Friday, 16 February 2018
អ្នកវិភាគ៖ សៀវភៅសស្ដីពីជោគជ័យលើការរំលាយបក្សប្រឆាំងជាការភ័យខ្លាចចលនាបដិវត្តន៍ពណ៌
ដោយ ទីន ហ្សាការីយ៉ា
2018-02-15
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
រដ្ឋាភិបាលបានចេញរបាយការណ៍ ឬសៀវភៅ "ស" សរសេររៀបរាប់លម្អិតស្ដីពីភាពជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ រួមមានការអនុវត្តច្បាប់ ការសម្រេចបានកំណើនសេដ្ឋកិច្ច ពិសេសគឺពីភាពជោគជ័យលើការបង្ក្រាបក្រុមបដិវត្តន៍ពណ៌ជាដើម។ ក៏ប៉ុន្តែអ្នកវិភាគចាត់ទុកការបង្ក្រាបរបស់រដ្ឋាភិបាលគឺជាការបំផ្លាញនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីបន្តអំណាចផ្ដាច់ការរបស់ខ្លួនទៅវិញទេ។
រដ្ឋាភិបាលបានចេញសៀវភៅ "ស" មានកម្រាស់ ១៣២ទំព័រ បានសរសេររៀបរាប់លម្អិតអំពីការរំលាយបក្សប្រឆាំង ការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ការបណ្ដេញចេញអង្គការអន្តរជាតិ ការទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ថាជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសៀវភៅ "ស" ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ សរសេររៀបរាប់ពីការកត្តាប្រវត្តិសាស្ត្រផងនោះ បានបញ្ជាក់ថា បដិវត្តន៍ពណ៌បានកើតឡើងក្រោមរូបភាព និងទម្រង់ផ្សេងៗគ្នាតាមប្រទេសមួយចំនួន។ ប៉ុន្តែសម្រាប់នៅកម្ពុជា បដិវត្តន៍ពណ៌បានកើតឡើងពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត។ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអនុវត្តផែនការកៀរគរប្រមូលផ្ដុំកម្លាំងប្រជាពលរដ្ឋ ដោយញុះញង់ឲ្យធ្វើការទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដូចមានបញ្ហាដីធ្លី សិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ ខណៈរដ្ឋាភិបាលកំពុងដោះស្រាយ។ គណបក្សនេះបានមួលបង្កាច់ និងចោទប្រកាន់លើការដឹកនាំរបស់រដ្ឋាភិបាល លើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋាន ក្នុងគោលបំណងបំភ័ន្តមតិជាតិ និងអន្តរជាតិ ដើម្បីឲ្យឃើញរដ្ឋាភិបាលអសមត្ថភាពក្នុងការដឹកនាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងនៅក្នុងប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថា សៀវភៅ "ស" នេះមានគោលបំណងពន្យល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកនៅក្រៅប្រទេសឲ្យយល់ពីសភាពការណ៍ពិតនៅកម្ពុជា និងគ្រោះថ្នាក់នៃបដិវត្តន៍ពណ៌ ដែលធ្លាប់កើតឡើងនៅប្រទេសមួយចំនួននៅភាគខាងជើងអាហ្វ្រិក និងនៅមជ្ឈិមបូព៌ា។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បដិវត្តន៍ពណ៌មិនមែនជាបទឧក្រិដ្ឋឡើយ។ លោកបន្ថែមថា នៅកម្ពុជាគ្មានបដិវត្តន៍ពណ៌ដូចរដ្ឋាភិបាលចោទប្រកាន់ឡើយ ក៏ប៉ុន្តែក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំកន្លងមកនេះ ពោរពេញទៅដោយបញ្ហាច្រើន ដូចជា អំពើពុករលួយ ជម្លោះដីធ្លី ការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំ ការរំលោភសិទ្ធិមនុស្ស ការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ជាដើម។ បញ្ហានេះ ដោយសារតែពលរដ្ឋមានការយល់ដឹងទើបមានចលនាតស៊ូរើបម្រាស់ពីការគាបសង្កត់ទាំងនេះ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ ហៅថា ជាបដិវត្តន៍ផ្នត់គំនិត និងបានទាមទារដោយអហិង្សា៖ «»។
មន្ត្រីរដ្ឋាភិបាលជាច្រើនរូបធ្លាប់បានប្រកាសបង្ក្រាបពីសកម្មភាពណាមួយរបស់ប្រជាពលរដ្ឋទាក់ទងនឹងការធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាព បាតុកម្មទាមទារដោះស្រាយរឿងទំនាស់ដីធ្លី ឬបាតុកម្មរបស់គណបក្សប្រឆាំងជាដើម ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមានវាយបាក់ធ្មេញ រដ្ឋមន្ត្រីក្រសួងការងារ ព្រមានសំពងនឹងគល់ឫស្សីទៅលើក្រុមណាមួយដែលចង់ធ្វើបាតុកម្មដោយរដ្ឋាភិបាលចោទថា ចង់ធ្វើបដិវត្តន៍ពណ៌នោះ។ ក្រៅពីនេះ កូនប្រុសច្បងលោក ហ៊ុន សែន ដែលកំពុងតែក្ដោបក្ដាប់ទាហាននៅក្នុងដៃដែរនោះ ក៏ព្រមានបង្ក្រាបនូវរាល់សកម្មភាពបាតុកម្មគ្រប់រូបភាពដែលលោកអះអាងថា ជាទ្រង់ទ្រាយបដិវត្តន៍ពណ៌។
រីឯលោក ហ៊ុន សែន វិញ ដែលសហគមន៍ជាតិ អន្តរជាតិ ហៅលោកជាមេដឹកនាំផ្ដាច់ការនោះ ក៏ហៅពលរដ្ឋខ្លួនឯងដែលរស់នៅក្រោមរបបគាបសង្កត់របស់លោក និងបានទាមទារសិទ្ធិសេរីភាពនោះថា ជាក្រុមបដិវត្តន៍ពណ៌ដែរ ហើយលោកថែមទាំងសោកស្ដាយដែលមិនបានសម្លាប់បាតុករបក្សប្រឆាំងកាលពីឆ្នាំ២០១៣ និង ២០១៤ ទៀតផង៖ «»។
លោក ហ៊ុន សែន ជាប់ឈ្មោះជាមេដឹកនាំយូរជាងគេនៅលើពិភពលោក។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះបានឡើងកាន់អំណាចតាមរយៈការលើកបន្តុបដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។ ក្នុងរយៈពេល ៥អាណត្តិមកនេះ លោក ហ៊ុន សែន បានដឹកនាំប្រទេសដោយការប្រើល្បិចបំបែកបំបាក់ និងធ្វើទុក្ខបុកម្នេញគូប្រកួតរបស់លោក រហូតដល់មានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងការរំលាយគណបក្សប្រឆាំងចោលតែម្ដង។
ចំពោះអគ្គស្នងការនគរបាលជាតិវិញ នៅក្នុងពិធីបើកសន្និបាតបូកសរុបកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ នៅទីស្ដីការក្រសួងមហាផ្ទៃ បានបង្ហាញមោទនភាពដោយបានជួយប្រមូលឯកសារដើម្បីជ្រោមជ្រែងតុលាការកំពូល ឲ្យរំលាយគណបក្សសង្គ្រោះជាតិ ហាមឃាត់ក្បាលម៉ាស៊ីនបក្សប្រឆាំងឈប់ឲ្យធ្វើនយោបាយ ចាប់ខ្លួនមេបក្សប្រឆាំង ចាប់ខ្លួនមេបក្សអំណាចខ្មែរ និងចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់។
សៀវភៅ "ស" ដែលរៀបរៀងដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានរៀបរាប់ទៀតថា បណ្ដាញផ្សព្វផ្សាយព័ត៌មានវិញ មាននិន្នាការគាំទ្រគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុសំបុកឃ្មុំ និងបណ្ដាញសង្គមផ្សេងៗ ដូចជា Facebook, YouTube, និង Twitter បានផ្សព្វផ្សាយដោយសេរីនូវព័ត៌មានបំផ្លើសពាក់ព័ន្ធនយោបាយ និងសង្គម ដែលមានចរិតប្រឌិតញុះញង់។ ក្រៅពីនេះទៀត រដ្ឋាភិបាលក៏ចោទប្រកាន់អង្គការជាតិ អន្តរជាតិមួយចំនួនទៀតនៅក្រោយបក្សប្រឆាំងដែលជាក្រុមបដិវត្តន៍ពណ៌នេះដែរ ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអង្គការខុមហ្វ្រែល (COMFREL) ជាដើម។ របាយការណ៍នេះអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលាយរចនាសម្ព័ន្ធក្រុមបដិវត្តន៍ពណ៌ ដើម្បីពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
ទោះបីជាយ៉ាងនេះក្ដី អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន បានចេញផ្សាយរបាយការណ៍ថ្មីមួយ កាលពីចុងខែមករា ស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋឆ្នាំ២០១៧-២០១៨ ក្នុងប្រទេសចំនួន ១១៣ នៅទូទាំងពិភពលោក។ ប្រទេសកម្ពុជា ជាប់កេរ្តិ៍ឈ្មោះអាក្រក់ជាងគេលំដាប់ទីពីរ នៃការមិនគោរពនីតិរដ្ឋ និងចំណាត់ថ្នាក់ ១១២ ក្នុងចំណោមប្រទេសទាំង ១១៣ នេះ។
ការដាក់ចំណាត់ថ្នាក់នេះ សង្គមស៊ីវិលអះអាងថា ពិតជាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្នប្រាកដមែន ដោយសារតែក្រុមអ្នកមានអំណាច និងអ្នកមានលុយកាក់កំពុងរស់នៅលើច្បាប់ ចំណែកឯប្រជាពលរដ្ឋក្រីក្រតូចតាចត្រូវគ្រប់គ្រងដោយច្បាប់ និងរងគ្រោះដោយសារការអនុវត្តច្បាប់ដែលមានលក្ខណៈរឹតត្បិត។
បន្ថែមពីនេះទៀតនៅក្នុងរដ្ឋធម្មនុញ្ញមានមាត្រាចំនួន ៤ បានកំណត់ពីរបបគោលនយោបាយរបស់កម្ពុជា ដែលអនុម័តលើគោលនយោបាយប្រជាធិបតេយ្យ និងសេរីពហុបក្ស។ សិទ្ធិអំណាចទាំងអស់គឺជារបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចអនុវត្តន៍ សិទ្ធិអំណាចទាំងនេះ តាមរយៈរដ្ឋសភា រាជរដ្ឋាភិបាល និងតុលាការ។
រីឯសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋមានចំនួន ១៩ មាត្រា បានកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រទេសកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា និងសន្ធិសញ្ញាទាំងឡាយដែលទាក់ទងនឹងសិទ្ធិមនុស្ស ស្ត្រី និងកុមារ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងកាតព្វកិច្ចដូចគ្នា ដោយឥតប្រកាន់ពូជសាសន៍ និន្នាការនយោបាយជាដើម។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន ហើយគ្មានទោសប្រហារជីវិតឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រទេសមានរបបគ្របគ្រងតាមលទ្ធិប្រជាធិបតេយ្យ តែការអនុវត្តតាមលទ្ធិផ្ដាច់ការបក្សពួកនិយម គ្រួសារនិយម ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន មិនព្យាយាមដឹកនាំប្រទេសឲ្យតាមមាគ៌ាប្រជាធិបតេយ្យទេ តែបែរជាងាកមកខាំប្រជាពលរដ្ឋខ្លួនឯង ក្រោមហេតុផលបដិវត្តន៍ពណ៌ ប៉ុន្តែលោកបញ្ជាក់ថា បដិវត្តន៍ពណ៌នៅក្នុងប្រទេសមួយចំនួនក៏ដោយសារតែអំណាចគ្រប់គ្រងរដ្ឋផ្ដាច់ការនេះដែរ៖ «»។
នៅក្នុងសៀវភៅ "ស" ដដែលនេះ រដ្ឋាភិបាលបានចាត់ទុកបដិវត្តន៍ពណ៌ជាឧបករណ៍នយោបាយថ្មី និងជាយុទ្ធសាស្ត្រឈ្លានពានដោយមិនប្រើកម្លាំងយោធា ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិអះអាងថា រដ្ឋាភិបាលបង្ក្រាបប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងរំលាយគណបក្សប្រឆាំងថាជាបដិវត្តន៍ពណ៌នោះ គ្រាន់តែជាលេសដើម្បីបន្តអំណាចផ្ដាច់ការទៅមុខទៀតតែប៉ុណ្ណោះ ព្រោះថា នៅក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំមកនេះ ពោរពេញទៅដោយការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានកត់ត្រាពីបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ចាប់តាំងពីលោកបានកាន់តួនាទីជាមេបញ្ជាការទ័ពខ្មែរក្រហមក្នុងអំឡុងទសវត្ស៧០ ចំពោះការប្រព្រឹត្តប្រឆាំងជនជាតិចាម។ នៅក្នុងទសវត្ស៨០ ពេលលោកធ្វើជានាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការងារដោយបង្ខំ និងឃុំឃាំងមនុស្សជាប្រព័ន្ធ។ លុះដល់ទសវត្ស៩០ លោកបានពាក់ព័ន្ធនឹងការកាប់សម្លាប់មនុស្សក្រៅច្បាប់ក្នុងរដ្ឋប្រហារ ការគប់គ្រាប់បែកលើហ្វូងបាតុករ។ ក្នុងរយៈពេលចុងក្រោយនេះ លោកបានរារាំងដំណើរការរបស់សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមមិនគោរពគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោកហាក់បំភ្លេចចោលអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលរបស់លោកបានផ្ដល់សច្ចាប័ន រួមនឹងការគំរាមកំហែងជាច្រើនទៀតទៅអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល។ ស្របគ្នានេះកម្ពុជា ត្រូវបានរាយការណ៍ថា ប្រឈមនឹងបញ្ហាពុករលួយធ្ងន់ធ្ងរ រីឯលោក ហ៊ុន សែន មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែក្នុងរយៈពេលដែលលោកលេចមុខក្នុងតួនាទីដឹកនាំគិតពីឆ្នាំ១៩៧៩។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកវិភាគលើកឡើងថា ដោយសារតែរដ្ឋាភិបាលមានកំហុសជាច្រើនក្នុងការដឹកនាំរបស់ខ្លួន ហើយឃើញរបបផ្ដាច់ការនៅលើពិភពលោកបានដួលរំលំជាបន្តបន្ទាប់នេះហើយ ទើបលោក ហ៊ុន សែន ភ័យខ្លាចប្រទេសកម្ពុជា ឈានដូចប្រទេសផ្ដាច់ការទាំងនោះ ដែលពលរដ្ឋរបស់ខ្លួនងើបបះបោរទាមទារសិទ្ធិសេរីភាពតាមរយៈការធ្វើបដិវត្តន៍ ដូចជាបដិវត្តន៍ប៊ុលដូហ្ស័រ នៅយូហ្គោស្លាវី បដិវត្តន៍ផ្កាកុលាប នៅហ្សកហ្ស៊ី បដិវត្តន៍ពណ៌ទឹកក្រូចនៅអ៊ុយក្រែន បដិវត្តន៍ផ្កាម្លិះ នៅទុយណេស៊ី បដិវត្តន៍ដើមឈើ Cedar នៅលីបង់ បដិវត្តន៍ផ្កាទុយលីប នៅគីហ្សីហ្សីស្ដង់ (Kyrgyzstan) បដិវត្តន៍ពណ៌ខៀវ នៅគុយវ៉ែត បដិវត្តន៍ពណ៌ស្វាយ នៅអ៊ីរ៉ាក់ បដិវត្តន៍ពណ៌បៃតង នៅអ៊ីរ៉ង់ បដិវត្តន៍ផ្កាឈូកនៅអេហ្សីប និងបដិវត្តន៍ពណ៌នៅលីប៊ី បដិវត្តន៍នៅហុងកុង យេមែន ស៊ីរី បារ៉ែន ម៉ារ៉ុក និងបដិវត្តន៍នៅអាល់ហ្សេរី ។ល។ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment