Sunday 11 February 2018
លោក ហ៊ុន សែន និយាយជំនួសពលរដ្ឋថា ខ្មែរមិនត្រូវការផ្លាស់ប្ដូររបបរបស់លោកទេ
ដោយ តាំង សារ៉ាដា
2018-02-11
ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
RFA
មន្ត្រីគណបក្សប្រឆាំង ប្រតិកម្មនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា ពលរដ្ឋមិនចង់សាកល្បង ឲ្យមានការផ្លាស់ប្ដូររបបនោះទេ។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ខែកុម្ភៈ ថា ពលរដ្ឋកម្ពុជា មិនចង់ផ្លាស់ប្ដូរអ្វីទៀតទេ ដោយសារ សព្វថ្ងៃពលរដ្ឋបានរស់នៅសុខស្រួលហើយ។ លោក ហ៊ុន សែន បន្តថាពលរដ្ឋខ្មែរ សប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ និងមានឱកាសគ្រប់យ៉ាង។
ប៉ុន្តែប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ យល់ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាល្បិចដើម្បីក្រាញ់អំណាច។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងផ្ទុយពីលោក ហ៊ុន សែន ថា ពលរដ្ឋខ្មែរត្រូវការផ្លាស់ប្ដូររដ្ឋាភិបាលជាខ្លាំង ដោយសារពួកគេធុញទ្រាន់របៀបដឹកនាំ និងអ្នកដឹកនាំមុខដដែលៗ ដែលនាំឲ្យប្រទេសញាំញីទៅដោយអំពើពុករលួយ និងការដឹកនាំបែបផ្ដាច់ការ។ លោក ហ៊ីង សុខសាន្ដ ថា ចំណុចទាំងនេះហើយដែល ពលរដ្ឋខ្មែរត្រូវការ ការផ្លាស់ប្ដូរជាចាំបាច់។ «»
លោក ហ៊ុន សែន ជាប់ឈ្មោះជាមេដឹកនាំយូរជាងគេនៅលើពិភពលោក។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានឡើងកាន់អំណាច តាមរយៈការលើកបន្តុបដោយ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។ ក្នុងរយៈពេល ៥អាណត្តិមកនេះ លោក ហ៊ុន សែន បានដឹកនាំប្រទេស ដោយការប្រើល្បិចបំបែកបំបាក់ និងធ្វើទុក្ខបុកម្នេញគូប្រកួតរបស់លោក រហូតដល់មានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយគណបក្សប្រឆាំងចោលតែម្ដង។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង អះអាងថា ពលរដ្ឋខ្មែរបច្ចុប្បន្ន គ្មានសេរីភាពរស់នៅ ទាំងភាពភ័យ ខ្លាច មិនហ៊ាននិយាយ ឬតវ៉ា អ្វីនោះឡើយ។ «»
លោកបន្តថា ពលរដ្ឋតែងតែទាមទារឲ្យមានការផ្លាស់ប្ដូរ ដោយសារ គណបក្សកាន់អំណាចសព្វថ្ងៃ បានបំផ្លាញធនធានធម្មជាតិ បំបិទ សេរីភាពរបស់ពលរដ្ឋ និងធ្វើឲ្យបាត់បង់ទឹកដីជាដើម។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មានតែការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែលអាចបញ្ជាក់បានថា ពលរដ្ឋខ្មែរចង់សាកល្បង ឬមិនចង់សាកល្បងឲ្យមានការផ្លាស់ប្ដូរមេដឹកនាំនៅកម្ពុជានោះ។ «»
សកម្មជនដីធ្លីម្នាក់នៅតំបន់បឹងកក់ រាជធានីភ្នំពេញ កញ្ញា សុង ស្រីលាភ អះអាងថា សហគមន៍រងគ្រោះដីធ្លី និងពលរដ្ឋដែលរងភាពអយុត្តិធម៌ មិនហ៊ានចេញតវ៉ាដូចមុនទេ ព្រោះខ្លាចការបង្ក្រាប។ សកម្មជនដីធ្លីរូបនេះ យល់ថាប្រសិនបើកឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចអ្វីដែលពលរដ្ឋ និងសហគមន៍អន្តរជាតិចង់បាននោះ វាប្រាកដណាស់ថានឹង មានការផ្លាស់ប្ដូរជាមិនខាន ដោយសាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន បច្ចុប្បន្នបានធ្វើឲ្យម្ចាស់ឆ្នោតបាត់បង់សេចក្ដីទុកចិត្ត។ «»
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា រដ្ឋាភិបាលពិបាកក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញណាស់។ «»
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន តែងអះអាងថា ការដឹកនាំ នៅកម្ពុជាគឺធ្វើឡើងទៅតាមលទ្ធិប្រជាធិបតេយ្យដែលមានការបោះឆ្នោតដោយសេរី និង យុត្តិធម៌។ លោកបន្តថា កម្ពុជានឹងមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយ នៅខែកក្កដាខាងមុខ ទោះបីគ្មានគណបក្សសង្គ្រោះជាតិក៏ដោយ។ ប៉ុន្តែសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបាន ព្រមានរួចជាស្រេចទៅហើយថា ពួកគេនឹងមិនទទួលស្គាល់ភាព ស្របច្បាប់ នៃការបោះឆ្នោតនៅកម្ពុជាក្នុងខែកក្កដា ខាងមុខនោះទេ ដរាបណាការបោះឆ្នោតនោះធ្វើឡើងដោយគ្មានវត្តមានមេដឹកនាំប្រឆាំង និងការចូលរួមរបស់បក្សប្រឆាំងនោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment