Wednesday 7 February 2018

អគ្គស្នងការ​នគរបាល​ជាតិ​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ


ដោយ មួង ណារ៉េត
2018-02-06 
rfa
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
AFP



អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​មោទនភាព​ដោយ​បាន​ជួយ​ប្រមូល​ឯកសារ​ដើម្បី​ជ្រោមជ្រែង​តុលាការ​កំពូល ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាម​ឃាត់​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​ឈប់​ឲ្យ​ធ្វើ​នយោបាយ ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង ចាប់​ខ្លួន​មេ​បក្ស​អំណាច​ខ្មែរ និង​ចាប់​ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២​នាក់។



ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ប្រចាំ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

​ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមហឿន បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​នោះ​ថា សម្រាប់​ឆ្នាំ​២០១៧ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​កិច្ចការ​ធំ​មួយ​បាន​ជោគជ័យ គឺ​ការ​ទប់​ស្កាត់​រដ្ឋប្រហារ​រដ្ឋាភិបាល​តាម​រយៈ​បដិវត្ត​ពណ៌ ដោយ​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ពី​បទ​ញុះញង់​កងទ័ព ចាប់​ខ្លួន​មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​ជនបរទេស ឬ​បទ​ក្បត់ជាតិ ការ​ជួយ​ប្រមូល​ឯកសារ​ដើម្បី​ជ្រោមជ្រែង​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​ធ្វើ​នយោបាយ និង​ការ​តាម​ចាប់​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ក្រោម​បទ​បញ្ជូន​ព័ត៌មាន​ទៅ​បរទេស។

​នៅ​ក្រោយ​ការ​បោះឆ្នោត ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ មិន​ដល់ ៣​ខែ​ផង រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា អាច​មាន​ប្រជាប្រិយ​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន នៅ​អាណត្តិ​ក្រោយ​បាន គឺ​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​កណ្ដាល​យប់ ក្រោម​ហេតុផល​មួយ​ដែល​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ចាត់​ទុក​ថា​ជា​លេស​របស់​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​ប្រឆាំង​ដើម្បី​លោក​អាច​បន្ត​ក្រាញ​អំណាច​យូរ​ត​ទៅ​ទៀត​តែប៉ុណ្ណោះ។

បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង ហាមឃាត់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​រយៈ​ពេល ៥​ឆ្នាំ និង​កម្ចាត់​ក្រុម​មនុស្ស​ដែល​និយាយ​ការពិត​នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បាន​សន្និដ្ឋាន​ដោយ​ខ្លួនឯង​ថា ពលរដ្ឋ​កម្ពុជា គ្មាន​ត្រូវ​ការ​សាកល្បង​ផ្លាស់ប្ដូរ​អ្វី​ទៀត​ទេ ព្រោះ​លោក​អះអាង​ថា ពលរដ្ឋ​បាន​រស់​នៅ​សុខ​ស្រួល​ហើយ។ លោក ហ៊ុន សែន បាន​យក​អំណះអំណាង​ថា នៅ​គ្រប់​ទីកន្លែង ប្រជាពលរដ្ឋ​កម្ពុជា សប្បាយ​រីករាយ​ក្នុង​ការ​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ មាន​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​ប្រកប​មុខ​របរ និង​ការងារ​តូច​ធំ​តាម​ចំណង់​ចំណូលចិត្ត ព្រមទាំង​ធ្វើ​ដំណើរ​​កម្សាន្ត​ជិត​ឆ្ងាយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

​ប៉ុន្តែ​ពលរដ្ឋ​ធ្លាប់​លើក​ឡើង​ថា មាន​តែ​ក្រុម​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​តែប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​រស់​នៅ​សុខ​ស្រួល ជួបជុំ​ក្រុម​គ្រួសារ ឬ​មាន​ពេល​ដើរ​កម្សាន្ត​យ៉ាង​សប្បាយ ចំណែក​ពលរដ្ឋ​សាមញ្ញ​វិញ​ត្រូវ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​ភូមិឋាន រហូត​រសាត់អណ្ដែត​ទៅ​ក្រៅ​ប្រទេស​ដោយ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ និង​គ្មាន​ពេល​វេលា ឬ​ថវិកា​ដើរ​ទេសចរណ៍​កម្សាន្ត​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ភាព​ជោគជ័យ​ក្នុង​ឧបាយកល​រំលាយ​បក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ មិន​មែន​មាន​តែ​ស្ថាប័ន​ប៉ូលិស គណបក្ស​កាន់​អំណាច ឬ​គណបក្ស​រណប​របស់​បក្ស​ប្រជាជន​កម្ពុជា ទេ ដែល​មាន​មោទនភាព ស្ថាប័ន​កងទ័ព​ជាតិ​ឯ​ណោះ​វិញ  ក៏​ធ្លាប់​បង្ហាញ​ពី​មោទនភាព​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​នេះ​ដែរ។

​កាល​ពី​ថ្ងៃ​ទី​៧ មករា ក្នុង​កម្មវិធី​ពិព័រណ៍​កងទ័ព កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​បញ្ជា​ការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បាន​បញ្ជាក់​ថា ចលនា​បដិវត្តន៍​ពណ៌​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​កម្ទេច​បាន​ជោគជ័យ​ហើយ។ លោក ហ៊ុន ម៉ាណែត និយាយ​ដូច​ឪពុក​លោក​ដែរ ដោយ​អះអាង​ថា ការ​កម្ចាត់​ចោល​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ លោក​ប្រកាស​ថា កងទ័ព​នឹង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ជា​ដាច់ខាត។

​ជំនួយ​ការ​លោក កឹម សុខា និង​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហ៊ីង សុខសាន្ដ ហៅ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ ថា​គឺ​ជា​នយោបាយ​ប្រជាភិថុតិ បោកប្រាស់​ពលរដ្ឋ។ លោក ហ៊ីង សុខសាន្ដ អះអាង​ថា គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ទេ​ដែល​បាន​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា ព្រោះ​លោក​រក​ឃើញ​ឯកសារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ពុម្ភ​ឆ្នាំ​១៩៨៥ មាន​ឈ្មោះ​ថា សិក្សា​នយោបាយ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​បដិវត្ត​មក​អនុវត្ត​នៅ​កម្ពុជា៖ «នោះ​គ្រាន់តែ​ជា​លេស​ទេ...»។

​បើ​ទោះ​ជា​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋាភិបាល​កម្ពុជា បាន​អួតអាង​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ចាប់​អ្នក​នយោបាយ អ្នក​សារព័ត៌មាន សង្គម​ស៊ីវិល និង​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​សម្រាប់​សហគមន៍​អន្តរជាតិ​វិញ កំពុង​រៀបចំ​ភស្ដុតាង និង​សេចក្ដី​ព្រាង​ទណ្ឌកម្ម​ថ្មីៗ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា៕

No comments: