Tuesday 13 February 2018
តុលាការរងការរិះគន់រឿងទុកឱ្យសំណុំរឿងបណ្ឌិត កែម ឡី ស្ថិតក្នុងភាពស្ងប់ស្ងាត់
ដោយ ម៉ៅ សុធានី
2018-02-12
ពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកគោរពវីរភាពបណ្ឌិត កែម ឡី សង្កេតឃើញថា តុលាការរាជធានីភ្នំពេញ ហាក់ដូចជាគ្មានឆន្ទៈពិតប្រាកដក្នុងការស៊ើបអង្កេតវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ។
មកទល់នឹងខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់អស់រយៈពេល ១ឆ្នាំ ៧ខែហើយ ក៏ប៉ុន្តែអ្វីដែលមិនទាន់លេចចេញជារូបរាងនៅឡើយនោះ គឺយុត្តិធម៌ពិតប្រាកដសម្រាប់រូបលោក និងក្រុមគ្រួសារ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម គឺលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកឆក់យកជីវិតទាំងកណ្ដាលថ្ងៃ ក្នុងរាជធានីភ្នំពេញ។ ក្នុងសំណុំរឿងដ៏រសើបមួយនេះ មានមនុស្សតែម្នាក់គត់ដែលត្រូវបានសមត្ថកិច្ច និងតុលាការនាំខ្លួនមកកាត់ទោស គឺបុគ្គល ជួប សម្លាប់ ដែលមានឈ្មោះពិតថា អឿត អាង។
ក្រោយការកាត់ទោស ជួប សម្លាប់ កាលពីចុងខែមីនា ឆ្នាំ២០១៧ កន្លងទៅ តុលាការបានប្រកាសបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស តែរហូតមកទល់នឹងពេលនេះ តុលាការមិនបានបង្ហាញលទ្ធផលអ្វីបន្តិចសោះឡើយ ដែលធ្វើឱ្យអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នក កែម ឡី និយម គិតថា តុលាការគ្មានឆន្ទៈ និងរងឥទ្ធិពលនយោបាយក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្តែងការងឿងឆ្ងល់ថា តើតុលាការក្រុងភ្នំពេញ កំពុងធ្វើអ្វីចំពោះសំណុំរឿងបណ្ឌិត កែម ឡី ទើបបានជាអស់រយៈពេលជាច្រើនខែមកនេះ គ្មានការនាំខ្លួនជនណាម្នាក់ទៅសាកសួរ ឬជំនុំជម្រះឡើយ ដែលធ្វើឱ្យសាធារណជនកាន់តែបាត់ជំនឿលើស្ថាប័នយុត្តិធម៌មួយនេះ។
លោកបន្តថា ការអះអាងរបស់តុលាការថា កំពុងដំណើរការនីតិវិធី ខណៈដែលលទ្ធផលស៊ើបអង្កេតបន្ថែមមិនត្រូវបានបង្ហាញឱ្យដឹងនោះ គឺគ្រាន់តែជាការនិយាយឱ្យរួចពីមាត់របស់មន្ត្រីតុលាការតែប៉ុណ្ណោះ ដែលចំណុចនេះបង្ហាញពីកង្វះការទទួលខុសត្រូវរបស់ស្ថាប័នតុលាការ៖ «យើងសូមឱ្យសាលាដំបូង និងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាធ្វើយ៉ាងណាបន្តស៊ើបអង្កេត និងស្រាវជ្រាវរករឿងពិតនៃការសម្លាប់បណ្ឌិត កែម ឡី ជាពិសេស ប្រសិនបើរកឃើញតម្រុយ និងអ្នកពាក់ព័ន្ធទាំងអស់ហើយនោះ មេត្តាពន្លឿនការស្រាវជ្រាវ និងកាត់ទោសអ្នកទាំងនោះដើម្បីបង្ហាញឱ្យឃើញថា ស្ថាប័នពាក់ព័ន្ធ ឬក៏រដ្ឋាភិបាល គឺជាអ្នកដែលបានយកចិត្តទុកដាក់ក្នុងការរកយុត្តិធម៌ក្នុងសំណុំរឿងលោកបណ្ឌិត កែម ឡី ដោយពិតប្រាកដ ដើម្បីចៀសវាងការចោទថា គ្រាន់តែជាការធ្វើ ឬជាការសន្យាមួយឱ្យតែហើយ ហើយមិនទទួលខុសត្រូវទៅលើកិច្ចការ ឬក៏ភារកិច្ចរបស់ខ្លួន។ ទីពីរ យើងសូមឱ្យទម្លាក់ចោលនូវបទចោទប្រកាន់ចំពោះលោក ប៉ា ងួនទៀង លោក មឿន តុលា និងព្រះអង្គ ប៊ុត ប៊ុនតិញ ដែលជាអ្នកធ្វើកិច្ចការងារសង្គម ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកធ្វើកិច្ចការសង្គមបន្តទៀត»។
ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ក៏ប៉ុន្តែសាលក្រមរបស់តុលាការនេះ មិនបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិស្ងប់ចិត្តនោះឡើយ។ មិនស្ងប់ចិត្តនៅត្រង់ថា តុលាការសម្រេចក្តីនេះដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ចំណែកឯភាពមន្ទិល និងភាពមិនស៊ីសង្វាក់គ្នាមានច្រើនចំណុច តែបែរជាតុលាការមើលរំលងទៅវិញ។
ចំណុចស្នូលនៃសំណុំរឿងនេះ គឺរឿងលុយ ៣ពាន់ដុល្លារ ដែល ជួប សម្លាប់ អះអាងថា បានឱ្យបណ្ឌិត កែម ឡី ខ្ចី ដែលជាដើមហេតុនាំទៅរកអំពើឃាតកម្ម ក៏ប៉ុន្តែតាមរយៈការចុះស្រាវជ្រាវដោយផ្ទាល់របស់ក្រុមការងារអាស៊ីសេរី កាលពីពេលកន្លងទៅនោះ បង្ហាញថា ចម្លើយសារភាពប្រាប់តុលាការរបស់ ជួប សម្លាប់ រឿងលុយ ៣ពាន់ដុល្លារនេះ មិនមែនជាការពិតនោះឡើយ។
អ្នកដែលជិតស្និទ្ធបំផុតរបស់ អឿត អាង រួមទាំងក្រុមគ្រួសាររបស់គេផង សុទ្ធតែអះអាងដូចគ្នាថា ជននេះក្រីក្រស្ទើររកបាយហូបគ្មាន មិនអាចមានលុយ ៣ពាន់ដុល្លារមកពីណាឱ្យបណ្ឌិត កែម ឡី ខ្ចីនោះទេ។ ដូច្នេះមានន័យថា អំពើឃាតកម្មដ៏កក្រើកមួយនេះ អាចមានមូលហេតុផ្សេងនៅពីក្រោយដែលមិនមែនជារឿងលុយ ៣ពាន់ដុល្លារនោះទេ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី យល់ឃើញថា ការសម្រេចរបស់តុលាការ មិនទាន់ផ្តល់យុត្តិធម៌ពេញលេញដល់លោកបណ្ឌិត កែម ឡី នៅឡើយទេ ហើយថា វាធ្វើឡើងដើម្បីគ្រាន់តែជាការបំភ័ន្តភ្នែកមហាជន និងសហគមន៍អន្តរជាតិប៉ុណ្ណោះ។ លោកជឿជាក់ថា តុលាការរងឥទ្ធិពលពីអ្នកមានអំណាចចំពោះការអនុវត្តនីតិវិធីរបស់ខ្លួន ទើបបានជាសំណុំរឿងនេះត្រូវអូសបន្លាយ និងបន្តស្ថិតក្នុងសភាពស្ងប់ស្ងាត់បែបនេះ៖ «តុលាការមិនបានធ្វើការបកស្រាយ និងជំនុំជម្រះក្តីដោយយុត្តិធម៌ទេ។ រឿងទីពីរ យើងឃើញថា ការកាត់ក្តីគួរតែមានការបន្តទៅមុខទៀតដែលយើងត្រូវសួរថា តើជនដៃដល់មកស្នាក់នៅភ្នំពេញ រយៈពេលប៉ុន្មាន…? យើងត្រូវមានភស្តុតាងច្រើនដើម្បីបកស្រាយរឿងនេះ ហើយប្រសិនបើរឿងនេះយើងអត់ដោះស្រាយបំបាត់ចម្ងល់របស់ប្រជាពលរដ្ឋទេ ខ្ញុំគិតថា វាច្បាស់ជាមានការពាក់ព័ន្ធជាមួយនឹងអ្នកមានអំណាច ឬអ្នកធំណាហើយ បានជារឿងរ៉ាវនេះមិនត្រូវបានដោះស្រាយដោយយុត្តិធម៌ អាចទទួលយកបាននោះ»។
ចំណុចដែលសាធារណជនទន្ទឹងរង់ចាំនោះ គឺថាតើការស៊ើបអង្កេតបន្តរបស់តុលាការ នឹងអាចស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដូចជា អ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ ឬអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ យកមកផ្ដន្ទាទោសបានដែរ ឬយ៉ាងណា?
ទាក់ទងនឹងបញ្ហាទាំងអស់នេះ អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា ជាច្រើនលើកច្រើនសា ក៏ប៉ុន្តែមិនដែលបានទទួលការឆ្លើយតបពីអ្នកនាំពាក្យរូបនេះឡើយ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី គឺជាសកម្មជនសង្គមមួយរូបក្នុងចំណោមសកម្មជនសង្គម និងសកម្មជននយោបាយជាង ១០០នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើឃាតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងសព្វថ្ងៃនេះ។ សំណុំរឿងទាំងជាង ១០០ករណីនេះ គ្មានសំណុំរឿងណាដែលជនរងគ្រោះទទួលបានយុត្តិធម៌ឡើយ ព្រោះឃាតកពិតមិនត្រូវបាននាំខ្លួនមកកាត់ទោស ហេតុនេះហើយទើបមន្ត្រីសិទ្ធិមនុស្ស និងយុវជន កែម ឡី និយមយល់ឃើញថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ក៏ទំនងជាគ្មានយុត្តិធម៌ដូចគ្នា។
ទាក់ទងនឹងការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី នេះ អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ស្នើឱ្យសាធារណជនណាដែលបានដឹងរឿង ឬព័ត៌មានដែលទាក់ទងនឹងករណីឃាតកម្មនេះ រាយការណ៍ព័ត៌មានទាំងនោះទៅមន្ត្រីសមត្ថកិច្ច ឬតុលាការ ដើម្បីឱ្យមានការស៊ើបអង្កេតបន្ត ឬមួយក៏អាចប្រើមធ្យោបាយផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីព័ត៌មានទាំងនោះ។ លោកក៏លើកទឹកចិត្តដល់អ្នក កែម ឡី និយមទាំងអស់ ត្រូវបន្តសកម្មភាពរបស់ខ្លួនក្នុងការជួយរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី មិនត្រូវស្ថិតក្នុងភាពស្ងៀមស្ងាត់នោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment