ពលរដ្ឋ​ផ្សេងទៀត​ដាក់គុក​បើ​នៅតែ​រឹងទទឹង​តវ៉ា​ទៀត។



ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម នៅ ឃុំ​ឃ្សឹម និង​ឃុំ​ពីរ​ធ្នូ នៅ​ថ្ងៃ​ទី១១ កុម្ភៈ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ឲ្យ​បញ្ឈប់​យក​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំប្រទល់​ដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នូល លោក អឹម ម៉េង ឲ្យ​ដឹង​នៅ​ថ្ងៃទី១១ កុម្ភៈ​ថា ពលរដ្ឋ​បាន​ប្រមូលផ្ដុំ​គ្នា​មក​រស់នៅ​តំបន់​នោះ ជា​បន្តបន្ទាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ជាង ៤​រយ​គ្រួសារ ដោយសារ​ពួកគាត់​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​ធ្វើ​លំនៅឋាន និង​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត ទើប​នាំគ្នា​កាប់​រាន​សាង​លំនៅឋាន។ លោក​រំឭក​ថា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ពលរដ្ឋ​ជាង ៣​រយ​នាក់ បាន​នាំគ្នា​តវ៉ា ហាមឃាត់​មិន​ឲ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈូស​ឆាយ​កំណត់​ព្រំ​ដី បង្ក​ប៉ះពាល់​ដីចម្ការ ផលដំណាំ និង​លំនៅឋាន​ពួកគាត់​ច្រើន​គ្រួសារ​។ លោក​ថា នៅ​គ្រា​ដែល​អ្នកភូមិ​កំពុង​តវ៉ា សមត្ថកិច្ច​ស្រុក​ស្នូល​បាន​ចាប់ខ្លួន​ពលរដ្ឋ ២​នាក់ និង​ដោះលែង​នៅ​ល្ងាច​ថ្ងៃ​ដដែលៗ ក្រោយពី​ពលរដ្ឋ​ព្រមាន​ធ្វើបាតុកម្ម​នៅមុខ​សាលាស្រុក​ស្នូល៖ «»។

ពលរដ្ឋ​ម្នាក់ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចោទ​ថា សមត្ថកិច្ច​បាន​គំរាមកំហែង​ពួកគាត់​មិន​ឲ្យ​តវ៉ា បណ្ដាល​ឲ្យ​អ្នកភូមិ​មួយ​ចំនួន​ខ្លាចរអា ព្រោះ​ខ្លាចក្រែង​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌។ លោក​ថា នៅ​គ្រា​ដែល​ពលរដ្ឋ​តវ៉ា​នោះ អភិបាលស្រុក​ស្នូល លោក គង់ គឹមនី បាន​ចុះ​សម្របសម្រួល​និង​សន្យា​ស្វែងរក​ដំណោះស្រាយ។ លោក​អំពាវនាវ ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ កាត់​ឆ្វៀល​ដី​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ផ្ដល់​ជម្រក​រស់នៅ​ចិញ្ចឹម​ជីវិត ព្រោះ​ពួកគាត់​សុទ្ធ​សឹង​គ្មាន​ដី​រស់នៅ៖ «»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ចម្ការកៅស៊ូ​មេមត់ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កុម្ភៈ។

អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​កម្មសិទ្ធិ​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥០​ហិកតារ​) រយៈពេល ៥០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​បន្ត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​កាលពី​ឆ្នាំ ២០១៦​។​

អភិបាលស្រុក​ស្នួល លោក គង់ គឹមនី ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​បង្កើត​គណៈកម្មការ​រួចហើយ ទាក់ទិន​ការ​ចុះ​សិក្សា និង​វាយតម្លៃ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ទាំងនោះ។ លោក​ថា អាជ្ញាធរ​ស្រុក​ក៏​ធ្លាប់​បាន​ជូនដំណឹង​ទៅ​ពលរដ្ឋ​ដែរ​ទាក់ទិន​ដំណើរការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្វះខាត​ដី​អាស្រ័យ​ផល​ពិតប្រាកដ អាច​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ម​ក​អាជ្ញាធរ ចៀសវាង​កាប់​រាន​ព្រៃ​ដោយ​ខុសច្បាប់។ «»

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នូល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយពី​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា ០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូលស្រុក​រាប់ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩ក្រុមហ៊ុន ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាកស្រុក​មក​រស់នៅ​ខែត្រ​នេះ។ មក​ទល់​ពេលនេះ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ច្រើន​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខែត្រ​ក្រចេះ​កាត់​ឆ្វៀល​ដី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ច្រើន​គ្រួសារ​

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី យល់ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​នានា ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ដោះស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​ដោយ​យុត្តិធម៌ មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ចាប់ខ្លួន និង​គំរាមកំហែង​នោះ​ទេ។ លោក​ថា ការ​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ក៏​ជា​យន្តការ​ប្រសើរ​ក្នុង​ការ​បញ្ចប់​ជម្លោះ ដែល​ជា​ផ្នែក​មួយ​រួមចំណែក អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។ «»

លោក ប៊ី វ៉ាន់នី ចាត់​ទុក ការ​ចូល​មក​តាំងទី​លំនៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច គឺជា​ករណី​ខុសច្បាប់ ក៏ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ត្រូវ​ដាក់​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​សាមីជន​រស់នៅ ដើម្បី​អាជ្ញា​ធរមាន​មូលដ្ឋាន​ពិនិត្យ​សម្រេច។ តែ​យ៉ាងណា​លោក​អង្កេត​ឃើញ​ថា ដំណើរការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ស្មុគស្មាញ និង​អូស​បន្លាយពេល​យូរ បង្ក​រាំងស្ទះ​មុខរបរ​ចិញ្ចឹមជីវិត​ពលរដ្ឋ និង​ប៉ះពាល់​ជីវភាព ផ្ទុយ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋាភិបាល។

មុន​ឆ្នាំ​២០០០ ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រុក​ស្នួល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ​ក្នុងស្រុក​ស្នួល ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី៕

No comments: