Friday, 16 February 2018
"រដ្ឋាភិបាលកម្ពុជាប្រឹងកម្ចាត់សារព័ត៌មានដើម្បីរក្សាជ័យជំនះក្នុងការបោះឆ្នោតខាងមុខ"
ដោយ តាំង សារ៉ាដា
2018-02-14
rfa
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន ចុះបំពេញការងារកាលពីពេលកន្លងទៅ។
រូបឯកសារ
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ទទូចឱ្យអាជ្ញាធរកម្ពុជា ដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ (យាង សុជាមេត្តា) ឱ្យមានសេរីភាពឡើងវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសិទ្ធិបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត (Internet)។ ការអំពាវនាវរបស់អង្គការអន្តរជាតិនេះ ធ្វើឡើងដោយសារពួកគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើទុក្ខបុកម្នេញសំឡេងឯករាជ្យ និងឃុំខ្លួនអតីតអ្នកសារព័ត៌មានដោយខុសច្បាប់។
អង្គការអ្នករាយការណ៍គ្មានព្រំដែន អះអាងថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដូចជាការប្រើអំពើហិង្សា ការបំភិតបំភ័យ និងការបិទស្ថាប័នព័ត៌មានក្នុងគោលដៅបំបិទសំឡេងរិះគន់ ដើម្បីធានាថា ខ្លួននឹងឈ្នះការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ។
ការរិះគន់ចំៗរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន នេះ ធ្វើឡើងតាមរយៈរបាយការណ៍ស៊ើបអង្កេតមួយកម្រាស់ ២៧ទំព័រ ស្ដីពីកម្ពុជា ដែលមានចំណងជើងថា “សារព័ត៌មានឯករាជ្យកំពុងស្ថិតនៅក្នុងភាពមហន្តរាយ”។
អង្គការអន្តរជាតិផ្នែកសេរីភាពសារព័ត៌មានមួយនេះ លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ បានបង្ហាញឱ្យឃើញអំពីដំណើរបោះពួយយ៉ាងលឿនបំផុតរបស់គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដែលឈ្នះឆ្នោតដល់ទៅ ៤៦ភាគរយ។
លោក យាង សុធារិន្ទ [យាង សុជាមេត្តា] (ស្ដាំ) សម្របសម្រួលកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។ RFA Photo: RFA
លទ្ធផលបោះឆ្នោតដ៏ប្រកៀកប្រកិតគ្នាបែបនេះ គឺជាការគំរាមកំហែងដល់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាច្រើនទសវត្សមកហើយនោះ។ ហេតុដូចនេះហើយ ទើបលោក ហ៊ុន សែន សម្រេចចិត្តត្រូវតែទប់ស្កាត់តាមរយៈចំណាត់ការគ្រប់បែបយ៉ាងតាមប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានការិយាល័យប៉ាស៊ីហ្វិក នៃអង្គការអ្នករាយការណ៍គ្មានព្រំដែន លោក ដានីញ៉ែល បាសស្តាដ (Daniel Bastard) មានប្រសាសន៍ថា ទន្ទឹមនឹងការកម្ចាត់បក្សប្រឆាំង របបលោក ហ៊ុន សែន សព្វថ្ងៃកំពុងប្រើប្រាស់យុទ្ធសាស្ត្រដ៏សាមញ្ញមួយទៅលើប្រព័ន្ធផ្សព្វផ្សាយ នោះគឺ “នៅជាមួយយើង ឬមួយប្រឆាំងនឹងយើង”។ លោកបន្តថា របបក្រុងភ្នំពេញ កំពុងដំណើរការហាមឃាត់ រារាំង និងគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងអស់ដែលមិនព្រមធ្វើតាមបន្ទាត់ដែលអាជ្ញាធរគូសឱ្យដើរ ហើយនិងកំពុងពឹងពាក់ប្រព័ន្ធឃោសនាស្តាប់បង្គាប់ និងអ្នកសារព័ត៌មានដែលស្តាប់បញ្ជា ដើម្បីជួយស្វែងរកជោគជ័យក្នុងការបោះឆ្នោតឱ្យខ្លួន។
លោក ដានីញ៉ែល បាសស្តាដ បន្ថែមទៀតថា បន្ទាប់ពីគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ និងបិទសំឡេងសារព័ត៌មានឯករាជ្យរួចរាល់ហើយ រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ នឹងចុកមាត់អ៊ិនធឺណិត មួយទៀត ដើម្បីបំពេញការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន និងដំណឹងនានា នៅមុនការបោះឆ្នោតមកដល់។
អង្គការអ្នករាយការណ៍គ្មានព្រំដែន រកឃើញថា គ្រាន់តែក្នុងចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រមាណ ២៥ស្ថាប័ន ត្រូវបានបិទ ឬផ្អាកសកម្មភាពផ្សាយតាមរលកធាតុអាកាស។ ស្ថាប័នទាំងនោះរួមមានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុអាស៊ីសេរី និងស្ថានីយវិទ្យុ FM ក្នុងស្រុកជាច្រើនទៀត ដែលទទួលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។
កាន់តែធ្ងន់ធ្ងរជាងនេះ គឺរបបក្រុងភ្នំពេញ បានយាយី និងធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានឯករាជ្យជាច្រើននាក់ តាមរយៈការប្ដឹងទៅតុលាការ និងចាប់ឃុំខ្លួនដោយចោទពីបទធ្វើចារកម្មជាដើម។
អ្នកដែលត្រូវបានប្ដឹងទៅតុលាការ គឺលោក អូន ភាព និងលោក ភីធើរ ហ្សមប៊រ (Peter Zsombor) ដែលជាអតីតអ្នកកាសែត ខេមបូឌា ដេលី។ ចំណែកអ្នកដែលត្រូវបានចាប់ឃុំខ្លួនពីបទចារកម្មវិញ រួមមានអ្នកកាសែតជនជាតិអូស្ត្រាលី លោក ជេមស៍ រីកឃិតសាន់ (James Ricketson) និងអតីតអ្នកយកព័ត៌មានអាស៊ីសេរី ២រូប គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដោយពួកគាត់ជាប់ចោទពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ”។
អង្គការអ្នករាយការណ៍គ្មានព្រំដែន ទាមទារឱ្យអាជ្ញាធរកម្ពុជា ដោះលែងលោក អ៊ួន ឈិន លោក យាង សុធារិន្ទ និងអ្នកកាសែតជនជាតិអូស្ត្រាលី ដែលកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌នោះឱ្យមានសេរីភាពឡើងវិញ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកកាសែត ខេមបូឌា ដេលី ផងដែរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលការលើកឡើងរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ដោយថា វាគ្រាន់តែជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ លោកអះអាងថា រាល់ចំណាត់ការរបស់រដ្ឋាភិបាលទៅលើស្ថាប័នព័ត៌មានទាំងនោះ គឺជាការអនុវត្តតាមច្បាប់។ ទាក់ទងនឹងការអំពាវនាវឱ្យដោះលែងអតីតអ្នកសារព័ត៌មានអាស៊ីសេរី ទាំងពីររូបនោះវិញ លោកបញ្ជាក់ថា ជារឿងមិនអាចទៅរួចនោះឡើយ ព្រោះសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ៖ «»។
ផ្ទុយពីការបកស្រាយរបស់លោក ផៃ ស៊ីផាន និពន្ធនាយកកាសែត ខ្មែរ ថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា យល់ឃើញថា ការរកឃើញរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ឆ្លុះបញ្ចាំងអំពីការពិតទាក់ទងនឹងវិស័យសារព័ត៌មាននៅកម្ពុជា។ អ្នកសារព័ត៌មានឯករាជ្យរូបនេះអះអាងថា បើមើលតែសំបកក្រៅ នោះសេរីភាពសារព័ត៌មាននៅកម្ពុជា ហាក់ដូចជាទូលាយ ព្រោះស្ថាប័នព័ត៌មានមានចំនួនច្រើន តែលោកថា ច្រើនតែបរិមាណប៉ុណ្ណោះ តែខ្វះគុណភាព។ លោកថា អ្នកសារព័ត៌មានដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ នៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការយាយី និងធ្វើទុក្ខបុកម្នេញជាដើម ជាពិសេសនៅអំឡុងចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ នេះ៖ «»។
គិតចាប់តាំងពីឆ្នាំ១៩៩២ មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន ១៤នាក់ហើយ ដែលត្រូវបានឃាតកសម្លាប់នៅកម្ពុជា ហើយសំណុំរឿងឃាតកម្មទាំងនោះកម្រនឹងមានយុត្តិធម៌ណាស់។ អ្នកសារព័ត៌មានដែលត្រូវបានគេធ្វើឃាតទាំងនោះ ភាគច្រើនជាអ្នកសរសេរព័ត៌មានរិះគន់រដ្ឋាភិបាល និងបរិហារការធ្វើជំនួញខុសច្បាប់របស់មន្ត្រីមានអំណាច និងក្រុមឈ្មួញទុច្ចរិត។
អង្គការអ្នករាយការណ៍គ្មានព្រំដែន ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បើកឱ្យមានសេរីភាពសារព័ត៌មានឡើងវិញ និងធានាការគោរពសេរីភាពនេះ ព្រមទាំងកែប្រែច្បាប់ពាក់ព័ន្ធនានា ដើម្បីឱ្យអ្នកសារព័ត៌មានមានសេរីភាពបំពេញការងារដោយគ្មានឧបសគ្គ។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាវិញ អង្គការអ្នករាយការណ៍គ្មានព្រំដែន អំពាវនាវដល់អ្នកធ្វើការក្នុងវិស័យនេះទាំងអស់ ឱ្យខិតខំលើកស្ទួយការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបង្ហាញសាមគ្គីភាពនៅពេលរងការវាយប្រហារ។
អង្គការអន្តរជាតិមួយនេះ ក៏អំពាវនាវដល់ដៃគូអភិវឌ្ឍន៍របស់កម្ពុជាដែរ រួមមានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងសមាគមអាស៊ាន ជាដើម ឱ្យដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីធានាថា សេរីភាពសារព័ត៌មាននឹងត្រូវបានអនុវត្តដោយពេញលេញនៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment