Thursday 8 February 2018

តំណាងរាស្ត្រ​អាមេរិក​ឲ្យ​បក្ស​ប្រឆាំង​ប្រញាប់​បញ្ជូន​ឈ្មោះ​មន្ត្រី​កម្ពុជា​មក​សភា​អាមេរិក


ដោយ តាំង សារ៉ាដា
2018-02-06

rfa
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo: RFA



តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ប្រញាប់​បញ្ជូន​ឈ្មោះ​បុគ្គល ឬ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្សប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា ដែល​ចូលរួម​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រុម​មន្ត្រី​បក្ស​សង្គ្រោះជាតិ​អះអាង​ថា ពួកគេ​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​ជិត​ចប់​ហើយ ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​អាមេរិក​នៅ​ពេល​ដ៏​ឆាប់​ខាងមុខ។



តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ថិត យ៉ូហូ (Ted Yoho) បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពន្លឿន​ការ​បញ្ជូន​ឈ្មោះ ក្រុម​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​គោលការណ៍ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ ឲ្យ​រដ្ឋសភា​របស់​អាមេរិក​ឲ្យ​បាន​ឆាប់ៗ ដើម្បី​អាច​ឲ្យ​រដ្ឋសភា​អាមេរិកាំង​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ទៅលើ ក្រុម​មនុស្ស​ទាំងនោះ។

លោក ថិត យ៉ូហូ (Ted Yoho) បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាលពី​ថ្ងៃ​អង្គារ​ទី៦ កុម្ភៈ​ថា ទណ្ឌកម្ម​ដែល​រដ្ឋសភា​អាមេរិក​កំពុង​ពិចារណា ចាត់វិធានការ​ទៅលើ​ក្រុម​មន្ត្រី​នៃ​របប​ដឹកនាំ​លោក ហ៊ុន សែន នោះ អាច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​កំពុង​ដាក់​តម្កល់​នៅ​បរទេស៖ «យើង​កំពុងតែ​ប្រមូល​បញ្ជី​ឈ្មោះ​ហ្នឹង​នៅឡើយ។ នៅ​ពេល​ដែល​បញ្ជី​ហ្នឹង​រៀបចំ​សព្វគ្រប់​អស់ហើយ គឺ​យើង​នឹង​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងអស់​នោះ ដើម្បី​អោយ​ពួកគាត់​រាងចាល​ឈប់​ធ្វើបាប​ពួក​ប្រជាធិបតេយ្យ​ទៀត»។

ទោះជា​យ៉ាងណាក៏ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ប្រកាស​ហើយ​ថា ពួកគេ​មិន​ខ្វល់​អំពី​ការ​គំរាម​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​នោះ​ទេ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​ឆ្នាំ​២០១៧ បាន​អះអាង​ថា លោក​គ្មាន​លុយ​ដាក់​តម្កល់​នៅ​បរទេស​នោះ​ទេ។ លោក​បន្ត​ថា លុយ​ដែល​លោក​មាន គឺ​សម្រាប់​សាងសង់ ផ្លូវ សាលារៀន និង​អណ្ដូងទឹក ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​ស្ដីបន្ទោស​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ថា មានតែ​មន្ត្រី​ដែល​ល្ងង់​ទេ ដែល​យក​លុយ​ទៅ​ដាក់​បរទេស៖ «យើង​អត់​ត្រូវការ​ទៅ​តាម​ថា​នែ គេ​បង្កក​ទ្រព្យសម្បត្តិ។ បង្កក​ក៏​បង្កក​ទៅ យក​ទៅ អ្នកឯង​ចង់​ឆក់​ប្លន់​ទ្រព្យសម្បត្តិ ក៏​ឆក់​យក​ទៅ ហើយ​អ្នកណា​ភ្លើ​យក​លុយ​ទៅ​ទុក​នៅ​ក្រៅ​ប្រទេស គេ​មាន​យក​ទៅ។ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​គេ​យក​ថែមទៀត។ ខ្ញុំ​សុខចិត្ត​ផ្ញើ​នៅ​សាលារៀន ឲ្យ​ក្មួយ​ៗ​រៀន​ហើយ។ ផ្ញើ​នៅ​វត្ត​អារាម​អោយ​ចាស់ៗ​សុំ​សីល​ហើយ»។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចង់​បាន​បញ្ជី​ឈ្មោះ​ក្រុម​ជន​រំលោភ​សិទ្ធិ​មនុស្ស របស់​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក កិច្ចការ​តំបន់​អាស៊ី​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​នោះ​ដែរ មន្ត្រី​ជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ របស់​ក្រុម​ជន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជិត​បញ្ចប់​ជា​ស្ថាពរ​ហើយ។ ក្រុម​នេះ​និយាយ​ថា ពួកគេ​នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​នេះ​ទៅ រដ្ឋសភា ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។

ប្រភព​អះអាង​ថា ឈ្មោះ​មន្ត្រី និង​បុគ្គល​ដែល​បាន​ចងក្រង​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ របស់​គណបក្ស​សង្គ្រោះជាតិ​នេះ រាប់​ចាប់​តាំង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​កូនៗ របស់​លោក​ទាំងអស់។ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋលេខាធិការ​ជាច្រើន​រូប​ទៀត និង​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

នៅ​ក្នុង​បញ្ជី​នេះ​ក៏​មាន​រាយ​ឈ្មោះ​អាជ្ញាធរ ដែនដី រួមមាន​អភិបាលខេត្ត រាជធានី អភិបាល ក្រុង ស្រុក ខណ្ឌ រួមមាន​លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ លោក ឃួង ស្រេង អភិបាលក្រុង​ភ្នំពេញ លោកប៉ា សុជាតិវង្ស និង លោក កែប ជុតិម៉ា អតីត​អភិបាលក្រុង​ភ្នំពេញ។ បញ្ជី​នេះ​ក៏​មាន​រាប់បញ្ចូល​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ ជាពិសេស ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលា​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល។

ជាង​នេះ​ទៅ​ទៀត​ក៏​មាន មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​រួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ចាប ភក្តី មេបញ្ជាការ​កងពលតូច​ឆ័ត្រយោង ៩១១ លោក គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មនុស្ស​ជាច្រើន​ទៀត។

ចំណែក​ខាង​នគរបាល​វិញ​រួមមាន នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុត ប្រធាន​នាយកដ្ឋាន​អង្គរក្ស លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង លោក គាត ចាន់ថារិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។

ខណៈ​កំពុង​រង់ចាំ​បញ្ជី​ឈ្មោះ​បន្ថែម​នេះ រដ្ឋាភិបាល​អាមេរិក​ចាប់ផ្ដើម ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ជា​បណ្ដើរ​ហើយ។ វិធានការ​អាមេរិក ដំបូង​មាន​ដូច​ជា​ហាមឃាត់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​ផ្អាក​ជំនួយការ​បោះឆ្នោត​ទាំងស្រុង។

ក្រៅពី​ការ​ចង់​បាន​ឈ្មោះ​ក្រុម​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន ទាំង​នេះ​ហើយ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​លោក ថិត យ៉ូហូ បញ្ជាក់​ថា រដ្ឋសភា​អាមេរិក​នឹង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ។ លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ធ្វើឡើង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ពី​ខាង​គណបក្ស​ទាំងពីរ​ក្នុង​សហរដ្ឋអាមេរិក៖ «យើង​ធ្វើ​អ្វី​ទៅតាម​សេចក្ដី​សម្រេច​របស់​លោក ចន ម៉ាកឃែន (John McCain) ដែល​បាន​សម្រេច​នៅ​ព្រឹទ្ធសភា​រួចហើយ។ យើង​ចង់​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា យើង​មិន​ចង់​ឲ្យ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​តែ​បក្ស​មួយ​នោះ​ទេ»។

លោក​បន្ត​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​វិធានការ​ក្ដៅ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ដាក់ទោស​ទណ្ឌ​ទៅលើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ដែល​រារាំង​មិន​អោយ​មានដំណើរ​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឲ្យ​ពួកគេ​រាងចាល​ហើយ​ងាក​មក​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ៕

1 comment:

Anonymous said...

ចុះអា សុខឥសាន្ទ វិញ? Oh I see they want to keep him as a hostage​ because he has too much moneys in the U.S? lol!!!